​ប្រទេស​ថៃ​ ខកខាន​ការផ្តល់ជូន​ប្រាក់​ដល់​ប្រជាជន​ដែលមាន​ចំណូល​ទាប​តាម​ការ​សន្យា​ដែល​លោកនាយក​​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វី​ស៊ីន បានប្រកាស​ភ្លាមៗ​ក្រោយ​ស្បថ​ចូលកាន់​តំណែង​កាលពី​ចុង​ខែសីហា ឆ្នាំមុន​។​

​អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក ជូឡា​ពូន អា​ម៉ន​វី​វា់ត់ (Julapun Amornvivat) បាន​លើកឡើងថា គម្រោង​កាបូប​ឌីជីថល​ដែល​គ្រោង​នឹង​ផ្ដល់​កញ្ចប់​ថវិកា​ចំនួន​​ ១​ ​ម៉ឺន​បាត ​(២៨០ ​ដុល្លារ​)​ ក្នុង​ម្នាក់​ទៅកាន់​ប្រជាជន​ថៃ​ដែលមាន​ចំណូល​ទាប នឹងមិន​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ខែឧសភា​តាម​ការសន្យា​នោះទេ​ដោយមាន​កត្តា​រាំងស្ទះ​មួយចំនួន​។​

​លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​គណបក្សភឿ​ថៃ (Pheu Thai) ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ (NACC)​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​មុនពេល​អាចអនុវត្ត​គម្រោង​ដែលមាន​ទឹកប្រាក់​សរុប​ ៥០០​ ពាន់​លាន​បាត​នេះ​។ ដូច្នេះ​គម្រោង​កាបូប​ឌីជីថល​នេះ​នឹង​មិនអាច​រៀបចំ​រួចរាល់​ដើម្បី​ដាក់ចេញ​អនុវត្ត​ក្នុង​ខែឧសភា​ខាងមុខ​ទេ​។​

​ការលើកឡើង​ទៅកាន់​អ្នក​សារព័ត៌មាន​របស់លោក ជូឡា​ពូន នេះ​ធ្វើឡើង​នៅ ១​ ថ្ងៃ​បន្ទាប់ពី​អនុគណៈកម្មាធិការ​ក្នុង NACC ខាងលើ​បាន​បញ្ចេញ​មតិយោបល់​ជំទាស់​នឹង​គម្រោង​កាបូប​ឌីជីថល​នេះហើយ​ត្រូវបាន​គេហទំព័រ​ព័ត៌មាន​ផ្សេងៗ​ចុះផ្សាយ​យ៉ាងច្រើន​។​

​លោក​បាន​លើកឡើងថា ​លោក​មិនអាច​បញ្ជាក់ថា ​តើ​មតិ​ជំទាស់​នេះ​ជាម​តិ​តំណាងឱ្យ​គោលជំហរ​ផ្លូវការ​របស់ NACC​ ឬក៏​យ៉ាងណា​នោះទេ​ដោយសារតែ​រដ្ឋាភិបាល​មិនបាន​ទទួល​ឯកសារ​ផ្លូវការ​ពី​គណៈកម្មការ​នេះ​នៅឡើយ​។​

​ដោយឡែក​រដ្ឋមន្ត្រី​ដែល​ដឹក​នាំ​ក្រុមការងារ​រៀបចំ​គម្រោង​កាបូប​ឌីជីថល​បាន​អះអាងថា​មតិ​ជំទាស់​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​គោលជំហរ​ជាក់ច្បាស់​ហើយ​។​ យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់ថា​៖«​ប៉ុន្តែ​គណៈរដ្ឋមន្ត្រី និង​គណៈកម្មាធិការ​កា​បូ​ប​ឌីជីថល​ត្រូវ​រង់ចាំ​ឯកសារ​ផ្លូវការ​ពី NACC សិន​»​។ លោក​បាន​បន្ថែមថា​ទាំង​រដ្ឋាភិបាល និង​គណៈ​ក​ម្មា​ធិ​ការបើកចំហ​ក្នុងការ​ស្តាប់​មតិយោបល់​ពី​សាធារណជន​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​អនុគណៈកម្មាធិការ​រ​បស់ ​NACC បាន​ប្រមូល​មតិយោបល់​ពី​ភ្នាក់ងារ​សេដ្ឋកិច្ច​ផ្សេងៗ​ជា​​ច្រើន ហើយ​បាន​សន្និដ្ឋាន​ជារួម​ថា បើ​ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​របស់​ថៃ​បច្ចុប្បន្ន​ការស្នើ​ប្រាក់​កម្ចី​ ៥០០​ ពាន់​លាន​បាត​ ដើម្បី​អនុវត្ត​គម្រោង​កាបូប​ឌីជីថល​នេះ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​នោះទេ​។ អនុគណៈកម្មាធិការ​នេះ​បាន​សង្កត់ធ្ងន់ថា លុះត្រាតែ​ប្រទេស​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដូចជា​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ ​១៩៩៧​ ទឹកជំនន់​នៅ​ឆ្នាំ​ ២០១២ ​ឬ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​ ក្នុង​ឆ្នាំ​ ២០២០ និង ​២០២១ ជាដើម​ទើប​ប្រទេស​ថៃ​គួរ​ខ្ចី​កញ្ចប់​សាច់​ប្រាក់​យ៉ាងច្រើន​នេះ​មក​ប្រើ​​ប្រាស់​ដើម្បី​ជួយ​សេដ្ឋកិច្ច​។​

​ទោះបីជា​អគ្គលេខាធិការ​ NACC លោក នី​វ៉ា​ត់​ឆៃ កា​សេ​មង្គល (Niwatchai Kasemongkol) បាន​លើកឡើងថា​អនុគណៈកម្មាធិការ​រប​ស់​ NACC បាន​បញ្ជូន​របាយការណ៍​ទៅ​ NACC​ដើម្បី​ពិនិត្យ​ហើយ​ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​ណាមួយ​នៅឡើយ​ទេ​។​

​ទន្ទឹមនឹងនេះ​លោក​ ជូឡា​ពូន​ បាន​ថ្លែង​គាំទ្រ​គម្រោង​កាបូប​ឌីជីថល​នេះ​ដោយ​លោក​បាន​កត់សម្គាល់ថា គម្រោង​នេះ​គឺ​បានទទួល​ការយល់ព្រម​ពី​អ្នក​បោះឆ្នោត​នៅ​ថ្ងៃទី​ ១៤ ខែឧសភា ​រួចស្រេច​ហើយ និង​ថែមទាំង​បានដាក់​បញ្ចូល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ថ្មី​ទៅកាន់​រដ្ឋសភា​ថែម​ទៀតផង​។​

​លោក​ ជូឡា​ពូន​ បាន​បដិសេធ​ការចោទប្រកាន់​ដែលថា ​រដ្ឋា​ភិ​បាល​ថៃ​នឹង​ប្រើប្រាស់​សំណើ​របស់ NACC ដើម្បី​លុបចោល​គម្រោង​កាបូប​ឌីជីថល​នេះ ដែល​នាំទៅដល់​ការកោតសរសើរ​លើ​ការសម្រេចចិត្ត​ពេលនោះ​៕