នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ បេនចាមីន​ ណេតាន់​យ៉ាហ៊ូ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២១ ខែ​មករា​ បាន​ច្រា​ន​​ចោល​​​លក្ខខណ្ឌ​បញ្ចប់​សង្រ្គាម​ និង​ដោះ​លែង​ចំណាប់​ខ្មាំង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់របស់​ប៉ាឡេស្ទីន​​។ នេះ​បើតាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ 

ការ​ច្រាន​ចោល​នេះ​ ធ្វើ​ឡើង​ក្រោយ​ក្រុម​ហាម៉ាស់​ចេញ​របាយការណ៍​​​បញ្ជាក់​​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​៧ខែ​តុលា​ ​​​ហើយ​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​ការ​ឈ្លាន​ពាន​ហ្គាហ្សា​​​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​​​នៅ​​ហ្គាហ្សា​ក្រោម​ស្នា​ដៃ​​​​យោធា​អ៊ីស្រាអែល បាន​កើន​លើស​ ២៥០០០ នាក់​។ ​

លោក ​ណេតាន់យ៉ាហ៊ូបាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​យ៉ាង​ដូច្នេះ​ថា​៖«​​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​របស់​យើង​ ក្រុម​ហាម៉ាស់ទាមទារ​ឱ្យ​​បញ្ចប់​សង្រ្គាម​​ ​​ដក​កង​កម្លាំង​របស់​យើង​ចេញ​ពី​តំបន់​ហ្គាហ្សា​ ​ដោះ​លែង​ឃាតករ​ និង​ជន​ចាប់​រំលោភ​ទាំង​អស់​​​»។ លោក​បន្ថែម​ថា​ លក្ខខណ្ឌ​មួយ​ទៀត​របស់​ក្រុម​ហាម៉ាស់​ គឺ​ទុក​ឱ្យ​ក្រុម​នេះ​នៅ​កាន់​អំណាច​ដដែល​នៅ​តំបន់​ហ្គាហ្សា​។

មេដឹកនាំ​អ៊ីស្រាអែល​ដដែល​​​​បាន​​​អះ​អាង​​​បន្ត​​​​​៖​«​​ខ្ញុំ​​បដិសេធ​​ទាំង​ស្រុង​​នូវ​​លក្ខខណ្ឌ​​​ដែល​ធ្វើ​ឱ្យ​យើង​ចុះ​ចាញ់​ក្រុម​បិសាច​ហាម៉ាស់​»។

ក្រោម​កិច្ច​ព្រម​ព្រៀង​​​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ ដែល​សម្រប​សម្រួល​​ដោយ​សហរដ្ឋ​អាមេរិក​ កាតា ​និង​អេហ្ស៊ីប​ ក្រុម​ហាម៉ាស់​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​ជាង​ ១០០ នាក់​ក្នុង​ចំណោម​ ២៤០ ដែល​ក្រុម​នេះ​ចាប់​យក​ទៅ​​អំឡុង​ថ្ងៃ​វាយ​ប្រហារ​​​ (៧ តុលា​) ​​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​ជាតិ​ប៉ាឡេស្ទីន​ចំនួន​ ២៤០ នាក់​ ដែល​ជាប់​ឃុំ​ខ្លួន​ ក៏ដូច​ជា​គុក​​​នៅ​អ៊ីស្រាអែល​។

​ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​នោះ​បាន​បញ្ចប់​មក​ លោក​ ណេថានយ៉ាហ៊ូ​បាន​ប្រឈម​មុខ​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ ដើម្បី​ធានា​​ថា​​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់ចំនួន​ ១៣៦ នាក់​ ​នឹង​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​។

ទាក់​ទិន​នឹង​ការណ៍​នេះ​ គេ​ឃើញ​មាន​ការ​ទាម​ទារ​ផ្សេង​ៗ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ​ឱ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ចេញ​ចំណាត់​ការ​ថ្មី​ ​និង​​ពន្លឿន​ការ​ចរចា​ជាមួយ​​ក្រុម​ហាម៉ាស់​ជា​ដើម​​។ 

