ខាងក្រោមនេះគឺជាប្រតិកម្មរបស់បណ្ដាមេដឹកនាំពិភពលោក និងមន្ត្រីជាន់ខ្ពស់មួយចំនួន ទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ដោយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ (DPP) លោក ឡៃ ឈីងតេ (Lai Ching-te) បានឈ្នះការបោះឆ្នោត។ គួរបញ្ជាក់ថា គណបក្សរបស់លោក ឡៃតែងតែគាំទ្រឯករាជភាពរបស់តៃវ៉ាន់ ហើយប្រឆាំងនឹងប្រទេសចិនដែលនៅបន្តទាមទារចង់គ្រប់គ្រងតៃវ៉ាន់។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន
ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានប្រកាសថា ការឈ្នះឆ្នោតរបស់លោក ឡៃនឹងមិនអាចផ្លាស់ប្តូរទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនបានទេ។ អ្នកនាំពាក្យការិយាល័យ លោក ឆិន ពិនហួ (Chen Binhua) បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះមិនអាចចាត់ទុកថាគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យជាបក្សតំណាងមតិភាគច្រើននៅលើកោះនេះបានឡើយ។
សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)បាននិយាយថា ៖ «យើងមិនគាំទ្រឯករាជភាព (តៃវ៉ាន់)ទេ»។ នេះជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់។ គួររំឭកថា មុនពេលការបោះឆ្នោតបានចាប់ផ្ដើម សហរដ្ឋអាមេរិកបានព្រមានថាប្រទេសណាដែលជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតនេះ នឹងត្រូវចាត់ទុកថាជារឿងដែលមិនអាចទទួលយកបាន។
ដោយឡែក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) បានអបអរសាទរចំពោះលោក ឡៃនិងប្រជាជនតៃវ៉ាន់ដែលអាចរក្សាគោលជំហរលទ្ធិប្រជាធិបតេយ្យរបស់ពួកគេបានរឹងមាំ។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការចូលរួមលើកកម្ពស់សន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានអំពាវនាវឱ្យទីក្រុងប៉េកាំង កុំព្យាយាមដាក់សម្ពាធទៅលើទីក្រុងតៃប៉ិ។
លោក ប្ល៊ីនកែន បានបញ្ជាក់ថា ៖ «យើងរំពឹងថានឹងសហការជាមួយលោកបណ្ឌិត ឡៃ និងបណ្ដាមេដឹកនាំតៃវ៉ាន់មកពីគ្រប់ភាគីដើម្បីលើកកម្ពស់ផលប្រយោជន៍ និងគុណតម្លៃរួមក៏ដូចជាការពង្រឹងទំនាក់ទំនងក្រៅផ្លូវការរបស់យើង ដោយស្របតាមគោលនយោបាយចិនតែមួយ។ យើងមានទំនុកចិត្តថាតៃវ៉ាន់នឹងនៅតែជាតួអង្គគំរូទៅដល់(ប្រទេស)ទាំងអស់ដែលកំពុងបន្តទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព»។
ចក្រភពអង់គ្លេស
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដាវីដ កាមេរ៉ុន (David Cameron)បានអបអរសាទរចំពោះលោក ឡៃនិងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យចំពោះជ័យជម្នះរបស់ពួកគេ។ លោកសង្ឃឹមថា តៃវ៉ាន់ និងចិននឹងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនាក្នុងន័យស្ថាបនា ដោយលោកបានសង្កត់ធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។ លោក កាមេរ៉ុនបានជំរុញឱ្យភាគីទាំង២ ចៀសវាងការប្រើកម្លាំងយោធាឬការបង្ខិតបង្ខំណាមួយ។
ប្រទេសជប៉ុន
រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa)បានអបអរសាទរចំពោះលោក ឡៃដែលបានឈ្នះការបោះឆ្នោត។ លោកស្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ក្នុងការដោះស្រាយប ញ្ហារបស់តៃវ៉ាន់ ដើម្បីទទួលបានស្ថិរភាពក្នុងតំបន់។ យោងតាមការលើកឡើងរបស់លោកស្រីផ្ទាល់ ជប៉ុនឱ្យតម្លៃតៃវ៉ាន់ស្មើនឹងដៃគូប្រទេសមួយ និងជាមិត្តដ៏សំខាន់ ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំង២។
ប្រទេសរុស្ស៊ី
ក្រសួងការបរទេសរុស្ស៊ី តំណាងដោយអ្នកនាំពាក្យលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova)បានលើកឡើងបន្ទាប់ពីបានដឹងលទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់ថា រដ្ឋាភិបាលក្រុងម៉ូស្គូនៅតែចាត់ទុកតៃវ៉ាន់ថាត្រឹមតែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។
ប្រទេសអាល្លឺម៉ង់
ការិយាល័យកិច្ចការបរទេសសហព័ន្ធអាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរដល់បណ្ដាមន្ត្រីដែលបានជាប់ឆ្នោត អ្នកបោះឆ្នោត និងបេក្ខជនដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅតៃវ៉ាន់។សេចក្ដីថ្លែងការណ៍នោះបានរំលេចថា ៖ «ប្រទេសអាល្លឺម៉ង់មានទំនាក់ទំនងជិតស្និទ្ធ និងល្អជាមួយតៃវ៉ាន់ក្នុងវិស័យជាច្រើន ហើយចង់បន្តពង្រីកទំនាក់ទំនងនេះបន្ថែមទៀតដោយស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយចិនតែ១»។
ប្រទេសបារាំង
ប្រទេសបារាំងបានអបអរសាទរដល់អ្នកបោះឆ្នោត និងអ្នកដែលបានជាប់ឆ្នោតនៅតៃវ៉ាន់ និងបានលើកសរសើរដល់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសេចក្ដីព្យាយាមរក្សាតម្លៃលទ្ធិប្រជាធិបតេយ្យ នេះបើយោងតាមការបញ្ជាក់ដោយក្រសួងការបរទេសបារាំង។ ក្រសួងបានជំរុញឱ្យភាគីទាំងអស់រក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល។ បារាំងបានបង្ហាញក្តីរំពឹងថាកិច្ចសន្ទនារវាងភាគីជម្លោះទាំង២ គឺចិន និងតៃវ៉ាន់ នឹងកើតមានឡើងនាពេលខាងមុខ៕