ចិន និងហ្វីលីពីនដែលមួយរយៈពេលចុងក្រោយនេះផ្ទុះរឿងប្រឈមមុខដាក់គ្នាក្នុងដែនទឹក បានយល់ព្រមស្វែងរកការប្រាស្រ័យទាក់ទងគ្នាឱ្យល្អជាងមុន និងការគ្រប់គ្រងជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈចិនទើបព្រមានប្រធានាធិបតីហ្វីលីពីនរឿងចេញសារអបអរសាទរប្រធានាធិបតីតៃវ៉ាន់ទើបជាប់ឆ្នោត។
មន្ត្រីកិច្ចការបរទេសចិន និងហ្វីលីពីនបានយល់ព្រមកែលម្អទំនាក់ទំនងដែនសមុទ្រ និងដើម្បីគ្រប់គ្រងជម្លោះ និងភាពខុសគ្នាឱ្យបានត្រឹមត្រូវ តាមរយៈកិច្ចពិភាក្សាជាមិត្តភាពទាក់ទងនឹងបញ្ហាជុំវិញសមុទ្រចិនខាងត្បូង។ នេះបើយោងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនចុះថ្ងៃទី ១៨ ខែមករា។
នៅពេលដឹកនាំកិច្ចប្រជុំលើកទី៨ នៃយន្តការពិគ្រោះយោបល់ទ្វេភាគីចិន-ហ្វីលីពីនស្តីពីសមុទ្រចិនខាងត្បូងនៅទីក្រុងសៀងហៃ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong និងអនុរដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីឆន្ទៈដោះស្រាយការយល់ច្រឡំគ្នាក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងដែលប្រទេសទាំង ២ តែងជួបប្រទះ និងនាំឱ្យរីករាលដាល។
ក្នុងកិច្ចពិភាក្សា ភាគីទាំង ២ បានបញ្ជាក់ជាថ្មីថា ជម្លោះសមុទ្រចិនខាងត្បូងមិនមែនជារឿងទាំងមូលនៃទំនាក់ទំនងទ្វេភាគីទេ។ចិន និងហ្វីលីពីនតែងប្រឈមមុខដាក់គ្នាជាច្រើននាពេលថ្មីៗនេះនៅក្នុងដែនទឹកដែលមានជម្លោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង ដោយភាគីទាំង ២ មានការចោទប្រកាន់ជុំវិញការធ្វើពាណិជ្ជកម្មដែលបង្កជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រសេដ្ឋកិច្ច។
ទីក្រុងប៉េកាំងកាលពីចុងខែសីហា ឆ្នាំមុន បានបញ្ចេញផែនទី១ បង្ហាញការទាមទារអធិបតេយ្យភាពលើស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល រួមទាំងផ្នែកខ្លះនៃ តំបន់សេដ្ឋកិច្ច ផ្តាច់មុខនៃប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ហើយប្រទេសទាំងនេះបានប្រតិកម្មយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍របស់មន្ត្រីការបរទេសទាំង ២ បានបញ្ជាក់ថា៖«ការរក្សាទំនាក់ទំនង និងការសន្ទនាគឺចាំបាច់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពដែនសមុទ្រ»។
សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំង ២ បានព្រមព្រៀងគ្នាក្នុងការគ្រប់គ្រងជម្លោះដែនសមុទ្រឱ្យបានត្រឹមត្រូវ និងភាពខុសគ្នាតាមរយៈការពិគ្រោះយោបល់ជាមិត្ត ក៏ដូចជាដោះស្រាយភាពអាសន្នដែនសមុទ្រឱ្យបានត្រឹមត្រូវ។ចិនទាមទារឱ្យភាគីហ្វីលីពីនគោរពតាមគោលការណ៍ចិនតែ ១៕