តៃវ៉ាន់បានប្រាប់ប្រទេសចិនកាលពីថ្ងៃទី១៤ ខែមករា ឱ្យ«ប្រឈមការពិត» និងគោរពលទ្ធផលនៃការបោះឆ្នោតដែលខ្លួនទើបបញ្ចប់កាលពីថ្ងៃសៅរ៍ ដែលបង្ហាញថា គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលមាន លោក Lai Ching-te ជាប្រធានាធិបតី បានឈ្នះការបោះឆ្នោតយ៉ាងច្រើន។
អ្នកបោះឆ្នោតភាគច្រើនរហូតដល់ជាង ៥,៥ លាននាក់ឬជាង ៤០ ភាគរយ បានបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចដែលមានប្រវត្តិមិនស៊ីសង្វាក់ជាមួយចិនប៉េកាំង ខណៈគណបក្សពីរទៀតទទួលបានតែជាង ៣៣ ភាគរយ និងជាង ២៦ ភាគរយផ្សេងៗគ្នា។
ប្រជាជនតៃវ៉ាន់បានបដិសេធការអំពាវនាវម្តងហើយម្តងទៀតរបស់ក្រុងប៉េកាំងកុំឲ្យបោះឆ្នោតឱ្យលោក Lai ដោយផ្តល់នូវជ័យជម្នះដ៏សុខស្រួលសម្រាប់បុរសដែលបក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់ចិនមើលឃើញថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។
ទីក្រុងប៉េកាំងបានទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលលះបង់កម្លាំងដើម្បីនាំយកវាមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ តៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន ដោយលើកឡើងថា អនាគតតៃវ៉ាន់គឺអាស្រ័យប្រជាជនតៃវ៉ាន់។
ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងជ័យជម្នះរបស់លោក Lai ដោយនិយាយថា ខ្លួននឹងមិនផ្លាស់ប្តូរ «និន្នាការជៀសមិនរួចនៃការបង្រួបបង្រួមរបស់ប្រទេសចិន» នោះទេ។
លោក Lai មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច (DPP) បានប្តេជ្ញាការពារកោះនេះពី «ការបំភិតបំភ័យ» របស់ប្រទេសចិន ហើយនៅថ្ងៃទី១៤ ខែមករា ក្រសួងការបរទេសរបស់កោះតៃវ៉ាន់បានប្រាប់ទីក្រុងប៉េកាំងឱ្យទទួលយកលទ្ធផលនេះ។
សេចក្តីថ្លែងការណ៍មួយបានលើកឡើងថា៖«ក្រសួងការបរទេសអំពាវនាវឱ្យអាជ្ញាធរក្រុងប៉េកាំងគោរពលទ្ធផលបោះឆ្នោត ប្រឈមមុខនឹងការពិត និងបោះបង់ការគាបសង្កត់តៃវ៉ាន់ ដើម្បីឱ្យអន្តរកម្មឆ្លងច្រកសមុទ្រវិជ្ជមានត្រឡប់ទៅរកផ្លូវត្រូវ»។
គណៈប្រតិភូអាមេរិកមិនផ្លូវការដែលបានបញ្ជូនដោយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden នឹងមកដល់ក្រុងតៃប៉ិនៅថ្ងៃទី ១៤ខែមករា ដែលជាវិធានការមួយដែលប្រាកដថានឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ។
ស្ថានទូតអាមេរិកប្រចាំកោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូ រួមទាំងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងអតីតអនុរដ្ឋមន្ត្រី នឹងជួបជាមួយ «ឥស្សរជននយោបាយឈានមុខជាច្រើន»របស់តៃវ៉ាន់នៅថ្ងៃទី១៥ខែមករា៕