ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​គំរាម​ជា​ថ្មី​ថា រុស្ស៊ី​នឹង​បង្កើន​ការវាយប្រហារ​លើ​គោលដៅ​យោធា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ឱ្យ​កាន់តែខ្លាំង បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បើក​ការវាយប្រហារ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ចូលទៅក្នុង​ទឹកដី​របស់​រុស្ស៊ី​បណ្តាលឱ្យ​ស្លាប់ និង​របួស​ជិត​ ​១៥០​ នាក់​ក្នុង​ទីក្រុង Belgorod​។​

​លោក ពូ​ទីន បាន​ថ្លែង​ក្នុងអំឡុង​ទស្សនកិច្ច​ទៅ​មន្ទីរពេទ្យ​យោធា​ថា​៖ «​យើង​នឹង​បង្កើន​ការ​វាយប្រហារ​ឱ្យ​ខ្លាំង​។ ពិតមែន​គ្មាន​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ជន​ស៊ីវិល​ណា ដែល​នឹងមិន​ទទួល​រង​ការដាក់ទោស​វិញ​នោះទេ​»​។​

​លោក ពូ​ទីន ដែលជា​អ្នក​សម្រេច​លើកទ័ព​ចូលលុក​លុយ​អ៊ុយ​ក្រែ​ន​កាលពីដើមឆ្នាំ​ ២០២២ បាន​បន្តថា រុស្ស៊ី​នឹង​បន្ត​វាយលុក​លើ​កន្លែង​យោធា​របស់​អ៊ុយ​ក្រែ​ន ហើយ​ថា​៖ «​យើង​វាយប្រហារ​ថ្ងៃនេះ និង​ថ្ងៃស្អែក ហើយនឹង​បន្ត​វាយប្រហារ​ទៀត​»​។

លោក​ប្រាប់​ទៅ​ទាហាន​រុស្ស៊ី​ដែល​រងរបួស​ក្នុង​មន្ទីរពេទ្យ​ថា​៖ «​អ្វីដែល​កើតឡើង​នៅ Belgorod គឺជា​អំពើ​ភេរវកម្ម​។ គ្មាន​ពាក្យ​អ្វី​ផ្សេង​ហៅ​នោះទេ​»​។​

​ជាមួយគ្នានេះ លោក ពូ​ទីន បាន​ចោទប្រកាន់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ថា​បានកំណត់​គោល​​ដៅ​«​នៅ​កណ្តាល​ទីក្រុង ជា​កន្លែង​ដែល​មនុស្សម្នា​នាំគ្នា​ដើរលេង​មុន​ថ្ងៃ​ចូលឆ្នាំ​សកល​» ដែល​នោះ​គឺជា​ការវាយប្រហារ​លើ​ជន​ស៊ីវិល​ដោយ​ចេតនា​។

​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​លើ​ទីក្រុង Belgorod ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ខេត្ត​ខា​កៀវ​របស់​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​សៅរ៍ ដោយបាន​សម្លាប់​មនុស្ស ២៥ ​នាក់ រួមទាំង​កុមារ ៥​ នាក់ និង​ធ្វើឱ្យ​របួស ១០៩​ នាក់​។​

​ការបាញ់ប្រហារ​នេះ​គឺ​បន្ទាប់​​ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន​បាន​ចោទ​រុស្ស៊ី​ថា​បានកំណត់​គោលដៅ​លើ​ប្រទេស​ខ្លួន ដោយ​បង្កើន​ការវាយប្រហារ​ដោ​យ្រ​ដូន​ចំនួន​៩០​នៅ​យប់​ឆ្លង​ឆ្នាំ​សកល​ ២០២៤៕