ក្រោយគណបក្សប្រជាធិបតេយ្យជឿនលឿនតៃវ៉ាន់ដែលមានទំនោរទៅកាន់សហរដ្ឋអាមេរិកនិងលោកសេរីជាប់ឆ្នោតភ្លាម ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសៅរ៍ទី១៣ ខែមករាឆ្នាំ២០២៤ បាននិយាយថាសហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ទេ។
លទ្ធផលបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់កាលពីថ្ងៃសៅរ៍បង្ហាញថា អ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលប្រទេសចិននិងបានផ្តល់ឱ្យគណបក្សកំពុងកាន់អំណាចនូវអាណត្តិប្រធានាធិបតីទី៣ជាប់ៗគ្នា។
នៅព្រឹកថ្ងៃដដែលបេក្ខជនប្រធានាធិបតីនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យជឿនលឿន (DPP) គឺលោក Lai Ching-te បានឡើងកាន់អំណាចហើយបានច្រានចោលការគាបសង្កត់ពីសំណាក់ចិនទៅលើរូបលោកហើយបានសន្យាថានឹងក្រោកឈរតទល់នឹងទីក្រុងប៉េកាំងរួមទាំងស្វែងរកកិច្ចចរចាផងដែរ។
ឆ្លើយតបទៅនឹងសំណួរអំពីចំណាប់អារម្មណ៍អំពីការបោះឆ្នោតកាលពីថ្ងៃសៅរ៍ លោកបៃឌិន បាននិយាយថា៖ «យើងមិនគាំទ្រឯករាជភាពទេ»។
តៃវ៉ាន់ជាកោះដែលចិនអះអាងថាជារបស់ខ្លួនបានឃើញពន្លឺនៃភាពជោគជ័យផ្នែកលទ្ធិប្រជាធិបតេយ្យចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៩៦ ហើយកោះមួយនេះបានក្លាយជាចំណុចក្តៅបំផុតមួយនៃការតស៊ូជាច្រើនទសវត្សរ៍ប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការនិងច្បាប់អាជ្ញាសឹកពីសំណាក់ចិន។
នាប៉ុន្មានឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិនិងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយកោះនេះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) បានអបអរសាទរលោក Lai Ching-te ចំពោះជ័យជម្នះរបស់គាត់ហើយបាននិយាយថាសហរដ្ឋអាមេរិក៖«ប្តេជ្ញារក្សាសន្តិភាពនិងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រនិងដំណោះស្រាយដោយសន្តិវិធីដោយមិនមានការបង្ខិតបង្ខំនិងការគាបសង្កត់»។
លោក ប្ល៊ីនកែន បានបន្តថាសហរដ្ឋអាមេរិកទន្ទឹងរង់ចាំធ្វើការជាមួយលោក Lai និងមេដឹកនាំនៃភាគីទាំងអស់នៅតៃវ៉ាន់ដើម្បីជំរុញទំនាក់ទំនងរបស់ពួកគេនិងឱ្យស្របតាមគោលនយោបាយចិនតែ១ របស់សហរដ្ឋអាមេរិក។
ក្នុងការបោះឆ្នោតនេះរដ្ឋបាលលោក បៃឌិន មានការភ័យខ្លាចថាការបោះឆ្នោតការផ្លាស់ប្តូរនិងរដ្ឋបាលថ្មីអាចនឹងធ្វើឱ្យជម្លោះកាន់តែកើនកម្តៅឡើងជាមួយទីក្រុងប៉េកាំង។
លោក បៃដិន បានធ្វើកិច្ចការជាច្រើនដើម្បីធ្វើឱ្យទំនាក់ទំនងអាមេរិកជាមួយប្រទេសចិនមានភាពប្រសើរឡើងរួមទាំងការយល់ព្រមក្នុងការពិភាក្សាគ្នាលើបញ្ហាសន្តិសុខនៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋកាលីហ្វ័រនីញ៉ាជាមួយប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) កាលពីខែវិច្ឆិកាឆ្នាំ២០២៣ ទៀតផង៕