​ក្រោយពី​ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែ​ន​ជួបប្រជុំ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មកពី​ជាង ​៨៣ ​ប្រទេស​ក្នុង​ទីក្រុង Davos ប្រទេស​​ស្វ៊ី​ស​នៅ​ដើម​សប្តាហ៍​នេះ ក្រសួង​ការ​បរ​ទេស​រុស្ស៊ី​ហៅ​កិច្ចប្រជុំ​សន្តិភាព​អ៊ុយ​ក្រែ​ន​នាពេលនោះ​ថា ​«​គ្មាន​ន័យ​» និង​ជា​ផែន​​ការមិនអាច​សម្រេចបាន​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ លោក Andriy Yermak នាយ​សេនាធិការ​ចម្រុះ (chief of staff) របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​វត្តមាន​ប្រទេស​ចិន​ក្នុង​ការចូលរួម​ក្នុង​កិច្ចចរចា​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ​រុស្ស៊ី​។​

​យោង​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​បង្ហាញ​កាន់តែច្បាស់​សម្រាប់​ពិភពលោក​ថា ផែនការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskiy) ដើម្បី​ដោះស្រាយ​សង្គ្រាម​ជិត​ ២ ​ឆ្នាំ​មិនមាន​សង្ឃឹម​ទទួលបាន​ជោគជ័យ និង​បាន​ច្រានចោល​កិច្ចប្រជុំ​ដែល​ផ្តោតលើ​បញ្ហា​សន្តិភាព​នោះ​ថា «​គ្មាន​ន័យ និង​គ្រោះថ្នាក់​»​។​

​ដោយ​ដកស្រង់​ចេញពី​គេហទំព័រ​របស់​ក្រសួងការបរទេស​រុស្ស៊ី ភាគី​រុស្ស៊ី​បាន​អះអាងថា កិច្ច​ប្រជុំបាន​លាតត្រដាង​ពី​ភាពខុសគ្នា​រវាង​អ្នកចូលរួម ហើយ​មិនមាន​ការកើនឡើង​នូវ​ការគាំទ្រ​ចំពោះ​សំណើ​នោះទេ​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​រួមជាមួយ​ប្រទេស​ដៃគូ​ផ្តល់ជំនួយ​សម្រាប់​ការធ្វើ​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​កន្លងមកនេះ បានរៀបចំ​កិច្ចប្រជុំ​ដែល​មានបំណង​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ការស្តារ​អ៊ុយ​ក្រែ​ន​ឡើង​លើក​ទី​ ៤ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​រកឃើញ​ផែន​ការ​សន្តិភាព​ណាមួយ​ឡើយ ដោយសារ​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បដិសេធ​ការចរចា​ដោយផ្ទាល់​ដើម្បី​បញ្ចប់សង្គ្រាម​។​

​ក្រសួងការបរទេស​រុស្ស៊ីបាន​លើកឡើងថា​៖ «​មានការ​យល់ដឹង​កាន់តែ​ច្រើនឡើង​ថា គ្មាន​សន្តិភាព​រួម យុត្តិធម៌ និង​និរន្តរភាព​ណាមួយ​អាច​សម្រេចបាន​ដោយ​ផ្តោតលើ​ឱសានវាទ​នៃ​រូបមន្ត​ហ្សេ​ឡេ​ន​ស្គី នោះទេ​។ កិច្ចប្រជុំ​បែបនេះ​ទាំងអស់  រួមទាំង​ការប្រជុំ​នៅ Davos និង​អ្នក​ដែល​ត្រូវ​អនុវត្តតាម​វា​គ្មាន​ន័យ និង​គ្រោះថ្នាក់​សម្រាប់​ការដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​»​។​

​ទោះជា​បែបណា កិច្ចប្រជុំ​ចុងក្រោយ​ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង Davos មានការ​ប្រែប្រួល​ខ្លាំង​ឆ្ពោះទៅរក​ដំណោះស្រាយ​នយោបាយ ដោយសារ​ភាគី​អ៊ុយ​ក្រែ​ន​បាន​មើលឃើញ​សារៈ​​សំខាន់​របស់​វត្តមាន​ចិន​ក្នុង​ដំណើរការ​ចរចា​រកស​ន្តិ​ភាព​នៅក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន ដោយ​ខុសពី​ពេលកន្លងមក ភាគី​អ៊ុយ​ក្រែ​ន​មិនបាន​ពេញចិត្ត​ជំហរ​របស់​ចិន​ឡើយ​៕