ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ផ្ដាច់មុខដោយសម្ភាសន៍មន្រ្តីកំពូលកាណាដាម្នាក់ ដែលនិយាយថា ការបើកទទួលសិស្សនិស្សិតពីឥណ្ឌាឱ្យទៅសិក្សានៅក្នុងប្រទេសកាណាដា បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីចុងឆ្នាំមុន ដោយសារតែជម្លោះការទូតរវាងប្រទេសទាំង ២ ទាក់ទងនឹងសំណុំរឿងសម្លាប់មេដឹកនាំសាសនាស៊ិក។
រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដា លោក Marc Miller បានបន្ថែមក្នុងបទសម្ភាសន៍ដដែលថា ចំនួននៃការផ្ដល់សិទ្ធិសិក្សានៅកាណាដាទៅដល់សិស្សឥណ្ឌា ទំនងជាមិនងើបឡើងវិញក្នុងពេលឆាប់ៗនេះទេ។លោកនិយាយថា ភាពតានតឹងទំនងជានឹងបន្តបន្ថែមទម្ងន់លើតួលេខនេះ ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងកាណាដា និងឥណ្ឌា «បានកាត់បន្ថយសមត្ថភាពរបស់យើងពាក់កណ្តាល ក្នុងការដំណើរការទទួលពាក្យសុំបន្តការសិក្សាជាច្រើនពីប្រទេសឥណ្ឌា»។
រដ្ឋមន្រ្តីដដែលបន្តថា ការធ្លាក់ចុះជាក់ស្ដែងគឺដោយសារតែឥណ្ឌា បានបណ្ដេញចេញអ្នកការទូតកាណាដាដែលទទួលបន្ទុកលើដំណើរការផ្ដល់សិទ្ធិបន្តការសិក្សា និងការធ្លាក់ចុះនៃការដាក់ពាក្យពីសិស្សនិស្សិតឥណ្ឌា ដោយសារតែវិបត្តិការទូតដូចគ្នា។
ភាពតានតឹងការទូតរវាងប្រទេសទាំង២ បានផ្ទុះឡើងកាលឆ្នាំមុន ក្រោយនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ឌ្រូដូ បាននិយាយថា អ្នកស៊ើបអង្កេតកាណាដាមានភស្តុតាងដែលតភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាទៅនឹងឃាតកម្មលើមេដឹកនាំស៊ិខ លោក Hardeep Singh Nijjar នៅខេត្តប្រ៊ីធីហ្សកូឡុំប៊ី កាលពីខែមិថុនា ឆ្នាំមុន។
លោក Nijjar ដែលគាំទ្រការផ្ដាច់ខ្លួនរបស់សាសនិកស៊ិខនៅឥណ្ឌា ត្រូវបានរដ្ឋាភិបាលឥណ្ឌារាប់ចូលថាជាភេរវករ។
នៅខែតុលា ប្រទេសកាណាដាបង្ខំដកអ្នកការទូតចំនួន ៤១ នាក់ ឬ២/៣ នៃបុគ្គលិករបស់ខ្លួនចេញពីប្រទេសឥណ្ឌា តាមការបញ្ជាពីរដ្ឋាភិបាលឥណ្ឌា។ វិវាទដដែល បានជំរុញឱ្យនិស្សិតឥណ្ឌា ស្វែងរកទៅសិក្សានៅប្រទេសផ្សេងៗ។
កត្តាទាំងនោះ បាននាំឱ្យការផ្ដល់សិទ្ធិដល់សិស្សនិស្សិតឥណ្ឌារបស់កាណាដានៅត្រីមាសទី៤ នៃឆ្នាំ២០២៣ បានធ្លាក់ចុះរហូតដល់ ៨៦ ភាគរយ បើធៀបនឹងត្រីមាសទី៣ ពោលគឺពីចំនួន ១០៨ ៩៤០ នាក់ មកត្រឹម ១៤ ៩១០ នាក់។ នេះបើតាមការស្រង់ទិន្នន័យរបស់រ៉យទ័រ។
លោក C. Gurusubramanian ទីប្រឹក្សានៃគណៈកម្មការជាន់ខ្ពស់នៃប្រទេសឥណ្ឌា ប្រចាំក្រុងអូតាវ៉ា របស់កាណាដា បាននិយាយថា និស្សិតឥណ្ឌាដែលសិក្សានៅបរទេសមួយចំនួន កំពុងសម្លឹងមើលជម្រើសផ្សេងទៀតក្រៅពីប្រទេសកាណាដា ដោយសារការព្រួយបារម្ភនាពេលថ្មីៗនេះ ទាក់ទងនឹងកង្វះលំនៅដ្ឋាន និងកង្វះទីកន្លែងបង្រៀនសមរម្យនៅវិទ្យាស្ថានមួយចំនួនរបស់កាណាដា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សិស្សនិស្សិតឥណ្ឌារួមចំណែកដ៏ធំបំផុត លើចំនួនសិស្សពីបរទេសក្នុងប្រទេសកាណាដា ដោយមានច្រើនជាង ៤១ ភាគរយ ឬ ២២៥ ៨៣៥ នាក់ ក្នុងចំណោមសិ ស្សបរទេសដែលមានទទួលបានការផ្ដល់សិទ្ធិទាំងអស់ក្នុងឆ្នាំ ២០២២។
គេមើលឃើញថា និស្សិតពីបរទេស គឺជាប្រភពចំណូលដ៏ធំសម្រាប់សាកលវិទ្យាល័យនានារបស់កាណាដាដោយផ្ដល់ចំណូលបានប្រហែល ១៦,៤ ប៊ីលានដុល្លារ ជារៀងរាល់ឆ្នាំ។ ការធ្លាក់ចុះនៃការផ្ដល់សិទ្ធិសិក្សាទៅនិស្សិតបរទេសរួមមានឥណ្ឌា នឹងបង្កជាបញ្ហាលើបញ្ហានេះ។
កាណាដា គឺជាទិសដៅដ៏ពេញនិយមសម្រាប់និស្សិតបរទេស ដោយសារសិស្សនិស្សិតមានភាពងាយស្រួលក្នុងការទទួលបានសិទ្ធិធ្វើការ ក្រោយបញ្ចប់វគ្គសិក្សាក្នុងប្រទេសនេះ៕