នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានថ្លែងទៅកាន់មេដឹកនាំអាជីវកម្មនៅ ក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វ៊ីសនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ថា នវានុវត្តន៍បច្ចេកវិទ្យាមិនគួរត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីរឹតបន្តឹង ឬរារាំងប្រទេសដទៃទេ។
លោក លី បានថ្លែងថា៖ «ដើម្បីឈានទៅរកការប្រកួតប្រជែងប្រកបដោយផ្លែផ្កា គឺត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍»។
លោក លី បានអះអាងថា ភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគួរតែផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែនប្រើដើម្បីរារាំងការរីកចម្រើនរបស់ប្រទេសដទៃនោះទេ។ លោកថ្លែងមិនចំពោះពីឈ្មោះនៃប្រទេសណាមួយជាក់លាក់នោះទេ ប៉ុន្តែកន្លងមក ប្រទេសចិនតែងតែបានអំពាវនាវឱ្យសហរដ្ឋអាមេរិកប្រកាន់គោលការណ៍បើកចំហ ជាពិសេសគឺត្រូវលុបចោលការរឹតបន្តឹងលើក្រុមហ៊ុនចិនមិនឱ្យទិញបច្ចេកវិទ្យាទំនើបៗពីក្រុមហ៊ុនអាមេរិក។
ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តោតលើការកាត់ផ្ដាច់ចិនចេញពីការចូលទៅកាន់ទីផ្សារអាមេរិកដើម្បីទិញឧបករណ៍ពាក់កណ្តាលចម្លង (Semiconductor) កម្រិតខ្ពស់ដែលអាចប្រើប្រាស់សម្រាប់បង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយសារតែអាមេរិកមានការព្រួយបារម្ភថាចិននឹងយកបច្ចេកវិទ្យារបស់ខ្លួនទៅបង្កើនសមត្ថភាពយោធា។
បន្ទាប់ពីថ្លែងសុន្ទរកថារួច លោក លី បានពិភាក្សាបន្ថែមអំពីហានិភ័យ និងឱកាសនៃការបង្កើត AI ដូចជាមុខងារតបសារដោយសារស្វ័យប្រវត្តិ ChatGPT ជាដើម។
លោក លី លើកឡើងថា ប្រទេសចិនគាំទ្រពហុភាគីនិយម និងបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាសកលបន្ថែមទៀត។ លោកបន្តថា ប្រទេសចិននឹងព្យាយាមដោះស្រាយបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយចំនួន ដែលពាក់ព័ន្ធនឹងលំហូរទិន្នន័យឆ្លងព្រំដែន និងធានាឱ្យមានការចូលរួមដោយស្មើភាពគ្នានៅក្នុងដំណើរការលទ្ធកម្មរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន បានប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងច្បាប់យ៉ាងតឹងរ៉ឹងជុំវិញការប្រមូលទិន្នន័យ និងការនាំចេញជាដើម។
លើសពីនេះ ពួកគេបានរិះគន់ថា រដ្ឋាភិបាលចិនអនុវត្តគោលនយោបាយធុរកិច្ចមិនស្មើភាពគ្នា និងអយុត្តិធម៌ តាមរយៈការផ្ដល់ឱ្យក្រុមហ៊ុនចិនក្នុងស្រុកនូវអាទិភាព និងអត្ថប្រយោជន៍ច្រើនជាងក្រុមហ៊ុនវិនិយោគពីបរទេស។
ប្រទេសចិនបានប្រកាសផ្តល់ជូនពលរដ្ឋស្វ៊ីសទាំងអស់នូវសិទ្ធិចូលក្នុងប្រទេសចិនដោយគ្មានទិដ្ឋាការ ហើយជាថ្នូរមកវិញ ស្វ៊ីសបានប្ដេជ្ញាថានឹងជួយសម្រួលពលរដ្ឋចិន និងអាជីវកម្មចិនដល់ការទទួលបានទិដ្ឋាការងាយស្រួលជាងមុន ដើម្បីអាចចូលទស្សនាឬវិនិយោគនៅក្នុងប្រទេសស្វ៊ីស។ ប៉ុន្តែ កាលបរិច្ឆេទជាក់លាក់នៃការអនុវត្តវិធានការនេះ នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។
លោក លី ក៏បានរំលេចថា សេដ្ឋកិច្ចចិនបានកើនឡើងប្រមាណជា ៥,២% ក្នុងឆ្នាំ ២០២៣។ យ៉ាងណាមិញ ការិយាល័យស្ថិតិជាតិចិននឹងចេញផ្សាយតួលេខសេដ្ឋកិច្ចនេះជាផ្លូវការ និងទិន្នន័យផ្សេងៗទៀតនៅក្នុងថ្ងៃពុធនេះ។ លោក លី បានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសចិនមិនផ្ដោតលើការចាក់លុយចូលទៅក្នុងចរន្តសេដ្ឋកិច្ចនោះទេ ប៉ុន្តែចិនបានផ្ដោតលើការផ្តល់អាទិភាពដល់កត្តាជំរុញពីខាងក្នុងមកវិញ ដើម្បីទទួលបានផលជះវិជ្ជមានក្នុងរយៈពេលវែង។
វេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះគ្មានវត្តមានផ្ទាល់របស់មេដឹកនាំសំខាន់ ២ រូបគឺ ប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកដែលប្រជែងគ្នា៕