អង្គការសហប្រជាជាតិប្រឹងប្រែងកៀរគរជំនួយពីប្រទេសម្ចាស់ជំនួយនានា ដើម្បីគាំទ្រសហគមន៍ ដែលរងគ្រោះដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងជនភៀសខ្លួនអ៊ុយក្រែននៅឆ្នាំ២០២៤ ដែលមានតម្រូវការថវិកាសរុបជាង៤ពាន់លានដុល្លារ ខណៈដែលសង្រ្គាមបានអូសបន្លាយជិត២ឆ្នាំបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths នៅទីក្រុងហ្សឺណែវ បានជំរុញអ្នកការទូតនានាថា៖ «សូមកុំភ្លេចអ៊ុយក្រែន ខណៈពេលដែលមានកន្លែងជាច្រើនទៀតនៅលើពិភពលោកដែលទាក់ទាញការយកចិត្តទុកដាក់របស់យើង»។
ជាផ្នែកមួយនៃការអំពាវនាវរកជំនួយមូលនិធិការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) កំពុងស្នើសុំថវិកាចំនួន ៣,១ ពាន់លានដុល្លារដើម្បីជួយមនុស្ស ៨,៥ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំងនៅឆ្នាំ២០២៤ នេះ។ ស្របពេលជាមួយគ្នានេះទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងស្វែងរកថវិកាចំនួន ១,១ ពាន់លានដុល្លារដើម្បីគាំទ្រជនភៀសខ្លួនអ៊ុយក្រែន២,៣លាននាក់និងសហគមន៍របស់ពួកគេ។
OCHA បានទទួលទឹកប្រាក់ចំនួន ៦៧ ភាគរយនៃថវិកា ៣.៩ ពាន់លានដុល្លារ ពីការអំពាវនាវរកជំនួយរបស់ខ្លួនកាលពីឆ្នាំមុន។យ៉ាងណាការស្នើរសុំជំនួយមានការកាត់បន្ថយបន្តិចហើយសម្រាប់ឆ្នាំ២០២៤ បិតអី OCHA ត្រូវផ្តល់អាទិភាពដល់ប្រជាជនដែលត្រូវការជំនួយបំផុតរួមទាំងវិបត្តិមនុស្សធម៌ផ្សេងទៀតនៅជុំវិញពិភពលោករួមទាំងនៅតំបន់ហ្គាហ្សានិងស៊ូដង់ដែលត្រូវការថវិកាជាបន្ទាន់។
លោក Griffiths បាននិយាយថា៖«យើងកំពុងកាត់បន្ថយចំនួនប្រាក់ដែលយើងកំពុងស្នើសុំមិនមែនដោយសារតែយើងគិតថាតម្រូវការកំពុងថយចុះឬសង្រ្គាមកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនអ៊ុយក្រែននោះទេប៉ុន្តែដោយសារតែយើងត្រូវតែផ្តល់អាទិភាពរឿងផ្សេងដូចគ្នា»។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិរូបនេះបន្តថា៖ «យើងយល់យ៉ាងច្បាស់ថាយើងកំពុងស្ថិតក្នុងស្ថានភាពដែលមានការប្រកួតប្រជែងពីផ្នែកផ្សេងៗជុំវិញពិភពលោកដែលជាការពិតដ៏ឃោរឃៅនៃការប្រទាញប្រទង់គ្នាខ្លាំងលើកម្មវិធីជំនួយ»។
OCHA បានឱ្យដឹងថាមនុស្សជាង ១៤,៦ លាននាក់ឬ ៤០ ភាគរយ នៃចំនួនប្រជាជនអ៊ុយក្រែននឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះដោយសារតែការបន្តឈ្លានពាននិងការវាយប្រហាររបស់រុស្ស៊ី។
ក្នុងនោះរួមមានប្រជាជន ៣.៣ លាននាក់ រស់នៅក្នុងសហគមន៍ងាយរងគ្រោះនៅភាគខាងកើតនិងភាគខាងត្បូងនៃប្រទេសរួមទាំងនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីដែលក្បួនរថយន្តមនុស្សធម៌ OCHA មិនអាចចូលទៅបានចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ៕