ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក ហៅកាត់ថា NTSB កំពុងស៊ើបអង្កេតរកក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់គ្រឿងយន្តហោះដល់ក្រុមហ៊ុនប៊ូអ៊ីង (Boeing) បន្ទាប់ពីពួកគេបានរកឃើញកាលពីថ្ងៃទី១៧ ខែមករា ថា គន្លឹះទ្វារដែលរបូតធ្លាក់ចេញពីយន្តហោះរបស់ក្រុមហ៊ុន Alaska Airlines ត្រូវបានផលិតនៅប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុន Spirit AeroSystems គឺជាក្រុមហ៊ុនម៉ៅការបន្តរបស់ក្រុមហ៊ុន Boeing សម្រាប់ផលិតយន្តហោះប្រភេទ 737 MAX 9 ដែលបានដាច់ទ្វារធ្លាក់ពេលកំពុងហោះហើរកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
ប្រធាន NTSB លោកស្រី ចេនីហ្វឺ ហូម៉េនឌី (Jennifer Homendy) បាននិយាយថា ទីភ្នាក់ងារស៊ើបអង្កេតកំពុងពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់ជារួមទាំងមូលតែម្ដងពោលគឺចាប់តាំងពីដំណើរការដឹកជញ្ជូនទ្វារពីម៉ាឡេស៊ីទៅកាន់សហរដ្ឋអាមេរិក ការដឹកជញ្ជូនតាមផ្លូវដែកទៅកាន់រោងចក្រ Boeing នៅទីក្រុងរ៉េនតុន (Renton)រដ្ឋវ៉ាស៊ីនតោននិងការដំឡើងនៅលើតួយន្តហោះក្នុងរោងចក្រផ្ទាល់។
ទន្ទឹមនឹងនេះផងដែរ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក អាន់ថូនី ឡូក (Anthony Loke)បានលើកឡើងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានផ្តល់ជំនួយយ៉ាងយកចិត្តទុកដាក់ដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)។
លោកបានបន្តថា បើទោះជាគន្លឹះទ្វារត្រូវបានផលិតក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ ប៉ុន្តែវាត្រូវបានទទួលស្គាល់ស្តង់ដាគុណភាពដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិករួចទៅហើយ។
លោកបានបញ្ជាក់ថា៖«អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានផ្តល់ជំនួយយ៉ាងសកម្មដល់ FAA បន្ទាប់ពីបានទទួលដំណឹងថា គន្លឹះទ្វារនោះត្រូវបានផលិតនៅប្រទេសម៉ាឡេស៊ី»។ លោកបានបន្តថា «ពួកគេ (FFA) បានលើកឡើងថាពួកគេនឹងស្វែងរកជំនួយពីយើងប្រសិនបើចាំបាច់»។
កាលពីថ្ងៃទី៥ខែមករា ជើងហោះហើរលេខ ១២៨២ របស់ក្រុមហ៊ុន Alaska Airlines បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិផតឡែនដ៍ (Portland) ក្នុងរដ្ឋអូរីហ្គិន (Oregon) ឆ្ពោះទៅទីក្រុងអង់តារីអូ (Ontario)រដ្ឋកាលីហ្វ័រញ៉ា (California)។ ទើបតែហោះបានពាក់កណ្ដាលផ្លូវ គន្លឹះទ្វាររបស់យន្តហោះ Boeing 737 MAX 9 ក៏បានរបូតចេញ បង្កើតបានជាប្រហោង ហើយអ្នកបើកយន្តហោះក៏បានសម្រេចចុះចតជាបន្ទាន់ភ្លាម។
សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី ម៉ារៀកាន់វ៉េល (Maria Cantwell) និងជាប្រធានគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកបានលើកឡើងថា លោកស្រីនឹងបើកសវនាការដោះស្រាយបញ្ហានេះ។ លោកស្រីក៏បានបង្ហាញពីការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យរបស់ FAA ទៅលើក្រុមហ៊ុន Boeing ហើយបានជំរុញឱ្យ FAA ធ្វើសវនកម្មលើបញ្ហាសុវត្ថិភាពរបស់ក្រុមហ៊ុន Boeing ឡើងវិញ។
ព្រឹទ្ធសមាជិកលោក តេដ គ្រូស (Ted Cruz)មកពីគណបក្សសាធារណរដ្ឋ និងជាសមាជិកគណៈកម្មាធិការពាណិជ្ជកម្មបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស៊ើបអង្កេតក្នុងការស្វែងរកមូលហេតុនៃឧប្បត្តិហេតុនេះ ដើម្បីចៀសវាងមិនឱ្យមានការកើតឡើងនៅពេលក្រោយទៀត។
កាលពីថ្ងៃពុធនាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក ដេវ កាលហ៊ន (Dave Calhoun)និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Spirit AeroSystemsលោក ផេត ហ្សាណាហាន់ (Pat Shanahan)បានទៅទស្សនកិច្ចនៅទីតាំងផលិតរបស់ក្រុមហ៊ុន Spirit AeroSystems នៅទីក្រុងវិច្ឆិតា (Wichita)នៅរដ្ឋខេនសាស (Kansas) ដោយផ្ទាល់។
ថ្លែងទៅកាន់កម្មកររោងចក្រ វិស្វករ និងបុគ្គលិកផ្នែកផ្សេងទៀតប្រហែលជា២៧០ នាក់ លោកហ្សាណាហាន់ បានធានាថាក្រុមហ៊ុនSpirit AeroSystemsនឹងអនុវត្តវិធានការផ្លាស់ប្តូរ និងការកែលម្អដើម្បីទទួលបានទំនុកចិត្តពីសាធារណជនឡើងវិញ។
ទន្ទឹមនឹងនោះលោក កាលហ៊ន បានថ្លែងថា ៖ «យើងសូមប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើង មិនមែនត្រឹមតែការនិយាយរបស់យើងនោះទេ ប៉ុន្តែគឺការខិតខំប្រឹងប្រែងរួមគ្នារបស់វិស្វករក្រុមហ៊ុនBoeing និងក្រុមហ៊ុនSpirit AeroSystemsក៏ដូចជាក្រុមការងារផ្នែកមេកានិច និងអធិការកិច្ចជាដើម»។
នាយកប្រតិបត្តិទាំងពីររូបនេះ បានឆ្លើយតបទៅនឹងសំណួរផ្សេងៗរបស់បុគ្គលិក ដោយបានបកស្រាយពីប្រធានបទមួយទៅមួយ ក្នុងនោះរួមមានមេរៀនដែលក្រុមហ៊ុនទាំងពីរអាចរៀនសូត្របានពីឧបទ្ទវហេតុនេះ ដែលអាចនឹងនាំឱ្យមានការផ្លាស់ប្ដូរការរចនាយន្តហោះនាពេលអនាគត។
ថ្មីៗនេះ ក្រុមហ៊ុន Boeing បានតែងតាំងអតីតឧត្តមនាវីឯក លោកខឺឡែនដ៍ ដូណាល់ (Kirkland H Donald)នៃកងទ័ពជើងទឹកអាមេរិកដែលបានចូលនិវត្តន៍ ជាទីប្រឹក្សាផ្តល់យោបល់ដល់នាយកប្រតិបត្តិលើការបង្កើនវិធីសាស្ត្រគ្រប់គ្រងការផលិតប្រកបដោយគុណភាព៕