ក្រៅ​ពី​នោះ​​ លោក​ ណេតាន់យ៉ាហ៊ូ ក៏​រង​សម្ពាធ​ផង​ដែរ​​ពាក់​ព័ន្ធ​នឹង​សកម្មភាពយោធា​​​ឃោ​ឃៅ​រ​របស់​​អ៊ីស្រាអែល​​ ​ក្នុង​ការ​សម្លាប់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​។ ​ទោះ​បែប​នេះ​ក្ដី​ នាយករដ្ឋ​មន្រ្តី​​ដដែល​គូស​បញ្ជាក់នូវ​ជំហរ​​រឹង​ទទឹង​របស់​ខ្លួន​​ជា​ថ្មី​​ប្រឆាំង​នឹង​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​ប៉ាឡេស្ទីន​ ដោយ​លើក​​ឡើង​ថា​វា​ជា​​គ្រោះ​ថ្នាក់​សម្រា​ប់​វត្តមាន​នៃ​ប្រជាជាតិ​​អ៊ីស្រាអែល​ ទោះ​បី​ជា​​មាន​ការ​ស្នើរ​សុំ​ពី​លោក​ ចូ​ បៃដិន​ ដែល​ជា​​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ពោល​គឺ​​​​ប្រទេស​សម្ព័ន្ធ​មិត្ត​​ដ៏​ធំ​ក៏​ដោយ​។ 

ប្រតិកម្ម​ទៅ​នឹង​ការ​ច្រាន​ចោល​លក្ខខណ្ឌ​របស់​ក្រុម​ហាម៉ាស់​ពី​​សំណាក់​លោក​ ណេថានយ៉ាហ៊ូ មន្ត្រី​ជាន់​ខ្ពស់​ក្រុម​ហាម៉ាស់​ លោក​ Sami Abu Zuhri​បាន​ប្រាប់​រ៉យទ័រ​ថា​ ការ​បដិសេធ​​បញ្ចប់​​ការ​វាយ​លុក​​យោធា​នៅ​តំបន់​ហ្គាហ្សា​​បាន​ន័យ​ថា ​វា​​គ្មាន​ឱកាស​ដែល​​​​ចំណាប់​ខ្មាំង​​​អ៊ីស្រាអែល​នឹង​មាន​សេរី​ភាព​ឡើង​វិញ​នោះ​ទេ​។

មុន​​លោក​ ណេតាន់យ៉ាហ៊ូ ប្រកាស​ការ​​ច្រាន​ចោល​នេះ​​កាល​ពី​ថ្ងៃ​អាទិត្យ​​ ក្រុម​ហាម៉ាស់​បាន​និយាយ​ក្នុង​របាយការណ៍​សាធារណៈមួយ​​​ ស្ដី​ពី​​ការ​វាយ​ប្រហារ​ថ្ងៃ​០៧ តុលា​ ដោយ​ការពារ​​ទង្វើ​​ភេរវកម្ម​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​។ 

ក្រុម​នេះ​​បាន​អះ​អាង​​ថា​ ខ្លួន​​គ្រោង​​​​​កំណត់​​គោលដៅ​​​លើ​​ទីតាំង​​យោធា​​អ៊ីស្រាអែល​ និង​​ចាប់​​ទាហាន​​ដែល​​​ជា​ចំណាប់​ខ្មាំង​ ​ដើម្បី​​ដាក់​​សម្ពាធ​​ដល់​​អាជ្ញាធរ​​អ៊ីស្រាអែល ​​ឲ្យ​​ដោះ​លែង​​ជន​ជាតិ​​ប៉ាឡេស្ទីន​​រាប់​ពាន់​នាក់​​ដែ​ល​​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​​អ៊ីស្រាអែល​។​ 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​​​បាន​​ជៀស​វាង​ការ​ប៉ះ​ពាល់​​ជន​ស៊ីវិល​ ​ស្រប​តាម​ «ការ​​ប្តេជ្ញា​ចិត្ត​ខាង​សាសនា​ និង​សីលធម៌​» របស់​កង​កម្លាំងហាម៉ាស់​​។ ប៉ុន្តែ​ថា​ «​ប្រសិន​បើ​មាន​ករណី​ណា​មួយ​ដែល​កំ​ណ​ត់​គោលដៅ​ជន​ស៊ីវិល​នោះ​ ​នោះ​​​​​​វា​កើត​​ឡើង​​ដោយ​​ចៃដន្យហើយ​​​»​​ព្រោះ​​​​តែ​​​ការ​​ប្រឈម​​មុខ​​ដាក់​​គ្នា​​ជា​មួយ​​នឹង​​កង​​កម្លាំង​អ៊ីស្រា​អែល​។ ​​

