អាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋាន New Chitose នៅកោះហុកកៃដូភាគខាងជើងប្រទេសជប៉ុន បានប្រកាសលុបចោលជើងហោះហើរ ៤៦ ភ្លាមៗ ក្រោយហេតុការណ៍យន្តហោះកូរ៉េខាងត្បូង និងហុងកុង ប៉ះគ្នា និងការធ្លាក់ព្រិលខ្លាំងនៅល្ងាចថ្ងៃអង្គារនេះ។
ឧបទ្ទវហេតុយន្តហោះបុកគ្នានៅប្រទេសជប៉ុននាពេលនេះ កើតឡើងចន្លោះគ្នាតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) និងយន្តហោះរបស់ឆ្មាំឆ្នេរសមុទ្របានបុកគ្នានៅឯអាកាសយានដ្ឋាន Haneda ក្នងទីក្រុងតូក្យូ ដែលបណ្តាលឱ្យនាវិកនៃយន្តហោះឆ្មាំសមុទ្រជប៉ុន ៥ នាក់ បានស្លាប់។
ឧបទ្ទវហេតុលើកនេះក៏មានសេចក្តីរាយការណ៍បឋមថា គ្មានអ្នកស្លាប់ក្នុងហេតុការណ៍នោះទេ បើទោះបីជាយន្តហោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍ Korean Air មានផ្ទុកអ្នកដំណើររហូតដល់ ២៨៩ នាក់ ខណៈយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific មានមូលដ្ឋាននៅហុងកុង មិនមានអ្នកដំណើរទេ។
ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បាននិយាយថា យន្តហោះមួយក្នុងចំណោមយន្តហោះរបស់ខ្លួនត្រូវបានប៉ះជាមួយក្រុមហ៊ុនអាកាសចរណ៍ Korean Air។ យោង Hindustan Times។
ទោះយ៉ាងណា យន្តហោះរបស់ Cathay Pacific ចត នៅស្ងៀមនៅពេលឧបទ្ទវហេតុកើតឡើងដោយគ្មានអតិថិជន ជាអ្នកដំណើរ ឬនាវិកនៅលើយន្តហោះនៅពេលបុកដោយយន្តហោះ Korean Air A330 ដែលកំពុងបើក៕