ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ ទី​ ២១ ខែមករា ឆ្នាំ​ ២០២៤​ ថា ប្រធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានបង្ហាញ​ពី​ឆន្ទៈ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​នាពេល​ឆាប់ៗ​នេះ​។​

​លោក ពូ​ទីន បានបង្ហាញ​ឆន្ទៈ​នេះ អំឡុង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោកស្រី Choe Son Hui ក្នុងប្រទេស​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ហើយ​បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន សម្រាប់​ការអញ្ជើញ​ឱ្យទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​កាលពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​កាលពី​សប្ដាហ៍​មុន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បានឱ្យដឹងថា រុស្ស៊ី​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ពូ​ទីន ទៅកាន់​ប្រទេស​កូរ៉េខាងជើង តាម​ការអញ្ជើញ​របស់​លោក គីម ជុង​អ៊ុន នឹង​ប្រព្រឹត្តទៅ  «​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​»​ ប៉ុន្តែ លោក​បាន​បន្តថា មិនទាន់មាន​ការឯកភាព​គ្នា​នៅឡើយ​ទេ​លើ​កាលបរិច្ឆេទ​ជាក់លាក់​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​។​

​គេ​មើលឃើញថា វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​កូរ៉េខាងជើង​ក្នុង​រយៈពេល​ជាង ​២​ ទសវត្សរ៍​មកនេះ ខណៈដំណើរ​ទស្សនកិច្ច​របស់លោក ពូ​ទីន ចុងក្រោយ ធ្វើឡើង​នៅ​ឆ្នាំ​ ២០០០ ដោយ​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នាពេលនោះ គឺ​លោក គីម ជុង​អ៊ីល ដែលជា​ឪពុក​របស់លោក គីម ជុង​អ៊ុន​។​

​បើតាម​លោក ប៉េ​ស្កូវ លោក ពូ​ទីន បាន​ទទួលយក​ការអញ្ជើញ​របស់លោក គីម នៅពេល​មេដឹកនាំ​ទាំង​ ២​ បាន​ជួបគ្នា​នៅ​ប្រទេស​រុស្ស៊ី​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។ ប្រសិនបើ​ប្រព្រឹត្តទៅ​មែន​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ពូ​ទីន នឹងធ្វើ​ឡើង​ស្រប​ពេលដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​រវាង​ប្រទេស​ទាំង ​២ ដោយ​សហរដ្ឋអាមេរិក​ក៏ដូចជា​កូរ៉េខាងត្បូង​ចោទ​ទំនាក់ទំនង​ពួក​​គេ​ថា បានធ្វើឱ្យ​កូរ៉េខាងជើង​ផ្តល់​អាវុធ​ឱ្យ​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​នៅ​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ជា​ថ្នូរ​នឹង​ការទទួលបាន​កម្មវិធី​អភិវឌ្ឍន៍​និង​ធ្វើ​ទំនើបកម្ម​សព្វាវុធ​ជាពិសេស​កម្មវិធី​នុយក្លេអ៊ែរ​ពី​រុស្ស៊ី​។​

​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​របស់​កូរ៉េ​ខាង​ជើង KCNA បន្ត​រាយការណ៍​ថា អំឡុង​ទស្សនកិច្ច​របស់លោក​ស្រី Choe កាលពី​សប្ដាហ៍​មុន រុស្ស៊ី​បាន​ថ្លែងអំណរគុណ​ដល់​កូរ៉េខាងជើង ចំពោះ​ការគាំទ្រ និង​សាមគ្គី​ភាព​ជាមួយ​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការ​ឈ្លា​ន​ពាន​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​ហៅថា​ជា «​ប្រតិ​ប​ត្តិ​ការ​យោធា​ពិសេស​»​។

​ជាមួយគ្នានេះ សម​ភាគី​ទាំង​ ២​ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​បង្ក​ហេតុ​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ប្រឆាំងនឹង​សិទ្ធិ​អធិបតេយ្យភាព​របស់​កូរ៉េខាងជើង ខណៈ​មន្ត្រី​ប្រទេស​ទាំង​ ២ ​យល់ព្រម​សហការ​ក្នុងការ​ដោះស្រាយ​ស្ថានភាព​ក្នុង​តំបន់​អាស៊ី​ខាងកើត​នោះ​។​

KCNA បន្តថា កិច្ចសហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​កូរ៉េខាងជើង នឹង​ស្របតាម​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដទៃទៀត​។​

​ការបង្កើន​ទំនាក់ទំនង​រវាង​លោក គីម និង​លោក ពូ​ទីន ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រង​ការ​ថ្កោលទោស​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដែលថា វា​រំលោភ​លើ​សេចក្ដីសម្រេចចិត្ត​ជាច្រើន​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ កូរ៉េខាងជើង​រង​ការចោទប្រកាន់ថា ជួយ​ផ្គត់ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី ខណៈ​រុស្ស៊ី​តែង​និយាយ​ការពារ​ក្រុង​ព្យុងយ៉ាង​លើ​ឆាក​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​៕