​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ជាមួយ​មហា​យក្ស​រុស្ស៊ី បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា លោក​ស្ទើរតែ​ទប់​អារម្មណ៍​លែង​ជាប់ ​២ ​ឬ ​៣ ​លើក និង​ហក់​ដាល់​ផ្ទៃមុខ​សម​ភាគី​សត្រូវ​ក្នុង​កិច្ចសន្ទនា​ក្នុងពេល​កន្លងមក ខណៈ​ក្រសួងការបរទេស​រុស្ស៊ី​ថា រិះគន់ថា លោក​អសមត្ថភាព​។​

​ដោយ​ការដកស្រង់​ការផ្សាយ​បន្ត​ពី​កិច្ច​សម្ភាសន៍​មួយ​របស់​អ្នក​ផលិត​វីដេអូ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក ឌី​មី​ត្រូ គូលី​បា (Dmytro Kuleba) បាន​រំឭក​អំពី​ស្ថានភាព​នៃ​ការចរចា​ដែល​ទប់​​អារម្មណ៍​លែង​ចង់បាន និង​ស្ទើរតែ​វាយ​ «​ចំ​ផ្ទៃមុខ​» របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ​យ ឡាវ​រ៉ូ​វ (Sergei Lavrov) ដែល​ដឹកនាំ​កិច្ចពិភាក្សា​ក្នុងដំណាក់កាល​ដំបូង​នៃ​ការ​លុកលុយ​របស់​ទីក្រុង​ម៉ូស្គូ​។​

​តាម​រ៉​យ​ទ័​រ ការកត់សម្គាល់​ខ្លីៗ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន គឺជា​ផ្នែក​មួយ​នៃ​កិច្ចសម្ភាសន៍​ក្រៅផ្លូវការ​រយៈពេល ​១ ​ម៉ោង​ជាមួយ​អ្នកសរសេរ​ប្លុក​វីដេអូ​ជនជាតិ​អ៊ុយ​​ក្រែ​ន​ដែល​ផ្តោតលើ​ប្រធានបទ​ជាច្រើន​ចាប់ពី​ការ​ចម្អិន​អាហារ រហូតដល់​ចំណង់​ចំណូលចិត្ត និង​បាល់ទាត់​អ៊ុយ​ក្រែ​ន​។​

​នៅពេល​ត្រូវបាន​សួរ ជា​ផ្នែក​នៃ​សំណួរ​ងាយ​ឱ្យ​ផ្ទុះ​កំហឹង​ឡើង​យ៉ាង​ឆាប់រហ័ស អំពី​សំណុំរឿង​នៃ​ការចរចា​ដ៏​លំបាក​បំផុត លោក គូលី​បា បាន​និយាយថា​៖ «​ការពិភាក្សា​ដ៏​លំបាក​បំផុត​គឺ​មនុស្ស​ដែល​អ្នកមាន​អារម្មណ៍​ជាធម្មតា​ថា អ្នក​ចង់តែ​ស្ទុះ​ទៅ​ដាល់​មុខ​មនុស្ស​ដែល​អង្គុយ​នៅ​ទល់មុខ​អ្នក​ឱ្យចំ​ច្រមុះ ប៉ុន្តែ​អ្នក​ពិតជា​មិនអាច​ធ្វើ​វា​បានទេ​»​។​

​រ៉​យ​ទ័​របា​ន​ស្រង់​សម្តី​ដូច​និយាយថា​៖ «​ខ្ញុំ​អាច​និយាយបានថា​រឿងនេះ​ធ្លាប់បាន​កើតឡើង ​២ ​ឬ​ ៣​ ដង​ហើយ​។ ពេល​មួយ គឺជា​មួយ Lavrov នៅ ​(​ទីក្រុង​ទេសចរណ៍​តួ​ក​គី​) Antalya នៅ​និ​ទាឃ​រដូវ ឆ្នាំ​ ២០២២»​។​

​អ្នកចរចា​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ បាន​ជួបប្រជុំគ្នា​ជាច្រើន​ជុំ​នៃ​កិច្ចចរចា​នៅ​ដើម​សប្តាហ៍​បន្ទាប់ពី​ការ​លុកលុយ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ដែល​ដំបូង​គេ​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​ក្នុងប្រទេស​បេឡា​រុស និង​ក្រោយមក​បានធ្វើ​ឡើង​នៅ​ប្រទេស​តួ​ក​គី​។​

​លោក គូលី​បា បាន​និយាយ​នៅពេលនោះ​ថា កិច្ចចរចា​នៅ​ប្រទេស​តួ​ក​គី​មានការ​ពិបាក និង​ដោះស្រាយ​ជាមួយនឹង​បទ​ឈប់​បាញ់ និង​ការរៀបចំ​ច្រករបៀង​មនុស្សធម៌​។ គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​រក​ឃើញ​ក្នុង​ការចរចា​ទាំង​នោះទេ ហើយក៏​មិនមាន​ការចរចា​ទៀត​ដែរ​ចាប់តាំងពី​ពេលនោះ​មក​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskiy)​ ច្រានចោល​ការចរចា​ជាមួយ​ទីក្រុង​ម៉ូស្គូ​រហូត​ទាល់តែ​ទាហាន​រុស្ស៊ី​ត្រូវ​ដកចេញ​ពី​អ៊ុយ​ក្រែ​ន​ឱ្យ​នៅសល់​តិចជាង​ ២០ ​ភាគរយ​នៃ​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​ឥឡូវនេះ​។​

​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និយាយថា រុស្ស៊ី​ត្រៀមខ្លួន​រួច​ជា​​ស្រេច​សម្រាប់​កិច្ចពិភាក្សា ប៉ុន្តែ​បាន​ប្តេជ្ញា​បន្ត​នូវ​អ្វីដែល​ទីក្រុង​ម៉ូស្គូ​ហៅថា​«​ប្រតិបត្តិ​ការ​យោធា​ពិសេស​» របស់ខ្លួន​។​

​នៅ​ទីក្រុង​ម៉ូស្គូ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​និយាយថា ការ​ថ្លែង​ចុងក្រោយ​របស់លោក គូលី​បា បានបង្ហាញ​ពី​ការ​​អសមត្ថភាព​នៃ​ការដឹកនាំ​របស់​អ៊ុយ​ក្រែ​ន​។​

​លោកស្រី Zakharova បាន​ប្រាប់​កាសែត Izvestia​ ប្រចាំថ្ងៃ​ថា​«​ហើយ​នោះ​ជា​បញ្ហា​៖ មនុស្ស​ដែល​មិនមាន​ការអប់រំ និង​មនុស្ស​ឆេវឆាវ​ត្រូវបាន​ជ្រើសរើស​ក្រោម​ការ​ក្លែងបន្លំ​ធ្វើជា​រដ្ឋមន្ត្រី ដើម្បី​បំផ្លាញ​អ៊ុយ​ក្រែ​ន ដើម្បី​លុយ​អាមេរិក​»​។​

​លោកស្រី​បន្ថែមថា​៖«​ប្រហែលជា​គាត់​ស្ថិតក្នុង​ការប្រកួត​ដែល​គ្មាន​ការរារាំង​ជាជាង​កិច្ចការបរទេស​?»៕