មួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារតាមអាកាសដើម្បីកំណត់គោលដៅក្រុមជីហាដ (Jihadist Group) ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ទីក្រុងអ៊ីស្លាម៉ាបាដ បានសងសឹក វិញដោយការវាយប្រហារនៅទីតាំងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់។ យោង បណ្តាញសារព័ត៌មាន WION។
សារព័ត៌មានខាងលើ បានដកស្រង់ប្រភពយោធាប៉ាគីស្ថានបានអះអាងថា ប៉ាគីស្ថានវាយប្រហារលើទីតាំងរបស់់ក្រុមជនជនជាតិ Baloch ដែលយោធាប៉ាគីស្ថានបានបរិយាយថាជា«ភេរវករ» នៅក្នុងប្រទេសអ៊ីរ៉ង់ តាមរយៈកម្លាំងទ័ពអាកាស ចូលទៅក្នុងតំបន់ Saravan និង Jalq ដែលជ្រៅក្នុងប្រទេសអ៊ីរ៉ង់។
ប្រភពបានបន្ថែមថា ទីតាំងជាច្រើនត្រូវបានកងកម្លាំងប៉ាគីស្ថានកំណត់គោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។
ប្រទេសប៉ាគីស្ថាននៅពេលក្រោមមកទៀតត បានអះអាងថា ខ្លួនបានបើកប្រតិបត្តិការមួយឈ្មោះកូដ «Marg Bar Sarmachar» ដើម្បីបើកការវាយប្រហារយោធាយ៉ាងជាក់លាក់នៅក្នុងប្រទេសអ៊ីរ៉ង់។
កាលពីថ្ងៃពុធ ក្រសួងការបរទេសប៉ាគីស្ថានបានអះអាងថា កុមារ២នាក់ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាស «ខុសច្បាប់» របស់អ៊ីរ៉ង់កាលពីយប់ថ្ងៃអង្គារ។
ប៉ាគីស្ថានបានឆ្លើយតបជាមួយហេតុការណ៍ដែលកើតឡើងនៃការបាញ់ប្រហាររបស់អ៊ីរ៉ង់ដោយបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ និងបានហៅបេសកជនរបស់ខ្លួនចេញពីក្រុងតេអេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់បានកំណត់គោលដៅជំរុំពីររបស់ក្រុម Jaish al-Adl ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននីនិងធ្វើចលនាបំបែកខ្លួននៅក្នុងតំបន់ Panjgur របស់ក្រុមកុលសម្ព័ន្ធ Balochistan ក្នុងប្រទេសអ៊ីរ៉ង់បច្ចុប្បន្ន។
ទីក្រុងតេអេរ៉ង់ ធ្លាប់បានភ្ជាប់ក្រុមសកម្មប្រយុទ្ធភេរវករជីហាដជាមួយនឹងការវាយប្រហារលើកងកម្លាំងសន្តិសុខរបស់ខ្លួន។
ខណៈពេលដែលសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសប៉ាគីស្ថាន បន្ថែមពីលើការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅអ៊ីរ៉ង់ និងស៊ីរី ប្រទេសចិនបានជំរុញឱ្យទីក្រុងតេអេរ៉ង់ និងអ៊ីស្លាម៉ាបាដ អនុវត្តការអត់ធ្មត់។
ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនយល់ពី«សកម្មភាពដែលប្រទេសនានាធ្វើក្នុងការការពារខ្លួន»។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងប៉ាគីស្ថានហាក់ដូចជាកើនឡើងនៅពេលដែលវិបត្តិនៅសមុទ្រក្រហមជុំវិញការរំខានពាណិជ្ជកម្មនៅតែបន្តកើតមាន ចំពេលមានការវាយប្រហារដ៏ខ្លាំងក្លាដោយក្រុមហ៊ូធីរបស់យេម៉ែនលើផ្លូវដឹកជញ្ជូន៕