ប្រទេសអ៊ីរ៉ង់ បានច្រានចោលការអំពាវនាវរបស់មហាអំណាចសហរដ្ឋអាមេរិក និងអង់គ្លេស ដែលបានប្រកាសឱ្យអ៊ីរ៉ង់បញ្ឈប់ការគាំទ្រការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) ទៅលើនាវាទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែល ធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហម។
អ៊ីរ៉ង់បានអះអាងថា ការប្រកាសចោទប្រកាន់របស់អាមេរិក និងអង់គ្លេស គឺជាការជ្រៀតជ្រែកដោយគ្មានមូលដ្ឋានសោះ។ ទោះយ៉ាងណាអ៊ីរ៉ង់បានបញ្ជូនកងទ័ពជើងទឹក និងនាវាពិឃាតទៅកាន់តំបន់ផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ។
កាលពីថ្ងៃចន្ទ កប៉ាល់យោធាអ៊ីរ៉ង់ ដែលជានាវាពិឃាតឈ្មោះ Alborz បានធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកនាំពាក្យក្រុមហ៊ូធី លោកម៉ូហាំម៉េដ អាប់ឌុលសាឡាំ (Mohammed Abdulsalam) លេខាធិការនៅក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានសរសើរសកម្មភាពរបស់ក្រុមហ៊ូធីដែលហ៊ានប្រឆាំងការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
ប៉ុន្មានសប្ដាហ៍មកនេះ ក្រុមហ៊ូធី និងសហរដ្ឋអាមេរិកបានប៉ះទង្គិចគ្នានៅតំបន់សមុទ្រក្រហមយ៉ាងខ្លាំង ដោយក្រុមហ៊ូធីបានវាយប្រហារកប៉ាល់ពាណិជ្ជកម្ម (Maersk) ហើយអាមេរិកបានប្រើឧទ្ធម្ភាគចក្រយោធាបាញ់ពន្លិចទូកក្រុមហ៊ូធីចំនួន ៣ គ្រឿងក្នុងសមុទ្រ និងសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១០ នាក់។ ភាពតានតឹងកាន់តែធ្ងន់ធ្ងរខ្លាំងដោយសារក្រុមហ៊ូធីបានបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស់នៅហ្គាហ្សា។ការវាយប្រហារគ្នាទៅវិញទៅមកនេះ បានរំខានដល់ការដឹកជញ្ជូនទំនិញផ្សេងៗ ព្រោះសមុទ្រក្រហមគឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់នៅមជ្ឈិមបូព៌ា។
អង់គ្លេស សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុបផ្សេងទៀត កំពុងរៀបចំចេញសេចក្ដីប្រកាសរួមគ្នាមួយ ដើម្បីព្រមានពួកឧទ្ទាមហ៊ូធីដែលកំពុងឈរជើងនៅប្រទេសយេម៉ែន ថានឹងទម្លាក់គ្រាប់បែកលើមូលដ្ឋានឈរជើងពួកគេ ប្រសិនបើមិនបញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហម។ ជាការឆ្លើយតប ក្រុមហ៊ូធីប្រកាសថា ពួកគេនឹងឈប់វាយប្រហារ ប្រសិនបើអ៊ីស្រាអែលអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌ចូលទៅសង្គ្រោះជនរងគ្រោះនៅតំបន់ហ្គាហ្សាពេញលេញ។
លោក អាប់ឌុលម៉ាលីក អាល់ហ៊ូធី (Abdulmalik al-Houthi) ដែលជាមេដឹកនាំក្រុមហ៊ូធីនៅប្រទេសយេម៉ែន ធ្លាប់បានព្រមានកម្ទេចនាវាចម្បាំងអាមេរិកនៅសមុទ្រក្រហម និងឈូងសមុទ្រអេដេន (Aden) ប្រសិនបើអាមេរិកហ៊ានបើកការវាយប្រហារប្រទេសយេម៉ែន។ មុនពេលជំនួបរវាងអ៊ីរ៉ង់ និងក្រុមហ៊ូធី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាមេរ៉ុន (David Cameron) បានព្រមានសមភាគីអ៊ីរ៉ង់ លោក ហូសេន អាមី អាប់ដូឡាហៀន (Hossein Amir-Abdollahian) ថា រដ្ឋាភិបាលក្រុងតេអេរ៉ង់ត្រូវចូលរួមទទួលខុសត្រូវចំពោះការវាយប្រហារនៅតំបន់សមុទ្រក្រហម។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អង់គ្លេស ប៉ុន្តែបានបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងចំពោះចលនាតស៊ូរបស់ប៉ាឡេស្ទីន ហើយបានរិះគន់ការចូលជ្រៀតជ្រែករបស់អង់គ្លេស ខណៈដែលលោកបានប្រកាសដោយមោទនភាពថាអ៊ីរ៉ង់គាំទ្រចំពោះការរំដោះទឹកដីប៉ាឡេស្ទីន។
ក្រុមសកម្មប្រយុទ្ធហ៊ូធីបានគ្រប់គ្រងតំបន់សំខាន់ៗនៅភាគខាងជើងប្រទេសយេម៉ែន ប៉ុន្តែពួកគេខ្វះកម្លាំងទ័ពជើងទឹកសំខាន់។ រីឯសហរដ្ឋអាមេរិក វិញ បានដឹកនាំបង្កើតសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីការពារការដឹកជញ្ជូនឱ្យមានសុវត្ថិភាព ប៉ុន្តែការការពារនេះហាក់នៅមានកម្រិត។ កន្លងមក មានតែអង់គ្លេសប៉ុណ្ណោះដែលផ្តល់ជំនួយផ្នែកនាវា ខណៈអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម សម្រេចមិនលូកដៃដោយសារតែការព្រួយបារម្ភផ្នែកការទូត៕