សហរដ្ឋអាមេរិកបានអះអាងថា ក្រុមសកម្មប្រយុទ្ធហ៊ូធីបានបាញ់មីស៊ីលផ្លោងទៅលើនាវាដឹកកុងតឺន័រគ្រប់គ្រងដោយអាមេរិក ដែលកំពុងរំកិលខ្លួនក្នុងឈូងសមុទ្រអេដេន ក្បែរប្រទេសយេម៉ែន ចំពេលដែលភាពតានតឹងក្នុងតំបន់កើនឡើង។
បណ្ដាញព័ត៌មាន BBC បានចុះផ្សាយដោយស្រង់សម្ដីរបស់បញ្ជាការយោធាសហរដ្ឋអាមេរិកសម្រាប់មជ្ឈិមបូព៌ា (Centcom) ដែលបាននិយាយថា ការវាយប្រហារបានកើតឡើងលើនាវាឈ្មោះ Gibraltar Eagle ប៉ុន្តែមិនបង្កឱ្យនរណាម្នាក់រងរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ នាវាដែលបំពាក់ទង់ជាតិកោះម៉ាស់សាលដដែល នៅតែធ្វើដំណើរទៅមុខធម្មតា។
ក្រុមហ៊ុនដឹកជញ្ជូន Eagle Bulk Shipping ដែលជាម្ចាស់នាវា បាននិយាយថា មុនពេលក្រុមហ៊ូធីផ្លោងមីស៊ីលទៅចំនាវា Gibraltar Eagle ដែលកំពុងដឹកផលិតផលដែកនោះ បានរំកិលខ្លួននៅរយៈចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីឆ្នេរយេម៉ែនក្នុងឈូងសមុទ្រអេដេន ដែលជាផ្លូវទឹកសំខាន់ចេញ-ចូលសមុទ្រក្រហម។
ក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើការវាយប្រហារលើនាវាដឹកទំនិញកាត់តាមច្រកសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកាមក ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន ប្រឆាំងនឹងសង្គ្រាមកម្ទេចក្រុមហាម៉ាស់របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
ក្រុមហ៊ូធីធ្លាប់បានទទូចថា ខ្លួនដាក់គោលដៅតែលើនាវាពាក់ព័ន្ធនឹងអ៊ីស្រាអែល ឬឆ្ពោះទៅផែនៅអ៊ីស្រាអែលប៉ុណ្ណោះ ហើយថា នឹងបញ្ឈប់សកម្មភាពរបស់ខ្លួនលុះត្រាអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅហ្គាហ្សាដែរ។
នៅចុងសប្ដាហ៍មុន អាមេរិក និងសម្ព័ន្ធមិត្តអង់គ្លេស បានរួមដៃគ្នាវាយប្រហារលើទីតាំងយោធារបស់ក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដើម្បីកម្ទេចធនធានដែលក្រុមសកម្មប្រយុទ្ធមួយនេះ យកទៅវាយប្រហារនាវាដឹកទំនិញក្នុងតំបន់។ ក្រុមហ៊ូធីប្រតិកម្មដោយនិយាយថា ខ្លួនប្ដេជ្ញាសងសឹកឱ្យចាស់ដៃ ហើយវាយប្រហារតម្រង់ចំគោលដៅ។
ចំពោះការផ្លោងមីស៊ីលលើនាវាកុងតឺន័រ Gibraltar Eagle កាលពីថ្ងៃចន្ទ ក្រុមហ៊ូធី បានចេញមុខទទួលខុសត្រូវ ដោយអ្នកនាំពាក្យ បាននិយាយលើកញ្ចក់ទូរទស្សន៍យេម៉ែននៅយប់ថ្ងៃចន្ទថា៖ «កងកម្លាំងប្រដាប់អាវុធយេម៉ែន ចាត់ទុកនាវា និងនាវាចម្បាំងអាមេរិក និងអង់គ្លេសទាំងអស់ ដែលចូលរួមក្នុងការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង»៕