អាជ្ញាធរ​​ម៉ូហ្សាំ​ប៊ិក​ នៅ​ទ្វីប​អាហ្វ្រិក​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំងឺ​ចម្លែក​មួយ​ ដែល​បាន​ឆ្លង​រាល​ដាល​ និង​សម្លាប់​សត្វ​គោ​ជាង​ ៩០០ ក្បាល​ នៅ​តំបន់​ភាគ​​កណ្ដាល​​របស់​ប្រទេស​រចាប់​តាំង​ពី​ខែ​ធ្នូ​​ ​២០២៣ ​ដែលកំពុង​បង្ក​ផល​ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់​នោះ។ 

​បណ្ដាញ​ព័ត៌មាន​ BBC ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​​ថា​ ម្ចាស់​គោ​ និង​​ពេទ្យ​សត្វ​​មិន​ស្គាល់​ថា​វា​ជា​ជំងឺ​អ្វី​នោះ​ទេ​ ដោយ​វា​​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​ Manica ​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ហ្ស៊ីមបាវ៉េ​ ហើយ​​បាន​រីក​រាល​ដាល​​លើ​ស្រុក​ចំនួន​៣​នៃ​ខេត្ត​នេះ​។

ក្រោម​កង្វល់​នេះ​ ​ប្រជាជន​ក្នុង​តំបន់​កំពុង​ស្នើ​សុំ​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ពី​អាជ្ញាធរ​បសុពេទ្យ​របស់​ប្រទេស​ ដើម្បី​ការពារ​ការ​ខាត​បង់​បន្ថែម​ទៀត​​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ថា​ ជំងឺ​ចម្លែក​​នេះ​អាច​រីក​រាល​ដាល​និង​សម្លាប់​សត្វ​គោ​ក្របី​​កាន់​តែ​ច្រើន​។

អ្នក​ចិញ្ចឹម​គោ​ម្នាក់​​ ឈ្មោះ​​​ Fernando Cupenha ​​មក​ពី​ភូមិ ​Manhene ​​ស្រុក ​Manica ​​ដែល​ជា​តំបន់​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត ​បាន​និយាយ​​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​ជំងឺ​ចម្លែង​ដដែល​​បាន​បង្ក​ឱ្យ​សត្វ​គោ​លែង​ឃ្លាន​ស្មៅ​ ហើយ​អស់​កម្លាំង​ រហូត​ដល់​ដេក​ងាប់​។ ​លោក​​ព្រមា​ន​​​ថា​ ជំងឺ​​ដដែល​​អាច​​ប៉ះ​ពាល់​​ដល់​​សន្តិសុខ​​ស្បៀង ​និង​​ជីវភាព​​រស់​នៅ​របស់​ប្រជាជន ដោយ​សារ​វា​ជា​ប្រភព​ចំណូល​ដ៏​ធំ​​។

ចំណែក​ឯ​កសិករ​ចិញ្ចឹម​គោ​ផ្សេង​ទៀត​ បាន​រអ៊ូរទាំ​ថា​​ ​អាជ្ញាធរ​​បសុ​សត្វ​​ខេត្ត​​មិន​​​ទាន់​បាន​​ឆ្លើយ​តប​យ៉ាង​ណា​​ទេ​ រាប់​តាំង​ពី​ពួក​គេ​យក​​​ឈាម​របស់​សត្វ​ទៅ​ធ្វើ​សំណាក​​វិភាគ​តាំង​ពី​ខែ​ធ្នូ​មក​។ ​

កាល​ពី​​ដើម​​​​​ឆ្នាំ​មុន​មក​​ ជំងឺ​ដ៏​កម្រ​មួយដែល​កើត​ឡើង​ពីសត្វ​​ចៃ​​ ​​បាន​សម្លាប់​សត្វ​គោ​ជិត​ ៤០០​ ក្បាល​ នៅ​ក្នុង​ភូមិ ​Chinhambudzi ​នៃ​ខេត្ត​ Manica ដដែល​ របស់​ម៉ូហ្សាំ​ប៊ិក​ រួច​ម្ដង​មក​ហើយ​៕