ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​សិង្ហ​បុរី​ ​បាន​​​ឱ្យ​ដឹង​​​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១៨ មករា នេះ​​ថា​ អតីត​រដ្ឋ​មន្ត្រី​​ដឹក​ជញ្ជូន​របស់​​​រដ្ឋមួយ​នេះ​គឺ​​​ លោក ​​S. Iswaran ​​រង​ការ​កាត់​ទោស​នៅ​​​តុលាការ​​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដ៏​កម្រ​ពាក់​ព័ន្ធទទួលសំណូកពីមហាសេដ្ឋអចលទ្រព្យ។នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

​ការិយាល័យ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ (CPIB) ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ លោក​​Iswaran ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​មុន​​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ទទួល​ប្រាក់​សំណូក​ដែល​មាន​តម្លៃ​ ៣៨៤ ៣៤១ ដុល្លារ​សិង្ហបុរី​ ( ២៨៦ ១៨១ ដុល្លារ​អាមេរិក​) ​​ពី​មហា​សេដ្ឋី​អចលនទ្រព្យ​សិង្ហ​បុរី​ លោក​​ Ong Beng Seng ​​​ជា​ថ្នូ​រ​ជំរុញ​ផល​ប្រយោជន៍​អាជីវកម្ម​​របស់​ លោក​ Ong។​

​​ឯក​សារ​​​ចោទ​ប្រកាន់​របស់​​ភ្នាក់ងារ​ដដែល​ ​បាន​បង្ហា​ញ​ថា​ ការ​​ឃុប​ឃិត​គ្នា​​នេះ​ រួម​បញ្ជូល​ទាំង​សំបុត្រ​​ចូល​រួម​ទស្សនា​បាល់​ទាត់​ ​ការ​ប្រគុំ​តន្ត្រី​ និង​ជើង​ហោះ​ហើរ​លើ​យន្តហោះ​ឯកជន​របស់​លោក​ Ong ក៏​ដូច​ជា​សំបុត្រ​ចូល​មើល​​ការ​ប្រណាំង​ឡាន​នៅ​ទី​ប្រកួត​ Formula 1 Grand Prix ​ជា​ដើម​។  

លោក​​ Iswaran ​គឺ​ជា​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ដឹក​នាំ​របស់​​ Grand Prix ​ខណៈ​​លោក​ Ong ​ជា​ម្ចាស់​​សិទ្ធិ​នៃ​​​កម្មវិធី​​ប្រណាំង​ឡាន​នេះ​។

​CPIB ​​បាន​​និយាយ​​ថា​​ លោក ​Iswaran ​ប្រឈម​មុខ​នឹងការ​កាត់​ទោស​​លើ​​​បទ​ចោទ​ប្រកាន់​សរុប​ចំនួន​២៧​ រួម​​ទាំង​​អំពើ​ពុករ​លួយ ​និង​ការ​រារាំង​ដំណើរការ​​រក​យុត្តិធម៌​។​

​ក្នុង​លិខិត​លា​លែង​ចេញ​ពី​តំណែង​​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី​​ លោក ​Iswaran ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ពួង​ ហើយ​​និយាយ​ថា​ លោក​នឹង​មិន​ផ្ដោត​លើ​ការ​ជម្រះ​​រឿង​អាស្រូវ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​លោក​ទេ​។ 

យ៉ាង​ណា​មិញ​ លោក​ Iswaran អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ១០០ ០០០ ដុល្លារ​ និង​ជាប់​គុក​យ៉ាង​ហោច​ណាស់​ ៧ឆ្នាំ​ ប្រសិន​បើ​លោក​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ ហើយ​ត្រូវ​​ផ្តន្ទាទោស​ពី​បទ​ពុក​រលួយ​។ ​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​​ការិយាល័យ​របស់​លោក​ Ong ​មិន​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​មួយ​ភ្លាម​ៗ​ទេ​។​​​​មហា​សេដ្ឋី​​អចលន​​ទ្រព្យ​​​រូប​​នេះ​ ក៏​​ត្រូវ​​បាន​​ចាប់​​ខ្លួន​ផង​ដែរ​​កាល​​​ពី​​​ខែ​​កក្កដា​ឆ្នាំ​មុន​ដើម្បី​ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ស៊ើប​​អង្កេត​​អំពើ​​ពុក​​រលួយ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ធ្វើ​ឡើង​ប្រឆាំង​នឹង​រូប​លោក​​នៅ​ឡើយ​ទេ​។

សំណុំ​រឿង​ពុក​រលួយ​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​សិង្ហ​បុរី​គឺ​ជា​រឿង​មួយ​កម្រ​ ខណៈ​​មន្ត្រី​រាជការ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ ​ដើម្បី​​ទប់​ស្កាត់​​អំពើ​ពុក​រលួយ​ ដោយ​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​គណៈ​រដ្ឋ​មន្ត្រី​ជា​ច្រើន​ មាន​លើស​ពី​១​ លាន​ដុល្លារ​សិង្ហបុរី​ទៀត​ផង​។

នៅ​ឆ្នាំ​ ២០២២​​អង្គការ​តម្លា​ភាព​អន្តរជាតិ​បាន​ចាត់​ចំណាត់​ថ្នាក់​សិង្ហ​បុរី​ ថា​​​ ជា​ប្រទេស ​ដែល​មាន​អំពើ​ពុក​រលួយ​តិច​បំផុត​​ទី​​៥​ចំណោម​ប្រទេស​ ១៨០​​​ ក្នុង​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​អន្តរជាតិ​។ ​ករណី​​ពុ​ក​រលួយ​​ចុង​ក្រោយ​​ដែល​​ពាក់​ព័ន្ធ​​នឹង​​រដ្ឋ​មន្ត្រី​​ ​គឺ​​​នៅ​​ឆ្នាំ​ ១៩៨៦ ​នៅ​ពេល​ដែល​​រដ្ឋ​មន្ត្រី​​អភិវឌ្ឍន៍​​ជាតិ​រង​ការ​​​​​ស៊ើប​អង្កេត​​ពីប​ទ​​ទទួល​​សំណូក​។​ លោក​​រដ្ឋ​មន្ត្រី​រូប​នោះ​ ​បាន​​ស្លាប់​​មុន​​​​​រង​ការ​កាត់​ទោស​នៅ​តុលាការ​៕