កាសែតបាងកកប៉ុស្ដិ៍ (Bangkok Post) បានចេញផ្សាយកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ថា សមាជិកសភាគណបក្សភឿថៃមកពីខេត្តស៊ីសាកេតជាប់ព្រំដែនខេត្តព្រះវិហារ នឹងស្នើឱ្យនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជជែកជាមួយសមភាគីកម្ពុជាលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ អំពីការបើកច្រកចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ។
ច្រកចូលប្រាសាទបុរាណមួយនេះ ពីស្រុកកន្ទ្រាល័ក (Kantharalak) ខេត្តស៊ីសាកេត បានបិទចាប់តាំងពីឆ្នាំ ២០០៨ ដោយសារការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនរវាងកងទ័ពថៃ និងកម្ពុជា។
លោក ភូមីន លីធីរ៉ាប្រាសឺត (Phumin Leethiraprasert) សមាជិកសភាបក្សភឿថៃមកពីមណ្ឌលទី៤ នៃខេត្តស៊ីសាកេត បានលើកឡើងថា សមាជិកសភានឹងជួបនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃពុធ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីបញ្ហាកម្ពុជា-ថៃ មុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ៧ ខែកុម្ភៈខាងមុខនេះ។
លោកបានលើកឡើងថា សមាជិកសភាគណបក្សភឿថៃ នឹងឆ្លៀតឱកាសនេះ ដើម្បីស្នើសុំលោក ស្រេតថាឱ្យជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាអំពីលទ្ធភាពនៃការបើកផ្លូវទេសចរណ៍ឡើងវិញ នៅតំបន់ប្រាសាទព្រះវិហារ។
លោក ភូមីន បានថ្លែងថា៖ «ការបើកឡើងវិញឬអត់នោះគឺអាស្រ័យលើការពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ។ ខ្ញុំមានសុទិដ្ឋិនិយមថាការបើកទេសចរណ៍ឡើងវិញនៅជិតប្រាសាទនឹងបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដូច្នេះហើយការបើកឡើងវិញគឺទំនងជានឹងអាចទៅរួច»។
កន្លងមកក៏ធ្លាប់មានការព្យាយាមជំរុញឱ្យមានការបើកច្រកចូលទៅកាន់តំបន់សំខាន់ៗផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រឡើងវិញ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស ដឹកនាំដោយសមាជិកសភាបក្សភឿថៃ លោក ណុបផាដុន ប៉ាតាម៉ា (Noppadon Patama) ក៏បានបង្ហាញចំណាប់អារម្មណ៍លើបញ្ហានេះផងដែរ។
កាលពីដើមខែនេះ គណៈកម្មាការខាងលើបានអំពាវនាវឱ្យលោក អានុពង្ស ស៊ូសូមីត (Anupong Suksomnit) អភិបាលខេត្តស៊ីសាកេត និងកងកម្លាំងយោធា ផ្ដល់ជូននូវព័ត៌មានលម្អិតអំពីភាពតានតឹងនៅតាមតំបន់ព្រំដែន។
ក្នុងជំនួបនោះ លោក អានុពង្ស បានលើកឡើងថា អាជ្ញាធរខេត្តក្នុងកិច្ចប្រជុំកាលពីខែវិច្ឆិកាឆ្នាំមុន បានយល់ព្រមរួមគ្នាស្នើឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា សហការគ្នាក្នុងការលើកកម្ពស់ទេសចរណ៍ជុំវិញប្រាសាទ។
យោងតាម លោកអភិបាលខេត្តខាងលើបានឱ្យដឹងថា វិស័យឯកជនកំពុងគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយពួកគេមានគោលបំណងបញ្ចុះបញ្ចូលស្ថាប័នពាណិជ្ជកម្មនានា ឱ្យគាំទ្រដល់ការបើកច្រកចូលនេះ ដើម្បីវិស័យទេសចរណ៍អាចងើបឡើងវិញ។
លោក ណុបផាដុន អតីតរដ្ឋមន្ត្រីការបរទេសក៏បានសម្តែងការគាំទ្រចំពោះការបើកដំណើរការឡើងវិញដោយសង្កត់ធ្ងន់លើសក្តានុពលក្នុងការលើកកម្ពស់ពាណិជ្ជកម្មតាមព្រំដែន ទាក់ទាញការវិនិយោគ និងពង្រឹងការតភ្ជាប់រវាងសហគមន៍នៅមូលដ្ឋាន។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក លោក ឆៃ វ៉ាឆារ៉ូនកេ (Chai Wacharonke) បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី ៧ខែកុម្ភៈ ហើយមេដឹកនាំទាំងពីរទំនងជានឹងជួបជជែកអំពីការរួមគ្នាអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា(Overlapping Claims Area)៕