យោងរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ក្រុមចោរបច្ចេកវិទ្យា (Hacker) របស់កូរ៉េខាងជើង បាននិងកំពុងសហការជាមួយអ្នកជួញដូរគ្រឿងញៀននៅតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់បណ្តាញសម្អាតលុយតាមរយៈបណ្តាញធនាគារខុសច្បាប់របស់ពួកគេ។
របាយការណ៍នេះបានបង្ហាញថា កាស៊ីណូ និងការជួញដូរគ្រីបតូ (Crypto) ដែលជាប្រាក់អេឡិចត្រូនិក បានក្លាយជាវេទិកាចម្បងសម្រាប់សកម្មភាពឧក្រិដ្ឋកម្មដែលពួកគេកំពុងប្រតិបត្តិការ។
ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានរកឃើញមានករណីមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់នៅតំបន់មេគង្គ រួមមានប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងកម្ពុជា។ ក្នុងចំណោមជនអនាមិកដែលពាក់ព័ន្ធទាំងនោះក៏មានក្រុមឡាហ្សារូស (Lazarus) របស់កូរ៉េខាងជើងផងដែរ ប៉ុន្តែការិយាល័យនេះមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមជុំវិញករណីទាំងនោះឡើយ។
ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មខាងលើបានរកឃើញសកម្មភាពគួរឱ្យសង្ស័យជាច្រើនតាមរយៈការវិភាគទិន្នន័យប្លុកឆេន (Blockchain) និងករណីនីមួយៗដែលបានកើតឡើង។
ពេលមានការទាក់ទងដើម្បីសាកសួរពីរបាយការណ៍នេះ មន្ត្រីកូរ៉េខាងជើងដែលសុំមិនបញ្ចេញឈ្មោះ១រូបដែលកំពុងបម្រើការប្រចាំនៅបេសកកម្មអង្គការសហ ប្រជាជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ជាពិសេសអំពីក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឡាហ្សារូស ហើយបានចោទប្រកាន់ថា របាយការណ៍នេះគឺជាការសន្និដ្ឋានផ្ដេសផ្ដាស និងជាព័ត៌មានមិនពិត។
ក្រុមឡាហ្សារូស ត្រូវបានសហរដ្ឋអាមេរិកអះអាងថា ជាក្រុមដែលស្ថិតក្រោមការដឹកនាំរបស់ការិយាល័យចារកម្មកូរ៉េខាងជើង។ អាមេរិកបានចោទប្រកាន់ថា ក្រុមនេះបានចូលរួមក្នុងការវាយប្រហារតាមអ៊ីនធឺណិតជាច្រើនលើកមកហើយ។ មិនត្រឹមតែប៉ុណ្ណោះប្រភពចំណូលដ៏សំខាន់របស់កូរ៉េខាងជើងក្នុងការយកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺបានមកពីប្រតិបត្តិការលួចយកមូលនិធិតាមអ៊ីនធឺណិតជាច្រើនរបស់ក្រុមឡាហ្សារូសនេះ។
របាយការណ៍ខាងលើបានបង្ហាញថា កាស៊ីណូនៅអាស៊ីអាគ្នេយ៍តែងតែជួយសម្រួលដល់អ្នកមានទ្រព្យសម្បត្តិរាប់លាន និងសម្រួលដល់ការជួញដូររូបិយប័ណ្ណគ្រីបតូដោយមិនមានការគ្រប់គ្រងច្បាស់លាស់។ ដូច្នេះ កាស៊ីណូហាក់កំពុងក្លាយជាប្រព័ន្ធធនាគារខុសច្បាប់ដែលប្រើប្រាស់ដោយឧក្រិដ្ឋជនហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
កាស៊ីណូជាកន្លែងដែលមានជំនាញក្នុងការផ្លាស់ទីលុយកខ្វក់ដោយសម្ងាត់ក្នុងទំហំច្រើន និងបំប្លែងរូបិយប័ណ្ណគ្រីបតូ ក៏ដូចជាសាច់ប្រាក់តាមរយៈការដាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការដើម្បីក្លាយជាលុយស្របច្បាប់៕