កូរ៉េខាងជើង​ នៅ​​ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម (IRBM) ដែលជា​មី​ស៊ី​ល​ប្រភេទ​ដំបូង​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ឥន្ធនៈ​រឹង។

បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​មី​ស៊ី​ល​ថ្មី​នេះ​ក៏ត្រូវ​បាន​បំពាក់​ដោយ​ក្បាល​គ្រាប់​ដែល​គ្រប់គ្រង​ដោយ​ល្បឿន​លឿន​ជាង​សំឡេង​ផងដែរ។

យ៉ាងណាមិញ​ការបាញ់​បង្ហោះ​នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ធ្លាប់បាន​បង្ហើប​ប្រាប់ថា​ខ្លួន​បានធ្វើ​តេស្ត​សាកល្បង​ប្រភេទ​មី​ស៊ី​ល​ថ្មី​នេះ​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០២៣ហើយ​បានធ្វើ​តេស្ត​ផ្សេងទៀត​យ៉ាងហោចណាស់៣ដង​ផងដែរ។

ប៉ុន្តែ​អ្វី​ទៅជា​មី​ស៊ី​ល​ដើរ​ដោយ​បច្ចេកវិទ្យា​ឥន្ធនៈ​រឹង​ហើយ​តើ​វា​នឹង​ជួយ​កែលម្អ​វិស័យ​យោធា​នៅ​កូរ៉េខាងជើង​បាន​យ៉ាងដូចម្ដេច?

ឥន្ធនៈ​រឹង​មាន​ដើមកំណើត​ពី​កាំជ្រួច​ដែល​បង្កើត​ដោយ​ជនជាតិ​ចិន​កាលពី​សតវត្ស​មុន​ប៉ុន្តែ​បាន​រីកចម្រើន​យ៉ាងខ្លាំង​នៅ​ពាក់កណ្តាល​សតវត្ស​ទី២០នៅពេលដែល​សហរដ្ឋអាមេរិក​បាន​បង្កើត​មី​ស៊ី​ល​ដែលមាន​ថាមពល​ខ្លាំង​ជាង។

សហភាពសូវៀត​ឯណោះ​វិញ​បានដាក់​ពង្រាយ​មី​ស៊ី​ល​ដើរ​ដោយ​ឥន្ធនៈ​រឹង​ដំបូង​របស់ខ្លួន​គឺ RT-2 នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០បន្ទាប់មក​ប្រទេស​បារាំង​ក៏បាន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះដែរ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា SSBS ដែលជា​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម។

មី​ស៊ី​ល​ដើរ​ដោយ​ឥន្ធនៈ​រឹង​នេះ​មិនចាំបាច់​ចាក់​សាំងភ្លាមៗមុន​ការបាញ់​បង្ហោះ​ទេវា​មាន​ងាយស្រួល​និង​មាន​សុវត្ថិភាព​ជាង​បច្ចេកវិទ្យា​ផ្សេង​ក្នុង​ប្រតិបត្តិ​ការដែល​ធ្វើឱ្យ​មី​ស៊ី​ល​ប្រភេទ​នេះ​ពិបាក​ក្នុង​ការចាប់​សញ្ញា​នៅពេល​បាញ់​ចេញទៅ។

ប្រភេទ​ឥន្ធនៈ​រឹង​នេះ​អាច​ផ្ដល់នូវ​កម្លាំង​រុញច្រាន​ដ៏​ខ្លាំង​ទៅកាន់​ក្បាល​គ្រាប់​មី​ស៊ី​ល​ប៉ុន្តែ​ទន្ទឹមនឹងនោះ​វា​ក៏​ត្រូវការ​បច្ចេកវិទ្យា​ស្មុគស្មាញ​និង​ទម្ងន់​បន្ថែម​ដើម្បី​ជំរុញ​ផងដែរ។

ឥន្ធនៈ​រឹង​ក៏​ងាយ​នឹង​បំបែក​អាច​ឆេះ​បាន​លឿន​និង​បង្កើត​កម្លាំង​រុញច្រាន​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​ហើយ​គេ​ក៏​អាច​រក្សាទុក​ឥន្ធនៈ​រឹង​បានយូរ​បើ​ធៀប​ទៅនឹង​ប្រភេទ​ឥន្ធនៈ​រាវ​ដែល​កន្លងមក​តែង​ជួប​បញ្ហា​ក្នុងការ​រក្សាទុក។

ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា​ការអភិវឌ្ឍ​មី​ស៊ី​ល​ដើរ​ដោយ​ឥន្ធនៈ​រឹង​របស់ខ្លួន​នាពេលនេះ​គឺ​នឹង​លើកកម្ពស់​យ៉ាងខ្លាំង​នូវ​សមត្ថភាព​វាយប្រហារ​ដោយ​ប្រើ​នុយក្លេអ៊ែរ​របស់ខ្លួន។

ប៉ុន្តែ​យ៉ាងណា​បន្ទាប់ពី​ការបាញ់​បង្ហោះ​លើកដំបូង​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា​កូរ៉េខាងជើង​នឹង​ត្រូវការ​ពេលវេលា​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា​នេះ៕