អាជ្ញាធរថៃកំពុងបន្តស៊ើបអង្កេត ករណីផ្ទុះរោងចក្រកាំជ្រួចមួយនៅភាគកណ្តាលប្រទេសថៃបានបង្កឱ្យមនុស្សយ៉ាងហោចណាស់មនុស្ស ២៣ នាក់បានស្លាប់ កាលពីថ្ងៃពុធទី ១៧ ខែមករា នៅក្នុងខេត្ត Suphan Buri ដែលមានចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក។
ក្រោយការផ្ទុះនោះ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន ដែលកំពុងមានវត្តមាននៅឯវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) នៅទីក្រុងដាវ៉ូសប្រទេសស្វីសបានជំរុញឱ្យមានការស៊ើបអង្កេតជាបន្ទាន់ក្រោយទទួលបានព័ត៌មានសង្ខេបអំពីការផ្ទុះនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ AP។
ខណៈឧត្តមសេនីយ៍ទោលោក Naiyawat Phademchid បាននិយាយថាពេលនេះក្រុមមន្ត្រីកំពុងបិទតំបន់ជុំវិញនោះហើយធ្វើការកំណត់អត្តសញ្ញាណសាកសពនៅពេលដែលស្ថានភាពមានការប្រសើរឡើង។
អភិបាលខេត្ត Suphan Buri លោក Nattapat Suwanprateep បានបញ្ជាក់ប្រាប់ AFP ដោយយោងទៅតាមរបាយការណ៍របស់ក្រុមអ្នកសម្អាតគ្រឿងផ្ទុះ EOD ថាចំនួនអ្នកស្លាប់ពិតជាមានចំនួន ២៣នាក់។ លោក Nattapat បានបញ្ជាក់បន្ថែមថារោងចក្រនេះបានដំណើរការដោយស្របច្បាប់និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
បើតាមការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យចុះពិនិត្យរោងចក្រនេះដើម្បីពិនិត្យមើលថាតើវាដំណើរការដោយស្របច្បាប់ឬអត់ហើយការផ្ទុះនេះបណ្តាលមកពីការធ្វេសប្រហែសឬយ៉ាងណា។ហើយច្បាប់ត្រូវតែអនុវត្តឱ្យបានពេញលេញព្រោះអ្នកស្លាប់និងរបួសជាជនស្លូតត្រង់»។
រូបភាពដែលចែករំលែកដោយក្រុមសង្គ្រោះក្នុងតំបន់បានបង្ហាញឱ្យឃើញនូវកំទេចកំទីដែកដែលរាយប៉ាយនៅលើដីនិងផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅ។
ការផ្ទុះនៅក្នុងរោងចក្រផលិតកាំជ្រួចនិងឧបករណ៍បាញ់កាំជ្រួចផ្សេងទៀតមិនមែនជារឿងចម្លែកទេនៅប្រទេសថៃដោយកាលពី ២០២៣ មនុស្ស ១០នាក់ក៏បានបាត់បង់ជីវិត និងមនុស្សរហូតដល់ជាង ១០០នាក់បានរងរបួសបន្ទាប់ពីមានការផ្ទុះនៅក្នុងឃ្លាំងកាំជ្រួចនៅក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។
ជាមួយគ្នានេះប្រទេសថៃក៏មានកំណត់ត្រាសុវត្ថិភាពមិនល្អក្នុងវិស័យសំណង់ផងដែរដោយគ្រោះថ្នាក់ដែលបណ្ដាលឱ្យមនុស្សស្លាប់កើតមានជារឿយ៕