នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ ​សេដ្ឋា​ ​ថាវីស៊ីន​ បាន​និយាយ​នៅ​ថ្ងៃ​​​អង្គារ​ ទី​០២ ធ្នូ​ នេះ​ថា​ ប្រទេស​ថៃ​ និង​ចិន​នឹង​លើក​លែង​​តម្រូវការ​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​​នៃ​​ប្រទេស​ទាំង​២​​​ជា​អចិន្ត្រៃយ៍​ ​​ចាប់​ពី​ខែ​មីនា​ទៅ​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​លោក​នាយករដ្ឋ​មន្ត្រី​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះថា​៖«វា​នឹង​​​ធ្វើ​​ឲ្យ​​ទំនាក់​ទំនង​​រវាង​​ប្រទេស​​ទាំង​​​២​​ប្រសើរ​​ឡើង​»​​។

​យុទ្ធ​សាស្រ្ត​បែប​នេះ​ កើត​ចេញ​ពី​ការចរចា​​គ្នា​រវាង​រដ្ឋាភិបាល​ថៃ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ចិន។ ​

ការ​ប្រកាស​រប​ស់​​លោក​ សេដ្ឋា​ ​ធ្វើ​ឡើង​ខណៈ​ថៃ​ ដែល​ជា​ប្រទេស​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​អាស៊ី​អាគ្នេយ៍​ បាន​​​​លើក​លែង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ភ្ញៀវទេសចរ​ចិន​ ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន​ ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​នេះ​។​​

គេ​មើល​ឃើញ​លើក​លែង​ទិដ្ឋាការ​ជា​អចិន្ត្រៃយ៍សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​ទៀត​សោត​ នឹង​ក្លាយ​ជា​យុទ្ធ​សាស្រ្ត​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចិន​ ដោយ​នឹង​​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​ថៃ​។ 

ក្នុង​ឆ្នាំ​២០២៣​ ទិន្នន័យ​របស់​រដ្ឋាភិបាល​​បាន​បង្ហាញ​ថា​ ប្រទេស​ថៃ​បាន​​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំ​នួន​ ២៨ លាន​នាក់​​ដោយ​លើស​ពី​គោលដៅ​របស់​ខ្លួន​បន្តិច​ហើយ​បង្កើត​ប្រាក់​ចំណូល​បាន​ប្រមាណ​ ១,២ ទ្រីលាន​បាត​ (៣៤,៩៣ ប៊ីលាន​ដុល្លារ​​)​។

ក្នុង​ចំណោម​​​នោះ​ មាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ៣,៥ លាន​នាក់​ ខណៈភ្ញៀវ​ទេសចរ​​ម៉ាឡេស៊ី​​ឈរ​នៅ​លើ​កំពូល​តារាង​ប្រមាណ​ ៤,៥ លាន​នាក់​។ ​បើ​ធៀប​នឹង​កំណត់​ត្រា​ខ្ពស់​បំផុត​មុនវិបត្តិ​​កូវីដ​១៩ ថៃ​មាន​ភ្ញៀវ​ទេស​ចរ​មក​លេង​ប្រមាណ​ ៣៩ លាន​នាក់​ ហើយ​ ១១ លាន​នាក់​ក្នុង​នោះ​ មក​ពី​ប្រទេស​ចិន​៕  ​