នៅពេលដែលប្រទេសអូស្ត្រាលី និងចិន ព្យាយាមផ្សះផ្សាទំនាក់ទំនងដែលល្អក់កករឡើងវិញ ការអត្ថាធិប្បាយជុំវិញឧបទ្ទវហេតុដែលអូស្ត្រាលីជឿថាយោធាជើងទឹកចិនប្រើប្រាស់សូណា (sonar ដែលជាប្រព័ន្ធដែលគេប្រើប្រាស់ដើម្បីធ្វើឱ្យស្រអាប់សម្រាប់កម្ចាត់អ្វីមួយនៅក្នុងទឹក) បណ្តាលឱ្យទាហានជើងទឹកអូស្ត្រាលីរងរបួស កំពុងធ្វើឱ្យទំនាក់ទំនងពួកគេមិនល្អ។
យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រទេសអូស្ត្រាលីនៅថ្ងៃ ១៨ មករា បានច្រានចោលការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនដែលចង់បង្វែរការស្តីបន្ទោសពីកងទ័ពជើងទឹករបស់ប្រទេសចិនចំពោះការរងរបួសរបស់អ្នកមុជទឹកយោធាអូស្ត្រាលីនៅក្នុងឧប្បត្តិហេតុនៅជិតប្រទេសជប៉ុនកាលពីខែវិច្ឆិកា។
នាយករដ្ឋមន្ត្រីលោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយថា លោក៖ «មិនឃ្លេងឃ្លោងគោលជំហរ» ចំពោះការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន Xiao Qian នៅថ្ងៃ ១៧ មករាថា កប៉ាល់កងទ័ពជើងទឹកចិនមិនប្រើប្រាស់សូណា។
នាយករដ្ឋមន្ត្រី អាល់បានីស បាននិយាយកាលពីខែវិច្ឆិកាថា នាវាចម្បាំងរបស់ចិនបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ដោយប្រើប្រព័ន្ធសូណា ក្នុងអំឡុងពេលឧបទ្ទវហេតុជាមួយនាវាកងទ័ពជើងទឹកអូស្ត្រាលីនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដែលបណ្តាលឱ្យអ្នកមុជទឹកយោធាអូស្ត្រាលីរងរបួសនៅពេលដែលគាត់កំពុងសម្អាតមងនេសាទពីកប៉ាល់ ហើយឧបទ្ទវហេតុនេះបានធ្វើឱ្យខូចទំនាក់ទំនង។
សន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយកាលពីថ្ងៃពុធ លោក Xiao បាននិយាយថា ប្រទេសចិន «មិនបានផ្តួចផ្តើមប្រើប្រព័ន្ធ សូណា»ទេ ដោយបន្ថែមថាមានកប៉ាល់កងទ័ពជើងទឹកជប៉ុនស្ថិតនៅក្បែរនោះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «តើមានសូណាពីភាគីម្ខាងទៀតឬអត់ យើងមិនដឹងទេ»៕