​សង្គ្រាម​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​ បាន​ឈានដល់​រយៈពេល ​១០០​ ថ្ងៃ​ហើយ​ដែល​ក្នុង​រយៈពេល​នេះ​ភាព​ខ្ទេចខ្ទាំ​ជាច្រើន​បាន​កើតមានឡើង​ដែលនាំឱ្យ​មាន​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង​ក្លា​ជាស​កល​។​

​ខាងក្រោម​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​សង្គ្រាម​ ១០០​ ថ្ងៃ​ដែលជា​សោកនាដកម្ម​ធ្ងន់ធ្ងរ​។ នៅ​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២៣ ខ្មាន់កាំភ្លើង​ក្រុម​ហា​ម៉ាស់​បាន​វាយលុក​ចូល​ទឹកដី​អ៊ី​​ស្រា​អែល​ភាគខាងត្បូង​ពី​តំបន់​ហ្គា​ហ្សា​និង​បាន​វាយលុក​តាម​សហគមន៍​នានា​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​ ១ ២០០​ នាក់ និង​ចាប់​ចំណាប់ខ្មាំង​ចំនួន ​២៤០ ​នាក់​ត្រឡប់​ទៅ​តំបន់​ហ្គា​ហ្សា​វិញ​។​

​ថ្ងៃទី​ ៨ ខែតុលា ក្រុម​ហេស​បូ​ឡា​ហ៍​របស់​ប្រទេស​លី​បង់រួម​នឹង​ក្រុម​ហា​ម៉ាស់​ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ី​រ៉ង់​ចាប់ផ្តើម​ការវាយប្រហារ​គ្រាប់ផ្លោង​ឆ្លង​ព្រំដែន​ប្រឆាំងនឹងអ៊ី​ស្រា​អែល​។ នៅ​ថ្ងៃទី ១៣ ខែតុលា អ៊ី​​ស្រា​អែល​ប្រាប់​ឱ្យ​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ហ្គា​ហ្សា​ប្រមាណ ១​ លាន​នាក់​ជម្លៀស​ខ្លួន​ចេញទៅ​ភាគខាងត្បូង​ដោយហេតុថា អ៊ី​​ស្រា​អែល​នឹង​ចាប់ផ្ដើម​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា​ភាគ​ខាងជើង​។​

​ថ្ងៃទី​ ១៧ ខែតុលា ការ​បំផ្ទុះ​គ្រាប់បែក​ពីលើ​អាកាស​ចំ​មន្ទីរ​ពេទ្យ al-Ahli al-Arabi Baptist ក្នុង​ទីក្រុង​ហ្គា​ហ្សា​ដែល​បាន​បង្កឱ្យមាន​កំហឹង​នៅក្នុង​ពិភព​អារ៉ាប់​។ ភាគី​ប៉ា​ឡេ​ស្ទី​ន​និយាយថា មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​និង​បន្ទោ​សអ៊ី​​ស្រា​អែល​ប៉ុន្តែ​អាមេរិក​បែរជា​បង្ហាញ​ការ​​គាំទ្រ​អ៊ី​​ស្រា​អែល​។​​ការបង្ហាញ​ការគាំទ្រ​នេះ នាំទៅដល់​ការរំសាយ​ដំណើរ​ទស្សន​កិច្ច​របស់លោក ចូ បៃ​ឌិន ប្រ​​ធានា​ធិបតី​សហរដ្ឋអាមេរិក​ទៅ កាន់​អារ៉ាប់​។​

​ថ្ងៃទី ​១៩​ ខែតុលា នាវាចម្បាំង របស់​កងទ័ពជើងទឹក​អាមេរិក​ស្ទាក់ចាប់​មី​ស៊ី​ល​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​បាញ់​ចេញពី​ប្រទេស​យេ​ម៉ែន​លើ​សមុទ្រ​ក្រហម​ក្នុងទិសដៅ​ទៅកាន់​ប្រទេស​អ៊ី​​ស្រា​អែល​។​

