កោះណូរូ ដែលជាប្រទេសដ៏តូចមួយនៅប៉ាស៊ីហ្វិក បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយងាកទៅគាំទ្រគោលនយោបាយចិនតែ ១ របស់ក្រុងប៉េកាំងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្សេងៗ។
ក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា រដ្ឋាភិបាលកោះណូរូ បាននិយាយថា ខ្លួនបានសម្រេចចិត្តទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ហើយកំពុងស្វែងរកការបន្តទំនាក់ទំនងការទូតពេញលេញឡើងវិញ «ដើម្បីផលប្រយោជន៍ល្អបំផុតសម្រាប់សាធារណរដ្ឋណូរូ និងប្រជាជនណូរូ»។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា រដ្ឋាភិបាលណូរូ «លែងទទួលស្គាល់តៃវ៉ាន់ថាជាប្រទេសដាច់ដោយឡែកទៀតហើយ ប៉ុន្តែទទួលស្គាល់ថា វាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន»។
ការសម្រេចចិត្តនេះ ធ្វើឡើងប្រមាណតែ២ថ្ងៃប៉ុណ្ណេះ ក្រោយតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ហើយវានឹងធ្វើឱ្យកោះដែលទាមទារឯករាជ្យផ្ដាច់ពីចិនមួយនេះ នៅសល់សម្ព័ន្ធមិត្តការទូតត្រឹមតែ១២ ប្រទេសប៉ុណ្ណោះ។
ប្រទេសចិនបានសាទរនឹងការណ៍នេះ ដោយក្រសួងការបរទេសចិនបាននិយាយថា៖ «ការសម្រេចចិត្តរបស់រដ្ឋាភិបាលណូរូ ក្នុងការបន្តទំនាក់ទំនងការទូតជាមួយប្រទេសចិន បង្ហាញយ៉ាងពេញលេញម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាឆន្ទៈរបស់ប្រជាជន និងនិន្នាការគ្រប់សម័យកាល»។
ចំណែកឯមន្រ្តីតៃវ៉ាន់វិញ បាននិយាយក្រោយការប្រកាសរបស់រដ្ឋាភិបាលណូរូថា៖ «ក្នុងពេលវេលានេះ វាមិនត្រឹមតែជាការសងសឹករបស់ចិន ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រឈមដោយផ្ទាល់ចំពោះសណ្តាប់ធ្នាប់អន្តរជាតិផងដែរ»។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Tien Chung-kwang បានចោទប្រកាន់ប្រទេសចិន ថាបានទាញយកផលប្រយោជន៍ពីរបត់នយោបាយថ្មីៗនៅណូរូ ដើម្បីទិញទំនាក់ទំនងជាមួយប្រទេសនេះ ដោយប្រើជំនួយហិរញ្ញវត្ថុ។
លោក Tien និយាយទៀតថា៖ «ចិនគិតថា ខ្លួនអាចគាបសង្កត់តៃវ៉ាន់ដោយប្រើវិធីសាស្ត្របែបនេះ ខ្ញុំគិតថាវាខុសហើយ។ ពិភពលោកបានកត់សម្គាល់ពីការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។ ប្រសិនបើ [ចិន] បន្តប្រើវិធីដ៏គួរឱ្យស្អប់ខ្ពើមបែបនេះដើម្បីដណ្តើមទំនាក់ទំនងការទូតរបស់តៃវ៉ាន់នោះ ប្រទេសប្រជាធិបតេយ្យទូទាំងពិភពលោកនឹងមិនទទួលស្គាល់ចិនឡើយ»។
ទោះបែបណាក៏ដោយ លោក Tien បន្តថា តៃវ៉ាន់នឹងនៅតែប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងសកម្មភាពរបស់ចិន ដែលព្យាយាមផ្ដាច់កោះតៃវ៉ាន់ឱ្យនៅឯកោលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ប្រទេសចុងក្រោយដែលផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ គឺប្រទេសហុងឌូរ៉ាស។
ការសម្រេចចិត្តរបស់ហុងឌូរ៉ាស បានធ្វើឡើងកាលពីខែមេសាឆ្នាំមុន ដោយបញ្ចប់ទំនាក់ទំនងការទូតទទួលស្គាល់គ្នាទៅវិញទៅមកដែលមានរយៈកាលប្រមាណ ៨២ ឆ្នាំ។
កន្លងមកសម្ព័ន្ធមិត្តមួយចំនួនរបស់តៃវ៉ាន់ បាននិយាយដោយបើកចំហថា ការសម្រេចចិត្តរបស់ពួកគេគឺផ្អែកលើការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុមួយភាគធំ។ រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស បាននិយាយនៅពេលកាត់ផ្ដាច់ទំនាក់ទំនងពីតៃវ៉ាន់ថា ខ្លួនកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយតៃវ៉ាន់មិនបានឆ្លើយតបសំណើដើម្បីចរចាឡើងវិញពីបំណុល ៦០០ លានដុល្លារ ឬបង្កើនជំនួយហិរញ្ញវត្ថុនោះទេ។
ងាកទៅមើលណូរូវិញ វាមិនមែនជាលើកទី១នោះទេ ដែលកោះនេះបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយជាមួយតៃវ៉ាន់។ នៅឆ្នាំ ២០០២ ណូរូបានបោះជំហានការទូតស្រដៀងគ្នាដោយងាកទៅរកប្រទេសចិន ប៉ុន្តែក្រោយមកនៅខែឧសភា ឆ្នាំ ២០០៥ ណូរូ ក៏បានស្ដារទំនាក់ទំនងជាមួយតៃវ៉ាន់ឡើងវិញ។
អ្នកវិភាគយល់ឃើញថា ការសម្រេចចិត្តចុងក្រោយរបស់កោះណូរូ មិនមែនជារឿងដែលមិនគួរឱ្យរំពឹងទុកនោះទេ។ បណ្ដាញព័ត៌មាន BBC បានស្រង់សម្ដីលោក MihaiSoraអ្នកស្រាវជ្រាវអូស្រ្តាលីស្ដីពីបណ្ដាញកោះប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន Lowy ថា៖ «ប្រទេសចិនតែងតែស្វែងរកការលុបបំបាត់ឥទ្ធិពលរបស់តៃវ៉ាន់ ជាពិសេសនៅក្នុងប៉ាស៊ីហ្វិក ដែលប្រទេសតូចៗជាច្រើនកំពុងស្វែងរកផលប្រយោជន៍ពីការអភិវឌ្ឍន៍»។
ចិនទាមទារតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែកោះដែលស្វ័យគ្រប់គ្រងមួយនេះ តែងប្រកែកដាច់អហង្ការ។ លើសពីនេះទៀតសោត ចិនបានពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយបណ្ដាកោះនៅប៉ាស៊ីហ្វិក ដែលធ្វើឱ្យប្រទេសកោះៗក្នុងតំបន់ ជាប់គាំងក្នុងការប្រទាញប្រទង់គ្នារវាងមហាអំណាចលោកខាងលិច និងចិន៕