រដ្ឋ​សភា​​​​ប្រជាជន​កូរ៉េ​ខាងជើង​​ បាន​ប្រកាស​លុប​​ចោល​​«គណៈកម្មាធិការដើម្បី​ការ​បង្រួប​បង្រួម​​ដោយ​សន្តិភាព​» របស់​​ប្រទេស​នេះ​ ដែល​កន្លង​មក​ធ្វើការងារ​សំដៅ​លើ​ការ​​​ងារ​បង្រួប​​បង្រួម​កូរ៉េ​​​ទាំង​២ ​ដែល​​​ច្រៀក​ជា២ ​​អស់​រយៈពេល​៧៥​ឆ្នាំ​មកហើយ​។​

​យោង​តាម AFP ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​​របស់​កូរ៉េ​ខាង​ជើង​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី១៦​ ខែមករា​ ថា ប្រទេស​កូរ៉េខាងជើង​កំពុង​លុបចោល​ជា​ផ្លូវការ​នូវ​ទីភ្នាក់ងារ​រដ្ឋាភិបាលសំខាន់ៗមួយ​ចំនួន​ដែល​ត្រូវ​បាន​​ចោទប្រកាន់​ពីបទ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការបង្រួបបង្រួម​ជាមួយ​កូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ប្រកាស​ដោយ​សភា​​ដែល​រង់ចាំតែ​ប្រថាប់​ត្រា​របស់​កូរ៉េខាងជើង ហើយ​បាន​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​មេដឹកនាំ​របស់​ប្រទេស​នេះ លោក គីម ជុងអ៊ុន (Kim Jong Un)បាន​បញ្ជាក់ថា ការបន្ត​ស្វែងរក​ការផ្សះផ្សា​ជាមួយ​កូរ៉េខាងត្បូង​គឺជា«កំហុស»។

ទំនាក់ទំនង​កូរ៉េ​ទាំង២ ​​​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ២០២៤​ ​បន្ទាប់​ពី​​​កូរ៉េ​ខាងជើង​​​បាញ់​បង្ហោះ​ផ្កាយ​រណប​​ចារកម្ម​ ដែល​បាន​​ជំ​រុញឱ្យ​ទីក្រុង​សេ​អ៊ូ​ល​ផ្អាក​មួយផ្នែក​នៃ​កិច្ចព្រមព្រៀង​យោធា​​ឆ្នាំ​២០១៨​សំដៅ​លុបបំបាត់​ភាព​តានតឹង។

ដោយ​ដាក់​ស្លាក​កូរ៉េខាងត្បូង​ថា​ជា«សត្រូវ​ចម្បង»​ប្រមុខ​រដ្ឋ​កូរ៉េ​ខាងជើង​ លោក គីម ជុង​អ៊ុន ថ្មីៗនេះ​បានប្រកាសថា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាមួយ​គូប្រជែង​របស់​កូរ៉េខាងជើង«គឺជា​កំហុស​ដែល​យើង​មិនគួរ​ធ្វើ​បន្ត​ទៀត​​ទេ»។

នៅ​ក្នុង​​រដ្ឋធម្មនុញ្ញរ​បស់​ពួកគេ ទាំង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ទាមទារ​អធិបតេយ្យភាព​លើ​ឧបទ្វីប​ទាំងមូល។

សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​សាធារណរដ្ឋ​កូរ៉េ ដែលជា​ឈ្មោះ​ផ្លូវការ​របស់​កូរ៉េខាងជើង និង​ខាងត្បូង ត្រូវបាន​បង្កើតឡើង​កាលពី៧៥​ឆ្នាំមុន ប៉ុន្តែ​ប្រទេសនីមួយៗនៅតែ​ចាត់ទុក​ផ្នែក​​ផ្សេង​ៗ​ខ្លះទៀតជា​​លក្ខណៈ​បច្ចេកទេស​​ថា​ជា​អង្គភាព​ខុសច្បាប់។

រហូតមកដល់​ពេលនេះ អ្វីដែល​បានអនុម័ត​សម្រាប់​ទំនាក់ទំនង​ការទូត​របស់​ពួកគេ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង​បង្រួបបង្រួម​របស់​ទីក្រុង​សេ​អ៊ូ​ល និង​គណៈកម្មាធិការដើម្បី​ការ​បង្រួប​បង្រួម​ដោយ​សន្តិភាព របស់​ទីក្រុង​ព្យុងយ៉ាង​ ដែលជា​ទីភ្នាក់ងារ​មួយ​ក្នុងចំណោម​ទីភ្នាក់ងារ​ដែល​សភា​ប្រជាជន​កំពូល​បានប្រកាសថា​ត្រូវបាន​លុបចោល។

សេចក្តីសម្រេច​ដែល​បានអនុម័ត​ដោយ​សភា​នេះ យោងទៅតាម KCNA បាន​និយាយថា៖​«រដ្ឋ​​ដែលមាន​អរិភាព​បំផុត​ទាំង២ ​​ដែល​កំពុងមាន​សង្គ្រាម ឥឡូវនេះ​កំពុង​ប្រឈមមុខគ្នា​យ៉ាង​ធ្ងន់ធ្ងរ​​នៅ​លើ​​ឧបទ្វីប​កូរ៉េ»និង​បាន​បន្ថែមថា«ការបង្រួបបង្រួម​កូរ៉េ​មិនអាច​សម្រេចបាន​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ទេ»៕