ក្រសួងការពារជាតិនៃចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃទី ១៥ ខែមករាថា អង់គ្លេសនឹងបញ្ជូនកងយោធាចំនួន ២០ ០០០ នាក់ ដើម្បីឱ្យចូលរួមសមយុទ្ធយោធាណាតូដ៏ធំ នៅទូទាំងទ្វីបអឺរ៉ុបក្នុងឆមាសទី១ ឆ្នាំនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការបញ្ជូននេះ រួមមានកងទ័ពអង់គ្លេសចំនួន ១៦០០០ នាក់ ដែលនឹងត្រូវដាក់ពង្រាយនៅមូលដ្ឋានទ័ពអឺរ៉ុបខាងកើត ចាប់ពីខែកុម្ភៈដល់ខែមិថុនា ក៏ដូចជាក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក F35B Lightning និងយន្តហោះឈ្លបយកការណ៍។
ក្រសួងការពារជាតិ បានចេញផ្សាយសុន្ទរកថារបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Grant Shapps ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទនេះថា៖«ខ្ញុំអាចប្រកាសនៅថ្ងៃនេះថា ចក្រភពអង់គ្លេសនឹងបញ្ជូនបុគ្គលិកយោធាប្រហែល ២០០០០ នាក់ ដើម្បីចូលរួមក្នុងការដាក់ពង្រាយដ៏ធំបំផុតរបស់ណាតូ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់»។
អង្គការណាតូគ្រោងនឹងធ្វើសមយុទ្ធដ៏ធំឈ្មោះ Steadfast Defender 24 នៅឆ្នាំ២០២៤ នេះ ដោយនឹងចូលរួមដោយកងយោធាប្រមាណ ៤០ ០០០នាក់ ហើយវានឹងប្រារព្ធខួបលើកទី៧៥ ឆ្នាំ ចាប់តាំងពីសម្ព័ន្ធភាពនេះបង្កើតឡើង។
លោក Shappsបាននិយាយអំពីសមយុទ្ធនេះថា៖ «គេនឹងឃើញកងទ័ពរបស់យើងចូលរួមជាមួយសមភាគីមកពីប្រទេសចំនួន៣០នៃអង្គការណាតូ បូករួមទាំងប្រទេសស៊ុយអែត ដោយផ្តល់ការធានាយ៉ាងសំខាន់ប្រឆាំងនឹងការគំរាមកំហែងរបស់ ពូទីន»។
អង្គការណាតូបានបង្កើនចំនួនកងទ័ពត្រៀមប្រយុទ្ធ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាទ័ពឱ្យចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។ សម្ព័ន្ធភាពយោធារបស់លោកខាងលិចមួយនេះ ក៏បានបន្តគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌ផងដែរ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី លោករីស៊ី ស៊ូណាក់ បានប្រកាសថា ចក្រភពអង់គ្លេសនឹងបង្កើនការគាំទ្ររបស់ខ្លួន សម្រាប់អ៊ុយក្រែនរហូតដល់ ៣,១៩ ប៊ីលានដុល្លារ ដោយកើនឡើងជាង ២៥០ លានដុល្លារ បើប្រៀបធៀបនឹងការចំណាយលើអ៊ុយក្រែន ក្នុងឆ្នាំហិរញ្ញវត្ថុកាលពីលើកមុន៕