ទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានបង្ហាញថា ក្រុមហ៊ុនផលិតផលបច្ចេកវិទ្យា Apple របស់សហរដ្ឋអាមេរិក បានរួមចំណែក ១/៥ លើទីផ្សារចែកចាយទូរស័ព្ទរបស់ពិភពលោក ដោយវ៉ាដាច់ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំជាងគេបំផុតជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។
ក្រុមហ៊ុន Samsung ឈរនៅចំណាត់ថ្នាក់លេខ ២ ដោយរួមចំណែកទីផ្សារដូចគ្នាប្រមាណ ១៩,៤ ភាគរយ ខណៈក្រុមហ៊ុនផលិតទូរស័ព្ទចិនដូចជា Xiaomi ក្រុមហ៊ុន OPPO និងក្រុមហ៊ុន Transsion ឈរនៅតាមលំដាប់ពីក្រោយ។
ការលក់ទូរស័ព្ទស្មាតហ្វូនបានធ្លាក់ចុះ ក្រោយប្រជាជនជាច្រើនទូទាំងពិភពលោកដូរម៉ាកទូរស័ព្ទឱ្យកាន់តែទំនើបក្នុងវិបត្តិកូវីដ ១៩ រួចហើយ។
របាយការណ៍ពី IDC បង្ហាញថា ស្មាតហ្វូនជិត ១,២ ប៊ីលានគ្រឿង ត្រូវបានលក់កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះជាង ៣ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ វាគឺជាចំនួនលក់ទាបបំផុតក្នុងរយៈពេល ១ ទសវត្សរ៍កន្លងទៅ ដោយអ្នកប្រើប្រាស់ជាច្រើនបានកាត់បន្ថយការចំណាយ ដោយសារតែការប្រឈមមុខនឹងបញ្ហាផ្នែកសេដ្ឋកិច្ច និងអត្រាការប្រាក់ខ្ពស់។ ទោះយ៉ាងណាអ្នកជំនាញព្យាករថា ទីផ្សារលក់ស្មាតហ្វូននឹងងើបឡើងវិញនៅឆ្នាំនេះ។
IDC លើកឡើងថា ក្រុមហ៊ុន Apple បានលក់ស្មាតហ្វូនរបស់ខ្លួនប្រមាណ ២៣៤ លានគ្រឿង កាលពីឆ្នាំមុន ដែលធ្វើឱ្យក្រុមហ៊ុននេះឈរនៅលំដាប់ទី ១ ជាលើកដំបូងបំផុតលើទីផ្សារលក់ស្មាតហ្វូន ទោះបីជាប្រឈមមុខនឹងបញ្ហាផ្នែកច្បាប់ និងការប្រកួតប្រជែងជាថ្មីពីក្រុមហ៊ុន Huawei នៅប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ Apple។
IDC ថា ទីផ្សារស្មាតហ្វូនកំពុងឈានចូលដល់ «ពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍»៕