អាជ្ញាធរថៃបាននិយាយថា ក្រុមអ្នកជំនាញបានរកឃើញដានជើងសត្វពីសម័យបុរេប្រវត្តិថ្មី ដែលមានអាយុកាលប្រហែល ២២៥ លានឆ្នាំមុន នៅតំបន់ទឹកធ្លាក់ Tat Yai ដែលស្ថិតនៅចន្លោះព្រំប្រទល់ស្រុក Nam Nao ខេត្ត Phetchabun និងស្រុក Phu Pha Man ខេត្តខនកែន (Khon Kaen) នៅភូមិភាគឦសានភាគកណ្តាលនៃប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
នាយកដ្ឋានធនធានរ៉ែថៃ បានឱ្យដឹងថា ក្រុមការងារមកពីការិយាល័យធនធានរ៉ែតំបន់ ២ ប្រចាំខេត្តខនកែនដឹកនាំ ដោយលោកស្រី Tida Liard ដែលជាអ្នកជំនាញផ្នែកហ្វូស៊ីល បានធ្វើការវាស់ស្ទង់ដំបូងលើទីតាំងកាលពីថ្ងៃពុធសប្ដាហ៍មុន បន្ទាប់ពីបានទទួលរបាយការណ៍អំពីដានជើងសត្វនៅក្នុងឧទ្យានជាតិ Phu Pha Man ឆ្នាំមុន។ ក្រោមកិច្ចការនេះ ក្រុមការងារបានរកឃើញស្នាមដានជើងចំនួន៥ក្រុម នៅលើថ្មភក់នៅផ្នែកខាងក្រោមនៃសិលា Huai Hin Lad។
លោកស្រី Tida បាននិយាយថា ដានជើងចំនួន ២ ក្រុម គឺជាដានជើងរបស់សត្វដាយណូស័រអម្បូរ Sauropod ដែលជាប្រភេទដាយណូស័រស៊ីស្មៅកវែង និងមានអាយុកាលតាំងពីចុងសម័យ Triassic ចន្លោះពី ២២០ ទៅ ២២៥ លានឆ្នាំមុន។ អ្នកជំនាញដដែលបន្ថែមទៀតថា វាគឺជាដានជើងដាយណូស័រវ័យចំណាស់បំផុត ដែលគេរកឃើញនៅក្នុងប្រទេសថៃ និងនៅអាស៊ី។
ចំណែកឯដានជើងចំនួន ២ ក្រុម ត្រូវបានសន្មតថា ជាដានជើងរបស់សត្វតូចៗ ហើយ ១ ក្រុមចុងក្រោយ គឺជាដានជើងរបស់ពួកឧរង្គសត្វ អម្បូរ Archosaur។
លោកស្រី Tida បាននិយាយថា ដានជើងរបស់សត្វអម្បូរ Archosaur គឺគួរឱ្យចាប់អារម្មណ៍បំផុត ដោយសារតែព័ត៌មានលម្អិតនៃក្រញាំរបស់សត្វនេះលេចរូបរាងឡើងនៅលើថ្មទាំងក្រញ៉ាំជើងមុខ និងក្រោយរបស់់វា។
ការរកឃើញដានជើងនេះ មានសារៈសំខាន់ណាស់ ព្រោះវាផ្តល់នូវការយល់ដឹងថ្មីអំពីភាពចម្រុះ និងបរិស្ថានវិទ្យានៃដាយណូស័រនៅក្នុងប្រទេសថៃ ក្នុងអំឡុងចុងសម័យ Triassic។
នាយកដ្ឋានធនធានរ៉ែថៃបាននិយាយថា ការរកឃើញដានជើងដាយណូស័រ គឺជារបកគំហើញបែបវិទ្យាសាស្ត្រដ៏សំខាន់ថ្មីមួយទៀតដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរការយល់ដឹងអំពីប្រវត្តិសាស្ត្រជីវិតនៅលើផែនដី៕