មាន​សេចក្តីរាយការ​ណ៍​​មួយចំនួន​បានឱ្យ​ដឹង​នៅថ្ងៃអាទិត្យ​នេះ​ថា ​មាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​មួយគ្រឿង​​​​ដែល​ធ្វើដំណើរ​​ពី​ប្រទេស​ឥណ្ឌា​​ទៅកាន់​ទីក្រុង​ម៉ូស្គូ​ប្រទេសរុស្ស៊ី បាន​​ធ្លាក់​​នៅ​ខេត្ត​ Badakhshan ដែលសម្បូរទៅ​ដោយ​ភ្នំ​​ ស្ថិត​ភាគ​ឦសាន្ត​នៃ​ប្រទេសអាហ្វហ្គានីស្ថាន​កាល​ពី​យប់​ថ្ងៃសៅរ៍។ 

​តាមសេចក្តីរាយការណ៍​​របស់​រ៉យទ័រ យន្តហោះ​របស់​ប្រទេសរុស្ស៊ី​នោះដឹក​មនុស្ស​៦​នាក់ បាន​បាត់​ពី​ប្រព័ន្ធ​ ហើយ​អាជ្ញាធរ​​​តំបន់បាន​អះអាង​ពីការ​​​ធ្លាក់​​។​ 

​រ៉យទ័រ​បាន​ដក​ស្រង់​សេចក្តីប្រកាស​របស់អាជ្ញាធរ​រុស្ស៊ី​ថា យន្តហោះ​នោះ​ជា​ប្រភេទ​​យន្តហោះ​សង្គ្រោះ​ ដែល​គេ​ជួល  (charter ambulance) ​ហោះ​ហើ​រពី​ប្រទេស​ឥណ្ឌា​។ 

​ទីភ្នាក់ងារ​ព៏ត៌មានរុស្ស៊ី TASS បាន​ដក​ស្រង់​សេចក្តីរាយការណ៍​របស់​ព័ត៌មានក្នុងប្រទេស​អាហ្វហ្គានីស្ថាន គឺ​ទីភ្នាក់ងារ​ព័ត៌មាន Aamaj ដែល​បាន​រាយការណ៍​ថា​យន្តហោះ​ឥណ្ឌា​មួយគ្រឿង ដែល​ហោះហើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ បាន​ធ្លា​ក់នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ទីភ្នាក់ងារ​នេះ​បាន​និយាយថា យន្តហោះ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​បាន​ធ្លាក់​នៅក្នុង​ខេត្ត Badakhshan ដោយសារតែ​បញ្ហា​បច្ចេកទេស ទីភ្នាក់ងារ​បាន​និយាយ​ដោយ​មិនបាន​បញ្ជាក់​អំពី​ម៉ូ​ដែល​យន្តហោះ និង​ចំនួន​មនុស្ស​​ដែល​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុនោះទេ​។

អ្នកតំណាង​នៃ​ចលនា​តា​លី​បង់ ក្នុង​ខេត្ត Badakhshan បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Khaama ថា​ក្រុម​មួយ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​សម្រាប់​ការស៊ើបអង្កេត​លើ​កាលៈទេសៈ​នៃ​ឧប្បត្តិ​ហេតុនេះ។