ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​​ឱ្យដឹង​​នៅ​​ថ្ងៃ​ពុធ​ថា​ ​​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួ​ន​​​២រូប​ អង្គ​ភាព​ចំនួន​៣​ និង​នាវា​ចំនួន​ ១១​ គ្រឿង​ ដែល​ពាក់​​ព័ន្ធ​ទៅនឹ​ង​កម្មវិធី​​ផលិត​អាវុធ​​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​។​

​​ក្រសួង​​បាន​គូស​បញ្ជាក់​ថា​​ គោល​ដៅ​ដែល​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ថ្មី​នេះ​ ភាគ​ច្រើន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថាមពល​ខុស​ច្បាប់​តាម​សមុទ្រ​ ចូល​ទៅ​កូរ៉េខាង​ជើង​។

ដោយ​សារ​តែ​ភាព​ជាប់​គាំងយូរ​យា​រ​​នៅ​​​អង្គការ​សហ​ប្រជាជាតិ​ កូរ៉េខាង​ត្បូង​​បាន​ងាក​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង​ដោយ​ខ្លួន​ឯង​ ឬ​​រួម​គ្នា​ជាមួយ​​សហរដ្ឋ​​​​អាមេរិក​ និង​ជប៉ុន​ ​ដើម្បី​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ប្រភព​មូលនិធិ​ដែល​កូរ៉េខាង​ជើង​យក​ទៅ​ប្រើ​​ក្នុង​កម្មវិធី​ផលិត​អាវុធ​របស់​ខ្លួន​។ 

ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​នា​ពេល​នេះ​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​ប្រើ​ឥន្ធនៈ​រឹង​មាន​ល្បឿន​​​​លឿន​ជាង​សំឡេង​ ​ ​ដែល​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​បាន​ថ្កោល​ទោ​ស​យ៉ាង​ខ្លាំង​ថា​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សេចក្ដី​សម្រេច​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​។​

គេ​មើល​ឃើញ​ថា​ ស្ថាន​ភាព​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​​តាន​តឹង​ខ្លាំង​ ជុំ​វិញ​ការ​សាក​ល្បង​អាវុធ​របស់​កូរ៉េខាង​ជើង​ និង​​សកម្មភាព​យោធា​របស់​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ រួម​មាន​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​ ដើម្បី​ «ទប់​ទល់​នឹង​​ការ​គំរាម​កំហែង​របស់​ក្រុង​ព្យុងយ៉ាង​»៕​