ទីភ្នាក់ងារ​ឧតុនិយម​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៤ បានលើកឡើង​ថា​រលក​យក្ស​ស៊ូណាមិ​ដែលមាន​កម្ពស់​ក្រោម១ម៉ែត្រ (៣.៣ហ្វី​ត) បាន​ឆ្ពោះ​ទៅដល់​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងត្បូង ​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​ដែល​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ដដែល​នេះ ​ខណៈ​គេ​រំពឹងថា​រលក​កាន់តែច្រើន​និងធំៗជាង​នេះ​អាច​កើតឡើង​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។

ទីភ្នាក់ងារ​ឧតុនិយម​បានឱ្យដឹង​ដែរ​ថា​រលក​យក្ស​ស៊ូណាមិ​ដំបូង​ដែល​បាន​ទៅដល់​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​ គឺមាន​កម្ពស់៦៧សង់ទីម៉ែត្រ ក៏ប៉ុន្តែ​កម្ពស់​រលក​នឹង​បន្ត​កើនឡើង​បន្ទាប់ពី​រលក​ដំបូង​ហើយ​អាច​បន្ត​លើសពី២៤ម៉ោង។

ដោយឡែក​កូរ៉េខាងជើង​ដែល​ជាប់​ខាង​នឹង​កូរ៉េខាងត្បូង​វិញ​បានចេញ​សេចក្តី​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ទៅដល់​តំបន់​ជាប់មាត់​សមុទ្រ​របស់ខ្លួន​ឱ្យ​ប្រុងប្រយ័ត្ន​ ខណៈ​រលក​ត្រូវបាន​គេ​រំពឹងថា​នឹង​អាចមាន​កម្ពស់​លើសពី២ម៉ែត្រ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ដោយ​ដកស្រង់​វិទ្យុ​រដ្ឋ​កូរ៉េខាងជើង។

គិត​ត្រឹម​ពេលនេះ​ខេត្ត Gangwon របស់​កូរ៉េខាងត្បូង ​ចេញ​សេចក្តីប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​និង​ជម្លៀស​ប្រជាជន​ទាំងនោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​រួចរាល់​ហើយ​នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​ក្រសួងមហាផ្ទៃ​និង​សុវត្ថិភាព​នៃ​ប្រទេស​កូរ៉េខាងត្បូង។

ខេត្ត​តំបន់​សមុទ្រ​ភាគ​ខាងកើត​កូរ៉េខាងត្បូង​បានប្រកាស​សារ​អាសន្ន​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ពលរដ្ឋ​នៅ​ឱ្យ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ហើយ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។ក្រសួង​បានឱ្យដឹងថា​ទីក្រុង​Samcheokបាន​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ផ្លាស់​ទី​ទៅកាន់​តំបន់​ខ្ពស់​មួយ​ដែលមាន​កម្ពស់​ខ្ពស់ជាង​អគារ​បី​ជាន់។

គ្រោះ​រញ្ជួយ​ដី​កម្រិត៧.៦រ៉ិច​ទ័​រ​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​នា​រសៀល​ថ្ងៃ​ចន្ទ​ដែលជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ២០២៤ដោយបាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់ឆ្នេរ​ត្រូវ​ភៀសខ្លួន​ទៅកាន់​ទីទួល​ខ្ពស់​ខណៈ​រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​ដោយបាន​បោកបក់​រថយន្ត​និង​ផ្ទះ​មួយចំនួន​ចូលទៅក្នុង​សមុទ្រ។

បើតាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បានឱ្យដឹងថា​ការរញ្ជួយ​ដី​ច្រើនជាង១៤០ចំណុចផ្សេងៗគ្នា​ត្រូវបាន​គេ​រកឃើញ​ចាប់តាំងពី​ការរញ្ជួយ​ដី​បាន​វាយប្រហារ​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ។ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា​ភាព​តានតឹង​ខ្លាំង​បន្ថែមទៀត​អាច​នឹង​កើត​មាននៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

បើ​យោងតាម​សារព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ដោយ​ដកស្រង់​សំដី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា​មនុស្ស​ជាង២០នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត ខណៈ​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​ជាប់​ក្នុង​អគារ​បាក់​រលំ៕