ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ិនហួ បានរាយការណ៍ថា ការរអិលបាក់ដីមួយបានវាយប្រហារនៅតំបន់ដាច់ស្រយាល និងភ្នំនាភាគនិរតីនៃប្រទេសចិន ដោយកប់មនុស្សយ៉ាងហោចណាស់ ៤៧ នាក់ ហើយគេមិនទាន់ដឹងស្លាប់ ឬរស់នៅឡើយ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ដោយស្រង់ព័ត៌មានអាជ្ញាធរប្រចាំតំបន់ ដែលនិយាយថា គ្រោះធម្មជាតិនេះបានកើតឡើងនៅពេលព្រឹកមុនថ្ងៃរះ ក្នុងស្រុក Zhenxiong នៃខេត្តយូណាន ខណៈទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ផ្ទះចំនួន ១៨ ខ្នងដែលមានមនុស្សរស់នៅ ៤៧ នាក់ ត្រូវកប់ក្នុងដី ហើយមនុស្សជាង ២០០ នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ពីតំបន់កើតហេតុ។
គិតត្រឹមល្ងាចថ្ងៃចន្ទនេះ អាជ្ញាធររកឃើញសាកសពមនុស្ស២នាក់ ពីក្នុងចំណោមមនុស្សទាំង ៤៧ នាក់ដែលបាត់ខ្លួន ខណៈភ្នាក់ងារជួយសង្គ្រោះកំពុងប្រញាប់ដៃប្រញាប់ជើងស្វែងរកជនរងគ្រោះ រួមទាំងអ្នកដែលជាប់ក្នុងគំនរអាគារបាក់រលំ។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានជំរុញឱ្យមានការរុះរាន់ក្នុងប្រតិបត្តិការជួយសង្រ្គោះ ហើយបានបន្ថែមថាវា«ចាំបាច់ដើម្បីដោះស្រាយឱ្យបានត្រឹមត្រូវ នូវការងារនៃការសម្រាលទុក្ខគ្រួសារនៃអ្នកស្លាប់ និងការតាំងទីលំនៅថ្មីរបស់ប្រជាជនដែលរងផលប៉ះពាល់»។
ការរអិលបាក់ដីតែងកើតមានជារឿយៗនៅក្នុងខេត្តយូណាន ដែលជាតំបន់ឆ្ងាយដាច់ស្រយាលរបស់ចិន មានជួរភ្នំដ៏ចោតៗទល់នឹងខ្ពង់រាបហិមាល័យ។ យ៉ាងណាមិញ អ្នកជំនាញមិនទាន់អាចពន្យល់ជាផ្លូវការភ្លាមៗអំពីមូលហេតុដែលធ្វើឱ្យរអិលបាក់ដីនៅរដូវរងានេះទេ។
គ្រោះមហន្តរាយនាថ្ងៃចន្ទដដែល កើតឡើងក្នុងតំបន់ជនបទមួយ ដែលហ៊ុំព័ទ្ធដោយកំពូលភ្នំខ្ពស់ៗ គ្របដណ្ដប់ដោយព្រិលនារដូវរងា។ ទិន្នន័យអាកាសធាតុបានបង្ហាញថា សីតុណ្ហភាពក្នុងស្រុកកើតហេតុ Zhenxiong បានធ្លាក់ចុះរហូតដល់ដក (–)៤ អង្សាសេនៅព្រឹកថ្ងៃចន្ទ។
គេមើលឃើញថា ប្រទេសចិនបានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិញឹកញាប់ជាបន្តបន្ទាប់គ្នា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែបាតុភូមិធាតុអាកាស ដូចជាព្យុះស៊ីក្លូនជាដើម។
កាលពីខែកញ្ញាព្យុះភ្លៀងនៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី បានបង្កឱ្យមានការបាក់ដីភ្នំ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៧ នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះមហន្តរាយស្រដៀងគ្នានៅជិតទីក្រុង Xi'an ភាគខាងជើងកាលពីខែសីហា ដែលបណ្តាលឱ្យមនុស្សជាង២០ នាក់បាត់បង់ជីវិត៕