យោងតាមរបាយការណ៍របស់អង្គការអុកស្វាម (Oxfam) ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤បានបង្ហាញថា ទ្រព្យសម្បត្តិរបស់បុរសមានជាងគេបំផុតទាំង ៥ នាក់នៅលើពិភពលោក បានកើនឡើងទ្វេដងគិតចាប់ពីឆ្នាំ២០២។ ទន្ទឹមនឹងនេះ អង្គការនេះក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធ ឱ្យមានការរឹតបន្តឹងលើអំណាចរបស់ក្រុមហ៊ុនសាជីវកម្មធំ។
របាយការណ៍ខាងលើបានរកឃើញថាទ្រព្យសម្បត្តិសរុបរបស់បុគ្គលដែលមានជាងគេនៅលើពិភពលោក ក្នុងនោះរួមមាន លោក អេឡុន ម៉ាសក៍ (Elon Musk) លោក បឺណាដ អាណុល (Bernard Arnault) និងក្រុមគ្រួសារ លោក ចេហ្វ ប៉េហ្សុស (Jeff Bezos) លោក ឡារី អេលីសុន (Larry Ellison) និង លោក វ៉រ៉េន បូហ្វេត (Warren Buffett) បានកើនឡើងពី ៤០៥ ពាន់លានដុល្លារក្នុងខែមីនា ឆ្នាំ២០២០ ដល់ ៨៦៩ ពាន់លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ តួលេខនេះ អង្គការអុកហ្វាមបានដកស្រង់ចេញពីទិន្នន័យរបស់ទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes និងក្រុមហ៊ុន Wealth X ។
អង្គការអុកហ្វាមបានចេញផ្សាយរបាយការណ៍នេះ ស្របពេល ដែលកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ការចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។
យ៉ាងណាក៏ដោយ មហាសេដ្ឋីទាំង ៥ រូបដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ មិនត្រូវបានគេរំពឹងថាពួកគេនឹងចូលរួមក្នុងកិច្ចប្រជុំនេះនោះទេ។
បន្ថែមលើនេះ របាយការណ៍ខាងលើបានរំលេចថា ក្រុមហ៊ុនធំៗចំនួន ៧ ក្នុងចំណោមក្រុមហ៊ុនធំបំផុតទាំង ១០ នៅលើពិភពលោកមានមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ប៊ីលានដុល្លារ ជានាយកប្រតិបត្តិឬជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន។
លើសពីនេះ បណ្ដាអ្នកមានជាងគេបំផុត ១% នៃចំនួនប្រជាជនសរុបនៅលើពិភពលោក កំពុងកាន់កាប់ទ្រព្យសម្បត្តិ ៤៣% នៃទ្រព្យសម្បត្តិហិរញ្ញវត្ថុសរុបនៅទូទាំងពិភពលោក ក្នុងនោះរួមមានទ្រព្យសម្បត្តិ ដែលកំពុងជួញដូរជាសាធារណៈដូចជាភាគហ៊ុន និងប័ណ្ណបំណុល ក៏ដូចជាភាគហ៊ុនកម្មសិទ្ធិនៅក្នុងអាជីវកម្មឯកជនជាដើម។
អង្គការអុកហ្វាមបានព្យាករណ៍ថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ពិភពលោកនឹងមានមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិកនៅក្នុងរយៈមួយទសវត្សរ៍ទៀត។
ទោះយ៉ាងនេះក្តី អង្គការសប្បុរសធម៌មួយនេះបានសង្កត់ធ្ងន់ថា អត្រាភាពក្រីក្រនឹងមិនធ្លាក់ចុះនោះទេក្នុងរយៈពេល ២២៩ ឆ្នាំ ទៀត។ លើសពីនេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនធំៗនៅលើពិភពលោកចំនួន ១៤៨ ក្រុមហ៊ុនបានកើនឡើង ៥២% គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ធៀបនឹងប្រាក់ចំណេញជាមធ្យមរបស់ពួកគេពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។
លោកស្រីអាលីម៉ា ស៊ីវជី (Aleema Shivji) នាយកប្រតិបត្តិបណ្តោះអាសន្នរបស់អង្គការអុកហ្វាមបានមានប្រសាសន៍ថា៖ «ទោះបីជាអត្រាភាពក្រីក្រកម្រិតធ្ងន់ធ្ងរនៅក្នុងប្រទេសក្រីក្របំផុត មានចំនួនខ្ពស់ជាងនៅមុនពេលជំងឺរាតត្បាតកូវីដ១៩ ក៏ដោយក៏បុគ្គលដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលុបមួយចំនួនកំពុងប្រកួតប្រជែងគ្នាដើម្បីក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ទ្រីលានដុល្លារដំបូងគេនៅលើពិភពលោកក្នុងទសវត្សរ៍ក្រោយនេះ»។
អង្គការសប្បុរសធម៌មួយនេះក៏បានជំរុញឱ្យរដ្ឋាភិបាលគ្រប់ប្រទេសព្យាយាមកាត់បន្ថយគម្លាតទ្រព្យសម្បត្តិរវាងអ្នកមាននិងអ្នកក្រ ដោយរឹតបន្តឹងអំណាចរបស់ក្រុមហ៊ុនសាជីវកម្មធំៗ តាមរយៈការលុបបំបាត់ការប្រកបអាជីវកម្មផ្តាច់មុខ ការកំណត់លើប្រាក់ខែរបស់នាយកប្រតិបត្តិ និងការអនុវត្តពន្ធថ្មីលើទ្រព្យសម្បត្តិអចិន្ត្រៃយ៍ និងចំនួនប្រាក់ចំណេញច្រើនហួសពីកម្រិតណាមួយ៕