ប្រទេសអូស្ត្រាលី ដែលកំពុងទទួលរងឥទ្ធិពលបាតុភូតធាតុអាកាស អែលនីណូ (El Nino) ដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃដ៏ខ្លាំង កំពុងដាក់ពង្រាយភ្នាក់ងារពន្លត់អគ្គិភ័យ ព្រមទាំងព្រមានពីគ្រោះថ្នាក់ដ៏ឆាប់រហ័សពីការរីករាលដាលលឿនរបស់ភ្លើង។
អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ នាថ្ងៃអាទិត្យទី ១៤ មករា កំពុងប្រយុទ្ធពន្លត់ភ្លើងឆេះព្រៃដែលគេគ្រប់គ្រងលែងបាននៅជិតរដ្ឋធានីភើតស៍ (Perth) ខាងលិចប្រទេសអូស្ត្រាលី ខណៈអាជ្ញាធរជំរុញឱ្យប្រជាជនដែលរស់នៅតំបន់ងាយទទួលរងគ្រោះថ្នាក់ពីហានិភ័យនេះ ភៀសខ្លួនចេញឱ្យបានកាន់តែឆាប់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យោងតាមអាជ្ញាធរពន្លត់អគ្គិភ័យ ភ្លើងឆេះព្រៃច្រើនជាង ២៥ កន្លែង កំពុងលុកលុយទូទាំងរដ្ឋអូស្ត្រាលីខាងលិចនៅថ្ងៃអាទិត្យនេះ ដោយប្រជាជននៃកូនក្រុងជនបទ Gingin និងក្បែរកូនក្រុង Chittering ដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងភើតស៍ កំពុងប្រឈមនឹងហានិភ័យនៃភ្លើងឆាបឆេះយ៉ាងលឿន។
អូស្ត្រាលីកំពុងចូលទៅដល់រដូវហានិភ័យនៃភ្លើងឆេះព្រៃខ្ពស់ ដោយសារតែបាតុភូតធាតុអាកាស អែលនីណូ (El Nino) ដែលនាំមកនូវព្យុះស៊ីក្លូន គ្រោះរាំងស្ងួត រលកកម្ដៅ និងភ្លើងឆេះព្រៃ នៅតាមផ្នែកផ្សេងៗនៃប្រទេសមួយនេះ។
អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យ និងសេវាសង្គ្រោះបន្ទាន់របស់រដ្ឋអូស្ត្រាលីខាងលិច បាននិយាយថា អ្នកពន្លត់អគ្គិភ័យចំនួន ២៤០ នាក់ កំពុងប្រយុទ្ធនឹងគ្រោះអគ្គិភ័យ ដែលស្ថិតក្នុងកម្រិតអាសន្ន ដែលជាកម្រិតគំរាមកំហែងខ្ពស់បំផុត។
ទីភ្នាក់ងារនេះ បានព្រមានប្រជាជនដែលប្រឈមនឹងហានិភ័យខ្ពស់ នៅលើគេហទំព័ររបស់ខ្លួនថា៖«សូមចាកចេញឥឡូវនេះភ្លាមទៅកន្លែងមានសុវត្ថិភាពជាង»។
ភ្លើងឆេះព្រៃដែលបានរាលដាលលើផ្ទៃព្រៃទំហំ ៤១៧ ហិកតា បានឆាបឆេះឡើងកាលពីថ្ងៃសៅរ៍។ អ្នកព្យាករណ៍ធាតុអាកាសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ បានចេញការព្រមានមួយពី «គ្រោះថ្នាក់ភ្លើងឆេះខ្លាំង» នៅក្នុងតំបន់មួយចំនួននៃរដ្ឋអូស្ត្រាលីខាងលិច ចំពេលមានការជូនដំណឹងអំពីរលកកម្ដៅចាប់តាំងពីថ្ងៃសៅរ៍មក។
ភ្លើងឆេះព្រៃក្នុងលក្ខណៈធ្ងន់ធ្ងរតែងតែកើតមានជាញឹកញាប់នៅប្រទេសអូស្ត្រាលី ខណៈអ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ទៅៗ។
យ៉ាងណាមិញ រដូវភ្លើងឆេះ ២ ចុងក្រោយរបស់ប្រទេសអូស្ត្រាលីមានភាពស្ងប់ស្ងាត់ បើធៀបនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ឈ្មោះថា «Black Summer» កាលឆ្នាំ ២០១៩-២០២០ ដែលភ្លើងបានឆាបឆេះទូទាំងប្រទេសអូស្ត្រាលីដែលមានទំហំផ្ទៃដីប៉ុនប្រទេសតួកគី និងបានសម្លាប់មនុស្សយ៉ាងតិច ៣៣ នាក់និងបង្កមហន្តរាយបរិស្ថាន៕