វាស្ទើរតែ ១ ឆ្នាំ បន្ទាប់ពីចិនដាក់ចេញដំណោះស្រាយនយោបាយ ១២ ចំណុចសម្រាប់ដោះស្រាយវិបត្តិនៅអ៊ុយក្រែន ដែលហាក់ច្រានចោលដោយភាគីអ៊ុយក្រែន ប៉ុន្តែពេលនេះ ភាគីអ៊ុយក្រែនបានមើលឃើញវត្តមានចិនកាន់តែសំខាន់ឡើងសម្រាប់ដំណើរការសន្តិភាព និងដំណោះស្រាយនយោបាយក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ីដែលអូសបន្លាយជិត ២ ឆ្នាំ។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយក្នុងទីក្រុង Davos ប្រទេសស្វ៊ីសនៅមុនកិច្ចប្រជុំកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិមកពី ៨៣ ប្រទេស លោក Andriy Yermak នាយសេនាធិការចម្រុះ (chief of staff) របស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវចូលរួមក្នុងកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែននាពេលនេះ ចំពេលការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនមានសហរដ្ឋអាមេរិកជាដើមបានធ្លាក់ចុះយ៉ាងខ្លាំង និងស្របពេលដែលពិភពលោកកំពុងត្រដាបត្រដួសជាមួយស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច និងសង្គ្រាមនៅមជ្ឈិមបូព៌ា។
ប្រទេសចិនធ្លាប់បានប្រកាសជាចំហដាក់ចេញផែនការដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២៣ ចំថ្ងៃខួប១ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ដំណោះស្រាយដែលក្រសួងការបរទេសចិនដាក់ចេញនាពេលនោះ មាន ១២ ចំណុច រួមទាំងការអំពាវនាវឱ្យមានបទឈប់បាញ់ ការគោរពផលប្រយោជន៍ សន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ ការដោះស្រាយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន ការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងទីក្រុងម៉ូស្គូ និងក្រុងកៀវ ការបដិសេធមិនដាក់ទណ្ឌកម្មឯកតោភាគីដោយគ្មានសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម។
ប៉ុន្តែការដាក់ចេញផែនការរបស់ចិននាពេលនោះហាក់មិនទទួលបានការយកចិត្តទុកដាក់ពីភាគីអ៊ុយក្រែនដែលទាមទារដាច់ខាតឱ្យរុស្ស៊ីដកទ័ពពីទឹកដីរបស់ខ្លួនមុនការចរចា ហើយម្យ៉ាងទៀតការគាំទ្ររបស់សម្ព័ន្ធមិត្តជាពិសេសសហរដ្ឋអាមេរិកនៅខ្លាំងក្លា។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលចេញផ្សាយកាលពីខែតុលា ឆ្នាំ ២០២៣ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគាំទ្រចំពោះផែនការដំណោះស្រាយសម្រាប់វិបត្តិនៅអ៊ុយក្រែនដែលស្នើឡើងដោយភាគីចិន។
លោក ពូទីន ដែលបានប្រាប់ទូរទស្សន៍ចិន China Media Group នៅក្នុងបទសម្ភាសន៍មួយ បាននិយាយថា ផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដែលស្នើឡើងដោយទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះ គឺមានភាពប្រាកដនិយម ហើយអាចជាមូលដ្ឋានសម្រាប់ដំណោះស្រាយ។
លោក ពូទីន ត្រូវបានដកស្រង់ដូចនិយាយថា៖«យើងវាយតម្លៃខ្ពស់ចំពោះសំណើទាំងនោះ។ ខ្ញុំគិតថាពួកគេពិតជាប្រាកដនិយម និងអាចដាក់មូលដ្ឋានគ្រឹះសម្រាប់ការរៀបចំសន្តិភាព។ លោកពូទីនបន្ថែម៖«យើងត្រៀមខ្លួនរួចជាស្រេច រួមទាំងផ្អែកលើសំណើរបស់មិត្តចិនរបស់យើង»។
នៅឯកិច្ចប្រជុំក្នុងទីក្រុង Davos សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វ៊ីស លោក Ignazio Cassis ដែលបានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃទី ១៤ ខែមករា បានប្រាប់សន្និសីទសារព័ត៌មានមុននេះថា៖ «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្គ្រាមនេះ។ ចិនដើរតួនាទីយ៉ាងសំខាន់។ យើងត្រូវតែស្វែងរកវិធីធ្វើការជាមួយចិនលើបញ្ហានេះ»៕