ក្រសួងការបរទេស វៀតណាម បានទទូចជាថ្មីកាលពីថ្ងៃសៅរ៍ថា ប្រជុំកោះជម្លោះប៉ារ៉ាសែលក្នុងសមុទ្រចិនខាងត្បូង ស្ថិតនៅក្រោមអធិបតេយ្យភាពស្របតាមច្បាប់អន្តរជាតិរបស់ខ្លួន ហើយគ្មានហិង្សាណាមួយអាចផ្លាស់ប្ដូរវាបានឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
អ្នកនាំពាក្យរបស់ក្រសួង លោកស្រី Pham Thu Hang បាននិយាយថា៖«ដូចដែលបានបញ្ជាក់យ៉ាងច្បាស់ជាច្រើនលើកមកហើយ វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa (ប៉ារ៉ាសែល) និងប្រជុំកោះ Truong Sa (ស្រ្ពាតលី)»។
លោកស្រី Hang បានបន្តទទូចថា៖«អធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ត្រូវបានបង្កើតឡើងតាំងពីសតវត្សទី១៧ មកម្ល៉េះ ស្របតាមច្បាប់អន្តរជាតិ ហើយរដ្ឋវៀតណាមជាច្រើនជំនាន់ បានប្រកាន់អធិបតេយ្យភាពនេះដោយសន្តិវិធីជាបន្តបន្ទាប់គ្នានិងគ្មានលាក់បាំង»។
អ្នកនាំពាក្យដដែល បានថ្លែងយ៉ាងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងការសាកសួរអំពីមតិរបស់វៀតណាមចំពោះប្រទេសចិន ដែលកាន់កាប់ប្រជុំកោះប៉ារ៉ាសែល«ដោយខុសច្បាប់» ចាប់តាំងពីឆ្នាំ ១៩៧៤មក។
លើសពីនេះ លោកស្រី Hang បាននិយាយថា៖«រាល់ទង្វើនៃការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះទឹកដីរវាងរដ្ឋនានា គឺផ្ទុយទាំងស្រុងពីគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ទង្វើបែបនេះ នឹងមិនបង្កើតអធិបតេយ្យភាពដែនដីណាមួយឬក៏ផ្លាស់ប្តូរការពិតដែលថាប្រជុំកោះ Hoang Sa ស្ថិតក្រោមអធិបតេយ្យភាពរបស់វៀតណាមនោះទេ»។
ចិនទាមទារដែនសមុទ្រចិនស្ទើរតែទាំងមូលថាជារបស់ខ្លួន ដោយអះអាងថា វាផ្អែកតាមភស្តុតាងប្រវត្តិសាស្រ្ត។ការទាមទារនេះ បង្កជាជម្លោះជាមួយប្រទេសផ្សេងៗទៅនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម ហ្វីលីពីន និងព្រុយណេជាដើម ខណៈចិនបង្កើនសកម្មភាពយោធា និងស៊ីវិលផ្សេងៗក្នុងតំបន់ ដើម្បីសង្កត់ធ្ងន់លើពាក្យទាមទាររបស់ខ្លួន៕