ប្រទេសចិន ដែលជារឿយៗបង្ហាញអរិភាពជាមួយហ្វីលីពីននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ បានកោះហៅជួបឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង ហើយបានព្រមានថា «សូមកុំលេងជាមួយភ្លើង»។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បានចេញសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានបង្ហាញពីគោលជំហរប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់ លោក ម៉ាកូស ដែលបានអបអរសាទរចំពោះលោក ឡៃហើយថែមទាំងបានចាត់ទុកលោក ឡៃ ជាប្រធានាធិបតីក្នុងអាណត្តិថ្មីរបស់តៃវ៉ាន់ទៀតផង។
សុន្ទរកថារបស់លោកប្រធានាធិបតី ម៉ាកូស បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ (One China Principle) និងរំលោភលើការប្តេជ្ញាចិត្តនយោបាយដែលធ្វើឡើងដោយហ្វីលីពីនចំពោះប្រទេសចិន ក៏ដូចជាការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង(Mao Ning)នៅក្នុងសន្និសីទសារព័ត៌មានមួយ។
លោកស្រី ម៉ៅ បានបញ្ជាក់ថា ៖«ចិនជំទាស់យ៉ាងដាច់ខាតចំពោះហ្វីលីពីនហើយបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីចូលមកពន្យល់ប្រកបដោយការទទួលខុសត្រូវ»។
លោកស្រីបានបន្តថា ៖ «លោកប្រធានាធិបតី ម៉ាកូស គួរតែអានសៀវភៅឱ្យបានច្រើនជាងនេះ ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាតៃវ៉ាន់ និងដើម្បីឈានដល់ការសន្និដ្ឋានមួយដ៏ត្រឹមត្រូវ»។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសហ្វីលីពីនបានបង្ហាញថាខ្លួននៅគាំទ្រគោលនយោបាយចិនតែមួយរបស់ខ្លួន ហើយបានពន្យល់ថា សាររបស់លោក ម៉ាកូស មានគោលបំណងទទួលស្គាល់ពីផលប្រយោជន៍ទៅវិញទៅមករវាងហ្វីលីពីននិងតៃវ៉ាន់ ជាពិសេសសុខុមាលភាពរបស់កម្មករហ្វីលីពីនចំនួន ២ សែននាក់ដែលកំពុងធ្វើការនៅលើកោះប្រជាធិបតេយ្យមួយនេះ។
សេចក្តីថ្លែងការណ៍ដដែលខាងលើបានពន្យល់ថា លោក ម៉ាកូស គ្រាន់តែបានថ្លែងអំណរគុណដល់កោះតៃវ៉ាន់សម្រាប់ការធ្វើជាម្ចាស់ផ្ទះទទួលពលករហ្វីលីពីននិងលើកសរសើរដល់ការរក្សាបាននូវដំណើរការប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយហ្វីលីពីននៅតែប្រកាន់ជំហររឹងមាំលើគោលនយោបាយចិនតែមួយ។
ការមិនសប្បាយចិត្តរបស់ចិនចំពោះការលើកឡើងរបស់លោក ម៉ាកូស គឺជាការដុតកម្ដៅបន្ថែមទៀតទៅលើជម្លោះដែលប្រទេសទាំងពីរកំពុងមានស្រាប់។ ភាពតានតឹងនេះកើតឡើងស្របពេលដែលហ្វីលីពីនកំពុងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រួមមានការពង្រីកកិច្ចព្រមព្រៀងយល់ព្រមឱ្យយោធាអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន។
មេដឹកនាំជាច្រើននៅលើពិភពលោក រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បានចេញសារអបអរសាទរចំពោះជ័យជម្នះរបស់លោក ឡៃ។ ពួកគេក៏បានជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងអំណរគុណដល់លោក ម៉ាកូស ដោយបានលើកឡើងពីការសហការគ្នាដើម្បីការពារគុណតម្លៃរួមគឺ សេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ តៃវ៉ាន់ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។
ហ្វីលីពីនបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយទីក្រុងតៃប៉ិ ដោយបានបង្កើតការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលបំពេញមុខងារដូចគ្នានឹងស្ថានទូតជាក់ស្ដែង៕