ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី ២០ ខែមករាថា សិស្សយ៉ាងហោចណាស់ ១៣ នាក់បានស្លាប់ ដោយសារភ្លើងឆេះអន្តេវាសិកដ្ឋាន (កន្លែងនិស្សិតស្នាក់នៅ) ក្នុងខេត្តហេណាន ភាគកណ្ដាលប្រទេសចិន។
ភ្លើងបានចាប់ផ្ដើមឆាបឆេះនៅជិតរំលងអាធ្រាត្រថ្ងៃសុក្រលើសាលារងគ្រោះ ឈ្មោះ Yingcai School ដែលជាប្រភេទសាលារៀនឱ្យសិស្សរៀនផង និងរស់នៅផង (Boarding school) ស្ថិតនៅភូមិ Yanshanpu ជាយក្រុង Nanyangនៃខេត្តហេណាន ហើយបានបង្កឱ្យសិស្សម្នាក់រងរបួស។
គ្រូបង្រៀនម្នាក់នៅសាលា Yingcai School បានប្រាប់សារព័ត៌មានរដ្ឋចិន Hebei Daily ថា ជនរងគ្រោះទាំងអស់ រៀនថ្នាក់ទី៣ដូចគ្នា និងមានអាយុចន្លោះ ៩ និង១០ឆ្នាំ។
ប៉ូលិសមិនបានសន្និដ្ឋានភ្លាមៗពីមូលហេតុដែលធ្វើឱ្យមានការឆាបឆេះនោះទេ ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើបអង្កេតលើបញ្ហានេះ និងបានឃាត់ខ្លួនមនុស្សម្នាក់ដែលធ្វើការប្រចាំសាលា។
អគ្គិភ័យ និងគ្រោះថ្នាក់ដ៏សាហាវៗផ្សេងទៀត តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសចិន ដោយសារតែភាពកម្សោយផ្នែកវិធានការសុវត្ថិភាព និងការអនុវត្តមិនបានត្រឹមត្រូវជាដើម។
កាលពីខែវិច្ឆិកាឆ្នាំមុន មនុស្ស ២៦ នាក់បានស្លាប់ និងរាប់សិបនាក់រងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអគ្គិភ័យឆាបឆេះការិយាល័យក្រុមហ៊ុនធ្យូងថ្មនៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
ហេតុការណ៍នេះ រលងបានតែប្រមាណខែប៉ុណ្ណោះ ក្រោយដំបូលកន្លែងហាត់ប្រាណនៅសាលារៀនមួយក្នុងខេត្ត Heilongjiang បានបាក់សម្លាប់មនុស្សជាង ១០ នាក់កាលពីខែកក្កដា។
កាលពីខែមិថុនា ឆ្នាំមុនដដែល ហេតុការណ៍ផ្ទុះភោជនីយដ្ឋានសាច់អាំងមួយក្នុងក្រុង Shenyang នៃខេត្ត Liaoning បានបណ្តាលឲ្យមនុស្ស ៣១ នាក់ស្លាប់។
ហេតុការណ៍នេះ បានជំរុញឲ្យមានការសន្យាជាផ្លូវការនៃយុទ្ធនាការទូទាំងប្រទេសដើម្បីលើកកម្ពស់សុវត្ថិភាពកន្លែងធ្វើការ ហើយវាកើតឡើងរំលងបាន ២ ខែក្រោយភ្លើងឆេះមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ដែលបានសម្លាប់មនុស្សជិត ៣០ នាក់៕