​រុស្ស៊ី​និយាយថា សមយុទ្ធ​អ្នកការពារ​ដ៏​រឹងមាំ​របស់​អង្គការ​ណា​តូ (NATO's Steadfast Defender 2024) ដែល​សហ​​ភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹងធ្វើ​ឡើង​ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ បង្ហាញ​ពី​ការវិលត្រឡប់​ទៅកាន់​គម្រោង​សង្គ្រាមត្រជាក់​វិញ​។ សង្គ្រាមត្រជាក់​ដែល​រលាយ​បាត់បង់​ក្រោយ​ការដួលរលំ​នៃ​សហភាពសូវៀត​នៅ​ឆ្នាំ​ ១៩៩១​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Alexander Grushko បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA ក្នុង​សុន្ទរកថា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទំហំ​នៃ​សមយុទ្ធ Steadfast Defender 2024 របស់​អង្គការ​ណា​តូ បង្ហាញ​ពី «​ការ​ត្រឡប់មកវិញ​ដែល​មិនអាច​ដកហូត​បាន​» នៃ​សម្ព័ន្ធភាព​ទៅនឹង​គ្រោងការណ៍​សង្គ្រាមត្រជាក់​។​

​អង្គការ​ណា​តូ​ក្នុង​សប្តាហ៍​មុន​ប្រកាស​ពី​ការចាប់ផ្តើម​សមយុទ្ធ​ដ៏​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាម​ត្រ​ជាក់​ដែល​នឹងមាន​ទាហាន​ប្រ​ហែល​ ៩ ​ម៉ឺន​នាក់​ដោយ​ហាត់​សមពី​របៀប​ដែល​ទាហាន​អាមេរិក​អាច​ពង្រឹង​សម្ព័ន្ធមិត្ត​អឺរ៉ុប​នៅក្នុង​ប្រទេស​ដែលជា​ប់​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ី និង​នៅ​តំបន់​ខាងកើត​របស់​ស​ម្ព័​ន្ធ​មិត្ត​របស់​អង្គការ​ណា​តូ ប្រសិនបើ​ជម្លោះ​នឹង​ផ្ទុះឡើង​ជាមួយ​រុស្ស៊ី​។​

​លោក Grushko បាន​ប្រាប់ RIA ថា​៖«​សមយុទ្ធ​ទាំងនេះ​គឺជា​ធាតុ​មួយ​ផ្សេងទៀត​នៃ​សង្គ្រាម​កូនកាត់​ដែល​បាន​កើតឡើង​ដោយ​លោកខាងលិច​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​»​។​

RIA បាន​ស្រង់​សម្តី ដូច​បាន​និយាយថា​៖«​សមយុទ្ធ​ដល់​កម្រិត​ទ្រង់ទ្រាយ​បែបនេះ បង្ហាញ​ពី​ការវិលត្រឡប់​ចុងក្រោយ និង​មិនអាច​ដក​វិញ​បាន​របស់​ណា​តូ​ចំពោះ​គម្រោង​សង្គ្រាមត្រជាក់ នៅពេលដែល​ដំណើរការ​រៀបចំ​ផែនការ​យោធា ធនធាន និង​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​ត្រូវ​បានរៀបចំ​សម្រាប់​ការប្រឈមមុខ​ជាមួយ​រុស្ស៊ី​»​។​

​អង្គការ​ណា​តូ​មិនបាន​និយាយ​អំពី​ឈ្មោះ​រុស្ស៊ី​ក្នុង​ការប្រកាស​របស់ខ្លួន​នោះទេ​។ ប៉ុន្តែ​ឯកសារ​យុទ្ធសាស្ត្រ​កំពូល​របស់ខ្លួន​កំណត់​រុស្ស៊ី​ថា​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង និង​ផ្ទាល់​បំផុត​ចំពោះ​សន្តិសុខ​របស់​សមាជិក​ណា​តូ​។​

​រុស្ស៊ី​បានចាប់ផ្តើម​ការ​លុកលុយ​ពេញលេញ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ ​២០២២ នៅក្នុង​អ្វីដែល​ទីក្រុង​កៀវ និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​និយាយថា ជាការ​ដណ្តើមយក​ទឹកដី​បែប​ចក្រពត្តិនិយម​ដែល​មិនមាន​ការបង្ក​ហេតុ​។​

​ទីក្រុង​ម៉ូស្គូ និង​ប្រមុខ​ការទូត​របស់ខ្លួន លោក Sergei Lavrov តាំងពី​ពេលនោះ​មក ជារឿយៗ​បាន​ចោទប្រកាន់​«​ក្រុម​លោក​ខាងលិច​រួម​» ថា​ បានធ្វើ «​សង្គ្រាម​កូនកាត់​» ​ប្រឆាំងនឹង​រុស្ស៊ី​»៕