យន្តហោះពីរគ្រឿង ដោយមួយជាគ្រឿងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍ Korean Air នៃប្រទេសកូរ៉េខាងត្បូង និងមួយគ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific មានមូលដ្ឋាននៅហុងកុង បានបុកគ្នានៅអាកាសយានដ្ឋាន New Chitose ក្នុងទីក្រុងហុកកៃដូ ភាគខាងជើងប្រទេសជប៉ុននៅថ្ងៃទី១៦ ខែមករានេះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង៣០ នាទីល្ងាចម៉ោង នៅតំបន់កើតហេតុ ត្រូវនឹងម៉ោងប្រហែល៤និង៣០នាទីម៉ោងនៅប្រទេសកម្ពុជា។
Yahoo Japan បានរាយការណ៍ថា មានអ្នកដំណើរ និងនាវិកចំនួន ២៨៩ នាក់នៅលើជើងហោះហើរ Korean Air ដោយបន្ថែមថាគ្មាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែយន្តហោះ Cathay Pacific មិនមានអ្នកដំណើរនៅលើយន្តហោះនោះទេ។
ឧបទ្ទវហេតុនេះកើតឡើងពីរសប្តាហ៍បន្ទាប់ពីការប៉ះទង្គិចគ្នារវាងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) និងយន្តហោះរបស់ឆ្មាំឆ្នេរសមុទ្រនៅឯអាកាសយានដ្ឋាន Haneda ក្នងទីក្រុងតូក្យូ ដែលបណ្តាលឱ្យនាវិកនៃយន្តហោះឆ្មាំសមុទ្រជប៉ុន៥នាក់បានស្លាប់៕