ប្រជាជន​ដែល​រស់នៅ​រដ្ឋ Iowa បាន​ជំនះ​នូវ​អាកាសធាតុ​ដ៏​ត្រជាក់ ​ដើម្បី​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​សាលារៀន​និង​មជ្ឈមណ្ឌលសំខាន់ៗតាម​សហគមន៍​ និង​តំបន់​ប្រជុំជន​ផ្សេងទៀត​ ដើម្បី​ជ្រើស​បេក្ខភាព​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​ពួកគេ​ពេញចិត្ត។ ​ទោះ​​យ៉ាងណា​ លោក​ ដូ​ណា​ល់​ត្រាំ​ អតីត​ប្រធានាធិបតី​អាមេរិក​ហាក់​កំពុង​មានប្រៀប​ជាងគេ​ក្នុងចំណោម​បេក្ខភាព​ឯទៀត។

បើទោះបីជា​ការអះអាង​នេះ​មិនមែនជា​លទ្ធផល​ផ្លូវការ​ក៏ដោយ​ប៉ុន្តែ​ប្រជាជន​ដែល​បាន​ចូលរួម​បោះឆ្នោត​តាម​តំបន់​ប្រជុំជន​ក្នុង​រដ្ឋ Iowa បាន​និយាយថា​លោក​ដូ​ណា​ល់​ត្រាំ​គឺជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​អាច​ឆក់យក​តំណែង​ប្រធានាធិបតី​ពី​លោក​ចូ​បៃ​ឌិន​បាន។

យ៉ាងណាមិញ​ការជួបប្រជុំគ្នា​ដើម្បី​រើស​បេក្ខភាព​ប្រធានាធិបតី​ចេញពី​បក្ស​សាធារណរដ្ឋ​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែមករា​នា​ម៉ោង ៧ យប់ (ម៉ោង​នៅ​សហរដ្ឋអាមេរិក) ដែល​ត្រូវ​នឹង​ថ្ងៃទី១៦ ខែមករា​ ម៉ោង ៨ ព្រឹក​នៅ​កម្ពុជា។

តាមរយៈ​ការបោះឆ្នោត​ស្ទង់​មតិ​ដំបូង​គេ​ក្នុង​រដ្ឋ Iowa នេះ​សម្លេង ៤ ក្នុងចំណោម ១០ បានលើកឡើង​ពី​បញ្ហា​អន្តោប្រវេសន៍។ សម្លេង ៤ ទៀត​បានលើកឡើង​ពី​បញ្ហា​សេដ្ឋកិច្ច​ដែល​គួរ​ជា​បញ្ហា​ដែល​ទាមទារ​ការដោះស្រាយ​និង​សម្លេង២ទៀត​បានលើកឡើង​ពី​គោលនយោបាយ​បរទេស។

មិន​ដូច​ការបោះឆ្នោត​ទូទៅ​នោះទេ​ការបោះឆ្នោត​នៅ​រដ្ឋ Iowa តម្រូវឱ្យ​អ្នកបោះឆ្នោត​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុមតូចៗដើម្បី​បោះឆ្នោត​ដោយ​សម្ងាត់​ក្រោយពេល​បេក្ខភាពនីមួយៗបានធ្វើ​យុទ្ធនា​ការឃោសនា​រួចហើយ។

រដ្ឋ Iowa នេះ​បាន​ដើរតួនាទី​ជា​ប្រវត្តិសាស្ត្រ (ប្រមាណ ៥០ ឆ្នាំ​ចុងក្រោយ) នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយសារតែ​រដ្ឋ​នេះ ​ជាទី​ចាប់​ផ្ដើមដំបូង​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​សហរដ្ឋអាមេរិក។

កាលពី​ដើមឡើយ​រដ្ឋ​នេះ​ ជា​សម្លេងគាំទ្រ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កាលណោះ​មាន​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ជា​ប្រធានាធិបតី។ប៉ុន្តែ​ក្រោយមក​រដ្ឋ​នេះ​បាន​ផ្លាស់ប្ដូរ​ការគាំទ្រ​ទៅខាង​គណបក្ស​សាធារណៈរដ្ឋ​វិញ​ម្ដង។

​រហូតមក​ដល់ពេលនេះ​បេក្ខភាព​ប្រធានាធិបតី​ចេញពី​គណបក្ស​សាធារណរដ្ឋ​ចំនួន ៣ នាក់ ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​គឺ​លោក​ដូ​ណា​ល់​ត្រាំ​លោក Ron DeSantis និង​អ្នកស្រី Nikki Haley៕