ខណៈហេតុការណ៍គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិមិនទាន់សាបឥទ្ធិពលផង ប្រទេសជប៉ុនបានជួបហេតុការណ៍អាក្រក់មិននឹកស្មានដល់មួយទៀតគឺឆេះយន្តហោះនៅលើផ្លូវរត់ក្នុងពេលកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ដែលនៅកៀកកណ្តាលក្រុងតូក្យូ។
ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូនៅថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រោះរញ្ជួយដីដែលមានកម្លាំង ៧,៨ រ៉ិចទ័រ និងរលកយក្សស៊ូណាមិ។
ក្នុងហេតុការណ៍ឆេះយន្តហោះនេះ មិនមានសេចក្តីរាយការណ៍អំពីអ្នកដំណើរនិងអាកាសយានិកនិងអ្នកបម្រើការនៅលើយន្តហោះជួបគ្រោះថ្នាក់នោះទេ។
NHK បានរាយការណ៍ថាអ្នកដំណើរ ៣៦៧ នាក់និងសមាជិកនាវិក១២នាក់នៅលើយន្តហោះប៉ុន្តែពួកគេទាំងអស់អាចជម្លៀសចេញបានដោយសុវត្ថិភាព។
យោងតាមការផ្សាយរបស់ Japan Times យន្តហោះដែលឆេះនេះគឺហោះហើរពីអាកាសយានដ្ឋាន New Chitose ក្នុងទីក្រុងហុកកៃដូ មកកាន់អាកាសយានដ្ឋាន Haneda ហើយបានឆេះពេលចុះចតប៉ះដល់ដល់នៅលើផ្លូវរត់ C របស់អាកាសយានដ្ឋាន៕