យ៉ាង​ណា​មិញ​ ហាម៉ាស់​​បាន​សារភាព​ក្នុង​របាយការណ៍ដែល​មាន​កម្រាស់​ ១៦ទំព័រ​ ​ដដែល​ ​ថា​ ​«​មាន​កំហុស​មួយ​ចំនួន​បាន​កើត​ឡើង​ ​ដោយ​សារ​តែ​ការ​ដួល​រលំ​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​សន្តិសុខ​ និង​យោធា​របស់​អ៊ីស្រាអែល​ និង​ភាព​ចលាចលដែល​ផ្ទុះ​ឡើង​​​តាម​តំបន់​ព្រំដែន​ក្បែរ​​ហ្គាហ្សា​»​។​​

ប៉ុន្តែ​ ខណៈ​​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​​បញ្ចប់​ «​ការ​ឈ្លាន​ពាន​​» នៅ​ហ្គាហ្សានោះ​​ ក្រុ​មហាម៉ាស់​បាន​និយាយ​ថា​ ​​ខ្លួន​​ត្រូវ​​បោះ​​ជំហាន​ចាំ​បាច់​​ ​ប្រឆាំង​នឹង​ការ​កាន់​កាប់​ទឹក​ដី​ប៉ាឡេស្ទីន​​ ហើយ​វា​​ជា​មធ្យោបាយ​ធានា​ការ​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​​​នៅ​អ៊ីស្រាអែល​មក​វិញ​​។ ​​

នៅ​ថ្ងៃ​ទី៧ ខែ​តុលា​ ឆ្នាំ​មុន​​ ក្រុម​​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីន​ ដែល​ប្រដាប់​ដោយ​អាវុធ​ បាន​ទម្លោះ​ព្រំដែន​​ចូល​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ ដោយ​ចាក់​ និង​បាញ់​​សម្លាប់​ជនស៊ី​វិល​តាម​ផ្លូវ​ដែល​ពួក​គេ​ជួប​ ហើយ​​វាយ​ប្រហារ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​។ ក្រៅ​តែ​ពី​ចាប់​ចំណាប់​ខ្មាំង​​ ការ​វាយ​ប្រហារ​ភេរវកម្ម​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន​​ ១ ១៣៩​ នាក់​ ដែ​លភាគ​ច្រើនជា​​ជន​​ស៊ីវិល​។ ​​

ជា​ការ​សង​សឹក​ អ៊ីស្រាអែល​បាន​ប្ដេជ្ញា​​បោស​សម្អាត​ក្រុម​ហាម៉ាស់​ឱ្យ​បាត់​ស្រមោល តាម​រយៈ​សកម្មភាព​យោ​ធា​ផ្សេង​ៗ​ រួម​ទាំង​ការ​ទម្លាក់​គ្រាប់​បែក​លើ​ផ្ទះ​ប្រជាជន​ ហើយ​អះ​អាង​ថា​ ផ្ទះ​ទាំង​នោះ​ជា​ទី​ជម្រង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​​​។ ​​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ ​សកម្មភាព​យោធា​របស់​អ៊ីស្រាអែល​ ដែល​អ្នក​រិះ​គន់​ចាប់​ទុក​ថា​ជា​ការ​ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​​នោះ បាន​សម្លាប់​មនុស្ស​ជាង​ ២៥ ០០០ រួច​ទៅ​ហើយ​​​។ នេះ​បើ​តាម​អាជ្ញាធរ​ប៉ាឡេស្ទីន​​នៅ​ហ្គាហ្សា​៕