ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃទី១៧ ខែមករានេះ ថាខ្លួនបានកត់សម្គាល់ឃើញយន្តហោះកងទ័ពអាកាសចិនចំនួន ១៨ គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនិងថែមទាំងបានធ្វើសមយុទ្ធរួមគ្នាជាមួយនាវាចម្បាំងនៅជុំវិញកោះដែលជាសកម្មភាពយោធាទ្រង់ទ្រាយធំដំបូងគេនៅក្រោយការបោះឆ្នោត។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាចាប់ពីម៉ោងប្រហែល ៧និង៥០នាទីយប់ នាថ្ងៃទី ១៧ ខែមករាខ្លួនបានសម្គាល់ឃើញយន្តហោះចំនួន១៨ គ្រឿងរួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើងនិងភាគកណ្តាលដោយឆ្ពោះទៅភាគនិរតីនៃកោះនេះ។
ក្រសួងនេះ បានបន្ថែមថា យន្តហោះចំនួន១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនរបស់ច្រកសមុទ្រតៃវ៉ាន់ និងតំបន់ដែលនៅជិតនោះដោយធ្វើការជាមួយនាវាចម្បាំងដើម្បីអនុវត្តការល្បាតដើម្បីត្រៀមប្រយុទ្ធរួមគ្នា។
ដោយឡែកខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់ (មិនផ្លូវការ) ធ្លាប់ជារបាំងពុះចែករវាងភាគីទាំងពីរឱ្យដាច់ពីគ្នា ប៉ុន្តែបច្ចុប្បន្ន យន្តហោះរបស់ចិនតែងតែហោះហើរពីលើបន្ទាត់នេះដោយមិនញញើតសោះឡើយនិងថែមទាំងបានអះអាងទៀតថាខ្លួនមិនទទួលស្គាល់នូវខ្សែបន្ទាត់ខណ្ឌចែកផ្ទៃទឹកនោះទេ។
ក្រសួងការពារជាតិតៃវ៉ាន់ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា៖«សន្តិសុខនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍនិងស្ថិរភាពពិភពលោកហើយវាជាកាតព្វកិច្ច និងជាទំនួលខុសត្រូវមួយដែលភាគីទាំងអស់នៅក្នុងតំបន់ត្រូវតែចូលរួមឈឺឆ្អាល»។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា៖«យោធានឹងបន្តពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់យើងដើម្បីឆ្លើយតបចំពោះការគំរាមកំហែងរបស់សត្រូវទាំងក្នុងនិងក្រៅតំបន់»។
ប៉ុន្តែ យ៉ាងណានាថ្ងៃទី១៧ មករាដដែលការិយាល័យចិនទទួលបន្ទុកលើកិច្ចការតៃវ៉ាន់បាននិយាយថាជំហររបស់ទីក្រុងប៉េកាំងដែលថាខ្លួននឹងប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនគឺសំដៅលើការប្រើប្រាស់កម្លាំងលើការជ្រៀតជ្រែកពីបរទេសនិងការបំបែកខ្លួនមួយចំនួនតូចៗប៉ុណ្ណោះពោលគឺមិនសំដៅលើតៃវ៉ាន់ផ្ទាល់នោះទេ។
ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនជារឿយៗតែងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់តំបន់ជុំវិញកោះនេះ។
នៅមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ថ្មីៗនេះទៀតសោតចិនបានដាក់សម្ពាធយោធាកាន់តែខ្លាំងលើតៃវ៉ាន់ ប៉ុន្តែយ៉ាងណាកោះនេះនៅតែអះអាងពីជំហប្រជាធិបតេយ្យរបស់ខ្លួនដោយមិនចុះញមជាមួយឥទ្ធិពលរបស់ចិនដីគោកនោះឡើយ។
ការណ៍នេះបាននាំឱ្យលោក Lai Ching-te មកពីគណៈបក្សប្រជាធិបតេយ្យឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២៤ ខណៈដែលចិនកំពុងសង្កៀតធ្មេញដាក់គណៈបក្សនេះជាខ្លាំង។
ប៉ុន្តែបើទោះជាយ៉ាងនេះក្ដីចិននៅតែព្រមានតៃវ៉ាន់ឱ្យបន្ទន់ជំហររឹងរូសរបស់ខ្លួនខណៈដែលភាគីតៃវ៉ាន់នៅតែអះអាងពីសិទ្ធិសេរីភាពរបស់ប្រជាជនខ្លួនក្នុងការជ្រើសរើសអនាគតដោយខ្លួនឯង៕