ស្ថានទូតចិននៅប្រទេសជប៉ុន នៅថ្ងៃអាទិត្យទី ១៤ ខែមករា ឆ្នាំ ២០២៤ នេះបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតជុំវិញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ដែលអបអរសាទរប្រធានាធិបតីជាប់ឆ្នោតរបស់តៃវ៉ាន់លោក Lai Chingte។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃសៅរ៍បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ត្រូវបានប្រកាសលោកស្រី Kamikawa បានអបអរសាទរចំពោះជ័យជម្នះរបស់លោក Lai និងហៅកោះតៃវ៉ាន់ដែលចិនតែងទាមទារនោះថា៖«ជាដៃគូ និងជាមិត្តដ៏សំខាន់បំផុត»។
បើតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនាថ្ងៃអាទិត្យលើគណនី WeChat ផ្លូវការ របស់ស្ថានទូតចិនប្រចាំប្រទេសជប៉ុនដោយមិនលើកឡើងអំពីឈ្មោះអនាគត ប្រធានាធិបតីតៃវ៉ាន់ឬការទទួលស្គាល់ជ័យជម្នះនោះឡើយ តែស្ថានទូតចិនបានពណ៌នាការអត្ថាធិប្បាយរបស់លោកស្រី Kamikawa ថាជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ស្ថានទូតបានលើកឡើងថា៖ «យើងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងដាច់ខាតចំពោះរឿងនេះ»។
ជប៉ុនក៏ដូចប្រទេសភាគច្រើនដែរពោលគឺមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ។ ក៏ប៉ុន្តែជប៉ុនក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក ជាប្រទេសដែលគាំទ្រដ៏សំខាន់បំផុតរបស់តៃវ៉ាន់និងមានភាពជិតស្និទ្ធជាមួយកោះនេះហើយក៏ពាក់ព័ន្ធនឹងភាពតានតឹងជាច្រើននាពេលថ្មីៗនេះក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនដែលជំរុញឱ្យទីក្រុងតូក្យូត្រូវបន្តរក្សាទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយតៃវ៉ាន់៕