រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ បានជំរុញឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានឯករាជភាព និងបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា (Gaza) ដែលជាតំបន់កំពុងផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងបានបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសរាប់ពាន់នាក់ក្នុងរយៈពេល ១០០ ថ្ងៃកន្លងមកនេះ។
ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េ ស៊ូគ្រី (Sameh Shoukry) លោក វ៉ាង យី បានថ្លែងថា៖«វាពិតជាចាំបាច់ណាស់ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលទទួលបានអធិបតេយ្យភាពពេញលេញ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានី និងយកគោលការណ៍ព្រំដែនឆ្នាំ ១៩៦៧ ជាមូលដ្ឋាន»។
រដ្ឋមន្ត្រីទាំង ២ រូបនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា ការកាប់សម្លាប់ ក៏ដូចជាការដាក់គោលដៅវាយប្រហារទៅលើជនស៊ីវិល និងបំផ្លិចបំផ្លាញផ្ទះសំបែងរបស់ពួកគេ។
ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាដើម្បីឆ្លើយតបទៅនឹងការលួចវាយប្រហារដោយក្រុមហាម៉ាស់ទៅលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ការវាយប្រហាររបស់ក្រុមហាម៉ាស់ បានបណ្តាលឱ្យមនុស្សប្រហែល ១ ១៤០ នាក់បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយឡែក នៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សជិត ២៤ ០០០ នាក់បានស្លាប់ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមខាងលើ លោក ស៊ូគ្រី និងលោកវ៉ាងក៏បានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំកំពូលមួយដើម្បីជជែកអំពីបញ្ហាសន្តិភាពអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយយុត្តិធម៌ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន តាមរយៈការបញ្ឈប់ការចូលកាន់កាប់របស់អ៊ីស្រាអែល និងការបង្កើតរដ្ឋប៉ាឡេស្ទីនដែលឯករាជ្យមួយ។
អ៊ីស្រាអែលធ្លាប់បានវាយរឹបអូសយកតំបន់ហ្គាហ្សា និងតំបន់វេសប៊ែងក៍ (West Bank) ក្នុងសង្គ្រាម ៦ ថ្ងៃកាលពីឆ្នាំ ១៩៦៧ ម្ដងរួចមកហើយ។ តំបន់ទាំង ២ នេះត្រូវបានអ៊ីស្រាអែលបែងចែកចេញជា ២ ដាច់ពីគ្នា ហើយតំបន់វេសប៊ែងក៍ គឺជាតំបន់ដែលអាជ្ញាធរប៉ាឡេស្ទីនកំពុងឈរជើង។ កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ក៏ធ្លាប់បានស្នើឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយដើម្បីដោះស្រាយជម្លោះនេះផងដែរ។
កន្លងមក ចិនតែងតែសម្ដែងការគាំទ្រដល់បុព្វហេតុរបស់ប៉ាឡេស្ទីន និងអំពាវនាវឱ្យមានដំណោះស្រាយដោយបង្កើតរដ្ឋ ២ ផ្សេងគ្នា គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក វ៉ាង យី កំពុងបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាហ្រ្វិកដោយចូលទៅប្រទេសតូហ្គោ ទុយនេស៊ី និងកូតឌីវ័រ៕