​ក្រុម​ហ៊ូ​ធី និង​ក្រុម​ហា​ម៉ាស់​ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ី​​រ៉ង់​បាន​បន្ត​ការវាយប្រហារ​រយៈពេល​វែង​លើ​អ៊ី​​ស្រា​អែល និង​បាន​ឈានដល់​ការ​វាយឆ្មក់​លើ​នាវា​ជញ្ជូន​តាម​សមុទ្រ​ក្រហម​។​
​ថ្ងៃទី ​២៧​ ខែតុលា​គឺ​មួយ​សប្ដាហ៍​បន្ទាប់ពី​ការវាយលុក​ហាក់​បាន​ស្រាកស្រាន្ត​ទៅហើយនោះ​បែរជា​កក្រើក​ឡើងជា​ថ្មី​ដោយ​អ៊ី​​ស្រា​អែល​ប្ដេជ្ញា​ធ្វើឱ្យ​ក្រុម​ហា​ម៉ាស់​ដោះលែង​ប្រជាជន​របស់ខ្លួន​ទាំងអស់​។​

​ថ្ងៃទី​ ៣១ ខែតុលា​៖​ទាហាន​អ៊ី​​ស្រា​អែល ​១៥ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​នា​តំបន់​ហ្គា​ហ្សា​ដែលជា​ការ​ខាត​បង់​ដ៏​ធំ​បំផុត​របស់​យោធា​ក្នុង​រយៈពេល ​១ ​ថ្ងៃ​នៃ​សង្គ្រាម​។​
​នៅ​ថ្ងៃទី ​៩ ​ខែវិច្ឆិកា​អ៊ី​​ស្រា​អែល​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​ចេញពី​ទឹកដី​ស៊ី​រី​បាន​វាយ​ប្រហារ​ទីក្រុង Eilat ភាគ​ខាង​​ត្បូង​របស់ខ្លួន​។​

​ថ្ងៃ​ ១៥ ខែវិច្ឆិកា កងទ័ព​អ៊ី​​ស្រា​​អែល​ចូលទៅក្នុង​មន្ទីរពេទ្យ​ Al Shifa ដ៏​ធំ​បំផុត​របស់​ហ្គា​ហ្សា បន្ទាប់ពី​ការឡោមព័ទ្ធ​ជាច្រើន​ថ្ងៃ​ក្នុងអំឡុង​ពេលដែល​បុគ្គលិក​ពេទ្យ​និយាយថា អ្នកជំងឺ​រួមទាំង​ទារក​ទើបនឹង​កើត​បាន​ស្លាប់​ដោយសារ​កង្វះ​ថាមពល និង​ការផ្គត់ផ្គង់​។​

​ខណៈនោះ​ភាគី​អ៊ី​​ស្រា​អែល​បាន​អះអាងថា មន្ទីរពេទ្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​លាក់​បាំង​ទីស្នាក់ការ​ក្រោម​ដី​មួយ​សម្រាប់​ក្រុម​យុទ្ធជន​ហា​ម៉ាស់​។​

​ថ្ងៃទី​ ២១ ខែវិច្ឆិកាអ៊ី​ស្រា​អែល​និង​ក្រុម​ហា​ម៉ាស់​ប្រកា​សបទ​ឈប់​បាញ់​ដំបូងបង្អស់​របស់ខ្លួន​។​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​រយៈពេល ​៤​ ថ្ងៃ​នាពេលនោះ​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​ចំណាប់ខ្មាំង​ស្ត្រី​និង​កុមារ​។ បទ​ឈប់​បាញ់​បានអូសបន្លាយ​ដល់ ​១​ សប្តាហ៍ ហើយ​ចំណាប់ខ្មាំង ​១០៥​ នាក់​ពីអ៊ី​ស្រា​អែល និង​ ២៤០​ នាក់​ពី​ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​ដោះលែង​។​

​ថ្ងៃទី​ ១១ ខែមករា មាន​យន្ត​ហោះ​ចម្បាំង​នាវាមុជទឹក​របស់​សហ​រដ្ឋ​អាមេរិក​និង​អង់គ្លេស​បានចាប់ផ្តើម​កា​រ​វាយប្រហារ​តាមផ្លូវ​អាកាស​ជាច្រើនលើក​នៅ​ទូទាំងប្រទេស​យេ​ម៉ែន​ដើម្បី​ជាការ​សងសឹក​ប្រឆាំងនឹង​កងកម្លាំង​ហ៊ូ​ធី​ដែល​បាន​វាយ​ប្រហារ​នាវា​ដឹកទំនិញ​នៅ​សមុទ្រ​ក្រហម​។​

​នៅ​ថ្ងៃទី​ ១១ ខែមករា​ផងដែរ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ស្តាប់​សេចក្តីថ្លែងការណ៍​ដោយ​បើកចំហ​លើ​ករណី​ដែល​អ្រា​ហ្វិ​ក​ខាងត្បូង​ប្តឹង​ពីបទ​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​៕