ខណៈពេលដែលសង្គ្រាមកំពុងតែបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែន និងឈានដល់ឆ្នាំទី៣ក្នុងរង្វង់ជាង ១ ខែទៀត អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី ១៥ ខែមករាថា ខ្លួនត្រូវការទឹកប្រាក់ចំនួន ៤,២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ដើម្បីផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន និងជួយមនុស្សរាប់លាននាក់ដែលបានភៀសខ្លួន។
ខណៈដែលសង្គ្រាមនៅតំបន់ហ្គាហ្សា គ្របដណ្តប់ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងរយៈពេលជាង ៣ ខែ ចុងក្រោយនេះ មន្ត្រីអង្គការសហប្រជាជាតិ បានក្រើនរំឭកកុំឱ្យគេភ្លេចស្ថានភាពរបស់ប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្គ្រាមអូសបន្លាយជិត២ឆ្នាំ។
អង្គការសហប្រជាជាតិសង្ឃឹមថាទឹកប្រាក់ជាង ៤ ពាន់លានដុល្លារនោះ នឹងបានដល់ចំនួន ៨,៥ លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន និងជនភៀសខ្លួន ២,៣ លាននាក់ និងសហគមន៍ម្ចាស់ផ្ទះរបស់ពួកគេនៅអឺរ៉ុបខាងកើត។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងឈានចូលដល់ឆ្នាំទី៣ក្នុងខែកុម្ភៈ ហើយអង្គការសហប្រជាជាតិបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សាការគាំទ្រសម្រាប់មនុស្សរាប់លាននាក់ដែលជីវិតរបស់ពួកគេត្រូវបានផ្ដួលរំលំដោយជម្លោះនេះ។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ Martin Griffiths បានសួរនៅពេលគាត់ចាប់ផ្តើមផែនការនៅទីក្រុងហ្សឺណែវ បានក្រើនរំឭកថា៖«ចងចាំអ៊ុយក្រែនទេ? សូមកុំភ្លេចប្រទេសអ៊ុយក្រែន ខណៈដែលមានកន្លែងជាច្រើនទៀតក្នុងពិភពលោកដែលទាក់ទាញការចាប់អារម្មណ៍របស់យើង»។
មានការកត់សំគាល់ថា ការឈ្លានពានរបស់រុស្សី ពេញលេញចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ គឺជាការលុកលុយដ៏ធំបំផុតរបស់ប្រទេសអ៊ឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងវិបត្តិជនភៀសខ្លួនដ៏ធំបំផុតដែលទ្វីបនេះប្រឈមមុខចាប់តាំងពីជម្លោះឆ្នាំ ១៩៣៩ ដល់ឆ្នាំ១៩៤៥៕